ក្រុម​អតីត​សិស្ស​វិទ្យាល័យ​សម្តេច ហ៊ុន សែន ពាមជីកង គ្រោង​ជួបជុំគ្នា រំលឹក​គុណគ្រូ​លើក​ទី​៦ នៅ​ចុងខែ​កញ្ញា​នេះ​

1455
ចែករម្លែក

​ដោយ​: ទេព មង្គល / ភ្នំពេញ​: ក្រុម​អតីត​សិស្ស នៃ​វិទ្យាល័យ​សម្តេច​ហ៊ុន សែន ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម គ្រោង​ជួបជុំគ្នា រំលឹក​គុណគ្រូ និង​ធ្វើបុណ្យ​ដាក់​បិណ្ឌ​រួមគ្នា ជា​លើក​ទី​៦ នៅ​ចុងខែ​កញ្ញា​នេះ ដើម្បី​បង្ហាញ​ពី​ការ​រឹតចំណង​មិត្តភាព រវាង​អតីត​សិស្ស​រួម​ជំនាន់ និង​ជំនាន់​ផ្សេងៗ​គ្នា ពិសេស​សម្តែង​ការដឹងគុណ ចំពោះ​លោកគ្រូ អ្នកគ្រូ ដែល​បាន​បង្ហាត់បង្រៀន កន្លងមក​។​

​លោក គិត ឆៃ​អ៊ី​ម អតីត​សិស្ស​វិទ្យាល័យ​សម្តេច ហ៊ុន សែន ពាមជីកង ជំនា​ន់ទី​៣ និង​ជាម​ន្ត្រី​បំរើកា​រងារ នៅ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​រស្មី​កម្ពុជា​ថា កម្មវិធី​បុណ្យ​ដាក់​បិណ្ឌ សាមគ្គី​រួមគ្នា​នេះ នឹង​ប្រព្រឹត្តិ​ទៅ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ខាងមុខនេះ នៅ​វត្ត​ពាមជីកង ដោយមាន​ការចូលរួម​ពី ក្រុម​អតីត​សិស្ស នៃ​វិទ្យាល័យ​សម្តេច ហ៊ុន សែន ពាមជីកង ពី​ជំនា​ន់ទី​១ ដល់​ជំនា​ន់ទី​៦ ប្រមាណ​ជាង ២៣០ នាក់​។ បន្ទាប់មក មានកម្ម​វិធី​រំលឹក​គុណគ្រូ លើក​ទី​៦ ដោយមាន​រៀបចំ ពិធី​ពិសា​បាយ​សាមគ្គី មិត្តភាព កងមាស នឹងធ្វើ​នៅ​គេហដ្ឋាន របស់លោក​ស្រី អ៊ុយ ណា​លីន ស្ថិតនៅ​ភូមិ​-​ឃុំ​-​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម ចាប់ពី​ម៉ោង ១០ ព្រឹក រហូតដល់​ល្ងាច នា​ថ្ងៃ​ដដែល​នោះ​។​

​លោក​បាន​បញ្ជាក់ថា កម្មវិធី​នេះ គឺជា​ឱកាស​សំដែង​នូវ ការដឹងគុណ ដល់​លោកគ្រូ អ្នកគ្រូ ដែល​បានផ្តល់​ចំណេះដឹង និង​ដំបូន្មាន​ល្អៗ កន្លងមក ហើយ​ជាពិសេស ក៏មាន​គោលបំណង ស្វែងរក​ជំនួយ និង​ការឧបត្ថម្ភ​ពី សប្បុរសជន​នានា ដែលជា​អតីត​សិស្ស វិទ្យាល័យ​សម្តេច ហ៊ុន សែន ពាមជីកង ដើម្បី​ជួយ​កសាង និង​ជួសជុល​សាលា និង​ជួយ​កសាង​សមិទ្ធផល​វត្ត និង​ជួយ​ដល់​លោកគ្រូ អ្នកគ្រូ ដែល​កំពុង​ជួប​ការខ្វះខាត​។​

​ចំណែក​លោក ហុក សិទ្ធិ អតីត​សិស្ស​វិទ្យាល័យ​សម្តេច ហ៊ុន សែន ពាមជីកង ជំនា​ន់ទី​២ និង​ជា​ប្រធាន​អង្គការ​ស៊ី​ប៉ា ក៏បាន​គាំទ្រ​ឲ្យ​មានការ​ប្រារព្ធ កម្មវិធី​ជួបជុំ​នេះ ឱ្យ​បានជា​រៀងរាល់ឆ្នាំ ដើម្បី​មានឱកាស រំលឹក​គុណ​លោកគ្រូ អ្នកគ្រូ​ផង និង​ជួបជុំគ្នា បង្ហាញ​ពី​ការ​នឹករលឹក​គ្នា ទៅវិញទៅមក រួមទាំង​ការធ្វើ​បុណ្យ រួមគ្នា​ជាដើម​។

​សូមបញ្ជាក់ថា មកដល់ពេលនេះ ក្រុម​អតីត​សិស្ស​វិទ្យាល័យ​សម្តេច ហ៊ុន សែន ពាមជីកង បាន​បង្កើត​កម្មវិធី​រំលឹក​គុណគ្រូ និង​ធ្វើបុណ្យ​ដាក់​បិណ្ឌ​រួមគ្នា បាន​ចំនួន ៥ លើក រួចមកហើយ ចាប់តាំងពី​ឆ្នាំ​២០១០ មក ហើយ​សម្រាប់​ឆ្នាំ​២០១៨​នេះ គឺជា​លើក​ទី​៦ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨៕

ទីតាំងផ្សាយពាណិជ្ជកម្ម