អាមេរិក​ដាក់ទណ្ឌកម្ម​ស្ថាប័ន​យោធា​ចិន​មួយ​សម្រាប់​ការទិញ​យន្តហោះ​និង​មី​ស៊ី​ល​របស់​រុស្ស៊ី​

835
ចែករម្លែក

​សហរដ្ឋអាមេរិក​បាន​ពង្រីក​ការដាក់ទណ្ឌកម្ម​របស់​ខ្លួន​ប្រឆាំងនឹង​រុស្ស៊ី​រហូតដល់​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​កញ្ញា ដោយ​ប្រកាស​ពី​វិធានការ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ស្ថាប័ន​យោធា​ចិន​សម្រាប់​ការទិញ​យន្ដហោះ​ចម្បាំង​និង​មី​ស៊ី​ល​របស់​រុស្ស៊ី​។​

​ដោយ​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ជុំវិញ “​សកម្មភាព​អាក្រក់​” របស់ខ្លួន ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយថា ខ្លួន​កំពុង​ដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ​លើ​នាយកដ្ឋាន​អភិវឌ្ឍន៍​គ្រឿង​បរិក្ខា​នៃ​ក្រសួងការពារជាតិ​ចិន និង​អ្នកគ្រប់គ្រង​កំពូល​របស់​ស្ថាប័ន​នេះ​ចំពោះ​ការទិញ​យន្តហោះ​ចម្បាំង Sukhoi Su-35 និង​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស S-400 របស់​រុស្ស៊ី​នាពេល​ថ្មីៗ​នេះ​។​

​ក្រុមមន្ត្រី​បាន​និយាយថា វា​ជា​លើក​ទី ១ ហើយ​ដែល​ប្រទេស​ទី ៣ ត្រូវបាន​ដាក់ទណ្ឌកម្ម​ក្រោម​ច្បាប់​ទណ្ឌកម្ម CAATSA ដើម្បី​ដោះស្រាយ​ជាមួយ​ប្រទេស​រុស្ស៊ី ហើយ​បានបង្ហាញ​ពី​ឆន្ទៈ​របស់​រដ្ឋបាល​ត្រាំ​ក្នុងការ​ប្រថុយ​ដាច់​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត​នៅក្នុង​យុទ្ធនាការ​របស់ខ្លួន​ប្រឆាំងនឹង​ទីក្រុង​មូ​ស្គូ​។​

​ពួកគេ​ក៏បាន​និយាយ​ផងដែរ​ថា​អាមេរិក​អាច​នឹង​ចាត់វិធានការ​ស្រដៀង​គ្នា​នេះ​ប្រឆាំងនឹង​ប្រទេស​ដទៃទៀត​ដែល​កំពុង​នាំចូល​យន្ដហោះ​ចម្បាំង​និង​មី​ស៊ី​ល​របស់​រុស្ស៊ី​។ បច្ចុប្បន្ន តួ​ក​គី​ដែលជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​កំពុង​ចរចា​ជាមួយ​មូ​ស្គូ​អំពី​កិច្ចព្រមព្រៀង​ទិញ​មី​ស៊ី​ល S400 ។​

​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ប្រាប់​អ្នកកាសែត​ថា “​គោលដៅ​ចុងក្រោយ​នៃ​ទណ្ឌកម្ម​ទាំងនេះ​គឺ​ប្រទេស​រុស្ស៊ី​។ ច្បាប់​ទណ្ឌកម្ម CAATSA នៅក្នុង​បរិបទ​នេះ​មិន​មានបំណង​ធ្វើឱ្យប៉ះពាល់​ដល់​សមត្ថភាព​ការពារ​របស់​ប្រទេស​ណាមួយ​នោះទេ​។ ពួកវា​គឺ​សំដៅ​បង្ក​ការខាតបង់​លើ​ប្រទេស​រុស្ស៊ី​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​អាក្រក់​របស់​រុស្ស៊ី​”​។​

​ច្បាប់ CAATSA ឬ ច្បាប់​ប្រឆាំងនឹង​សត្រូវ​របស់​អាមេរិក​តា​មរយៈ​ការដាក់ទណ្ឌកម្ម ត្រូវបាន​អនុម័ត​នៅ​ឆ្នាំ ២០១៧ ជា​ឧបករណ៍​មួយ​ដែល​ផ្តល់ឱ្យ​រដ្ឋបាល​ត្រាំ​នូវ​មធ្យោបាយ​បន្ថែមទៀត​ដើម្បី​កំណត់​គោលដៅ​ទៅលើ​រុស្ស៊ី អ៊ីរ៉ង់ និង កូរ៉េខាងជើង​ដោយ​ដាក់ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច​និង​នយោបាយ​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ចម្បាំង​រុស្ស៊ី Sukhoi Su-35

ទីតាំងផ្សាយពាណិជ្ជកម្ម