អាជ្ញាធរ​,​សមត្ថកិច្ច​ត្រូវ​ចុះ​ត្រួតពិនិត្យ​បង្ក្រាប​ការប្រើប្រាស់​គ្រឿងញៀន​នៅ​តំបន់​ស្មុកស្មាញ​ដូចជា​កន្លែង​សប្បាយភាព​

957
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា​៖​បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​ធំ ដូច្នេះ​សង្កាត់​ទាំង​១០៥ និង​ខណ្ឌ​ទាំង​១២ សហការ​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវធ្វើ​ការចុះ​ត្រួតពិនិត្យ​បង្ក្រាប​ការប្រើប្រាស់​គ្រឿងញៀន​នៅ​តំបន់​ស្មុកស្មាញ​និង​តំបន់​ដែល​យើង​មិន​ធ្លាប់​ចុះទៅ​ដល់​ហើយ​បើ​ចូល​មិន​ចុះបង្ក្រាប​មិនបាន​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ​វិញ​ដើម្បី​ចាត់ការ​បន្ត​។​
​លោក​អភិបាល​រាជធានី​បាន​បញ្ជាក់ថា​៖​គ្មាន​រឿង​អ្វី​ក៏​យើង​អាចធ្វើ​បានដែរ សំខាន់​ឱ្យតែ​យើង​តាំងចិត្ត​ធ្វើ ។ បទល្មើស​នានា​គឺ​វា​កើតចេញពី​បញ្ហា​គ្រឿងញៀន​នេះឯង បើ​យើង​បង្ក្រាប​គ្រឿងញៀន​បាន នោះ​បទល្មើស​ផ្សេងៗ​ទៀត​ក៏​ត្រូវបាន​កាត់បន្ថយ​ធ្វើឱ្យ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​ដែរ​។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​បែបនេះ​ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធប្រឆាំង​ញៀន នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២០ កញ្ញា​២០១៨​នេះ ដោយមាន​ការចូលរួម​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ​ម៉ក់ ជី​តូ អគ្គស្នងការ​ង​នរគ​បាល​ជាតិ និង​លោកនាយ​ឧ​ត្ត​ម​សេនីយ​មាស វិ​រិ​ទ្ធ អគ្គលេខាធិការដ្ឋាន​ប្រយុទ្ធប្រឆាំង​ញៀន អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់​ចំណុះ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​ព្រមទាំង​ចៅសង្កាត់​ទាំង​១០៥ លោក​អភិបាលខណ្ឌ​ទាំង​១២ ។​
​ក្នុងឱកាស​នោះ​លោក​អភិបាល​រាជធានី​ក៏បាន​ជំ​រុញឱ្យ​សង្កាត់​ទាំង​១០៥ ខណ្ឌ​ទាំង​១២ អនុវត្តតាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​អោយបាន​ល្អ​។ លោក​បន្តថា ប្រទេស​កម្ពុជា​រីកចំរើន​គឺ​ពឺ​ង​លើ​ធនធានមនុស្ស ហើយ​បើ​ធនធានមនុស្ស​ក្លាយជា​មនុស្ស​ញៀន​ថ្នាំ តើ​យើង​ធ្វើ​ម៉េច​ឱ្យ ប្រទេស​កម្ពុជា​រីកចំរើន ជឿនលឿន​ទៅបាន​នោះ ។​លោក ឃួ​ង ស្រេង​បន្តទៀតថា​៖ ជា​ទិសដៅ​ខាងមុខនេះ​ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ យើង​នឹង​បើក​វេទិកាសាធារណៈ ជាមួយ​ខណ្ឌ​ទាំង​១២ ដើម្បី​បំរើ​ប្រជាពលរដ្ឋ​ឱ្យចំ​គោលដៅ​ដែល​ប្រជាពលរដ្ឋ​ចង់បាន ដោយ​លោក​បន្ថែមថា មកដល់​ម៉ោង​នេះ​គឺ​ដល់​ពេលដែល​ត្រូវ​បំរើ​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេល​និង​មាន​ប្រសិទ្ធភាព​ហើយ​។​លោក​អភិបាល​រំលឹក​បែបនេះ​ស្រប​ពេលដែល​នៅ​រាជធានី​ភ្នំពេញ​ក៏ដូចជា​នៅ​ទូទាំងប្រទេស​កម្ពុជា បញ្ហា​គ្រឿងញៀន​នៅតែ​ជា​បញ្ហា​ស្មុកស្មាញ​នូវឡើយ​នោះ សមត្ថកិច្ច​គ្រប់​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​យកចិត្តទុកដាក់​ណាស់ ក្នុងការ​ប្រយុទ្ធប្រឆាំង​លើ​បញ្ហា​គ្រឿងញៀន​នេះ ដោយបាន​ដាក់ចេញ​ជា​ផែនការ​សកម្មភាព​ជាប​ន្ត​បន្ទាប់​ផងដែរ ។
​ជាក់ស្តែង​សម្រាប់​ពេលនេះ​ពាក់​ព័​ន្អ​នឹង ការប្រយុទ្ធប្រឆាំង​លើ​បញ្ហា​គ្រឿងញៀន​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ចម្រុះ​នឹង​ចុះ​ត្រួតពិនិត្យ​លើ​បញ្ហា​ជួញដូរ​និង​ការប្រើប្រាស់​គ្រឿងញៀន នៅតាម​កន្លែង​សប្បាយភាព​ប្រមាណ​១០​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ ខណៈដែល​ទីតាំង​ទាំងនោះ សមត្ថកិច្ច​និង​អាជ្ញាធរ​ចូល​មិនទាន់​ដល់​នូវឡើយ​នោះ​។​
​ក្នុង​ពិធី​នោះ​នាយ​ឧ​ត្ត​ម​សេនីយ៍​មាស វិ​រិ​ទ្ធ អគ្គលេខាធិការដ្ឋាន​ប្រយុទ្ធប្រឆាំង​ញៀន បាន​មានប្រសាសន៍​លើកឡើងថា ការបង្កើតឱ្យមាន​កិច្ចប្រជុំ​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ដើម្បីឱ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​អនុវត្ត​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឱ្យ​កាន់តែ​ល្អប្រសើរ​ទៅតាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង សំដៅ​ធ្វើយ៉ាងណា​រក្សា​បរិស្ថាន​ស​ន្តិ​សុខ​អោយបាន​ល្អប្រសើរ​នៅក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងនោះ​ក៏មាន​ការណែនាំ​មិនឱ្យ​មានការ​នាំចូល​នូវ​រុក្ខជាតិ​ញៀន​ចូលមកក្នុង​រាជធានី​ក៏ដូចជា​ចូលមក​ប្រទេស​កម្ពុជា​ផងដែរ​។​នាយ​ឧ​ត្ត​ម​សេនីយ៍​ក៏បាន​ស្នើឱ្យ​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​ទាំងអស់ ត្រូវតែ​ពង្រឹង​មូលដ្ឋាន​របស់ខ្លួន​ឡើងវិញ ដោយហេតុថា គ្រឿងញៀន​វា​បាន​ហូរ​ទៅដល់​មូលដ្ឋាន​ភូមិ ទៅហើយ​។ ការទប់ស្កាត់​ការប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន ដែល​យើង​មិនទាន់​ចូលទៅ​ដល់ ពិសេស​ក្លឹប​កំសាន្ត​និង​ទីកន្លែង​សប្បាយភាព ដោយ​យើង​បាន​កំណាត់​ទីតាំង​ចំនួន​១០​កន្លែង​រួចហើយ ដើម្បី​ធ្វើ​ការងារ​នេះ ។ យើង​បានដាក់​ទៅឱ្យ​អាជ្ញាធរ ខណ្ឌ សង្កាត់ តែបើ​ធ្វើ​មិនបាន​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​រាជធានី​ដើម្បី​ចាត់តាំង​អនុវត្ត​ការងារ​នេះ​បន្ត​។
​លោក​បន្តទៀតថា​៖ មូលដ្ឋាន​អាជីវកម្ម ងាយ​នឹង​កើត​បទល្មើស​ណាស់ ដូច្នេះ​យើង​ត្រូវ​ចុះទៅ​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​អាជីវកម្ម​លើ​បញ្ហា​គ្រឿងញៀន​នេះ ហើយ យើង​ក៏​នឹងធ្វើ​ការបិទ​សេចក្តីប្រកាស​ចំនួន​២៣៩៨​កន្លែង​ផងដែរ ដែលមាន​ទាំង ផ្ទះសំណាក់​និង​ខុន​ដូរ​។ ការចាប់​ពិនិត្យមើល​ទឹកនោម ចំពោះ​ប្រើប្រាស់​ថ្នាំ​គ្រវី នៅតាម​ក្លឹប ។ ការងារ​នេះ​ភ្នំពេញ​ត្រូវបាន​សម្រេច​ជា​គំរូ​មុនគេ បន្ទាប់មក​ក្រុងព្រះសីហនុ និង​សៀមរាប បើ​មាន​បញ្ហា​នៅ​កន្លែង​ណា​អាជ្ញាធរ​នៅ​ទីនោះ​ជា​អ្នកទទួលខុសត្រូវ​។ បើ​ទីតាំង​ណា​ធ្វើ​ខុសពី​ការណែនាំ​យើង​មាន​សិទ្ធិ​ក្នុង​ការបិទ​ទីតាំង​នោះ​តែម្តង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម