អង់គ្លេស​និង​បារាំង​បញ្ជូន​យន្តហោះ​ចម្បាំង​យ៉ាង​ប្រញាប់ប្រញាល់​ទៅ​ស្កាត់​ហ្វូង​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​នៅ​សមុទ្រ​ខាងជើង​

1307
ចែករម្លែក

​ការបង្ហាញ​កម្លាំង​មិនបាន​ប្រកាស​ជាមុន​ដោយ​រុស្ស៊ី​បានធ្វើឱ្យ​អង់គ្លេស​និង​បារាំង​អន់ចិត្ត​ជាខ្លាំង ជាមួយ​ប្រទេស​ទាំង​២​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចេញទៅ​យ៉ាង​ប្រញាប់ប្រញាល់​ដើម្បី​សង្កេតមើល​ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ដ៏​មាន​ឥទ្ធិពល​របស់​រុស្ស៊ី​ហោះ​នៅលើ​សមុទ្រ​ខាងជើង​។​

​ផលប្រយោជន៍​របស់​អង្គការ​ណា​តូ​ត្រូវបាន​រង​ផលប៉ះពាល់ នៅពេលដែល​រ៉ា​ដា​បាន​រកឃើញ​ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដ៏​ធំ​ខុស​ប្រក្រតី​នេះ​ហោះ​ចេញពី​តំបន់​ភាគ​ឦសាន​របស់​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២០ កញ្ញា​។​

​ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែក​នេះ​រួមមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​លឿន​ជាង​សំឡេង​ធុន​ធំ​ជាច្រើន​គ្រឿង​ដែល​ហោះ​អមដំណើរ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ឈ្លបយកការណ៍​រយៈ​ចម្ងាយ​ឆ្ងាយ​ធុន Tu-95 ចំនួន ៣ គ្រឿង​។ យន្តហោះ​ដឹក​ប្រេង​ជាច្រើន​គ្រឿង​បាន​អមដំណើរ​ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែក​នេះ​អំឡុងពេល​ហោះហើរ​ផ្លូវ​ឆ្ងាយ​។​

​កង​យន្តហោះ​នេះ​ត្រូវបាន​គេ​តាមដាន​ឃើញ​ឆ្លងកាត់​ភាគ​ខាងជើង​នៃ​ក្រុម​ប្រទេស​ស្កែ​ន​ដា​ណេ​វៀ (Scandanavia) និង​ហោះ​កាច់​ចុះមក​ឆ្នេរ​របស់​ន័​រ​វែ​ស​ឆ្ពោះទៅកាន់​សមុទ្រ​ខាងជើង និង​ចក្រភព​អង់គ្លេស​។​

​ជាទូទៅ ចក្រភព​អង់គ្លេស​គឺជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការហោះ​ស្កាត់ “​យន្តហោះ​ស៊ើបការណ៍​” របស់​រុស្ស៊ី ដែល​ហោះ​នៅលើ​សមុទ្រ​ខាងជើង​។ ដូច្នេះ​វត្តមាន​យន្តហោះ​ចម្បាំង​របស់​បារាំង​គឺជា​រឿង​ខុសពី​ប្រក្រតី​។​

​យោងតាម​ក្រសួងការពារជាតិ​ចក្រភព​អង់គ្លេស​បានឱ្យដឹងថា យន្តហោះ​ទម្លាក់​គ្រាប់បែក​២​គ្រឿង​របស់​រុស្ស៊ី​បាន​បំបែក​ចេញពី​ហ្វូង ហោះ​សំដៅ​មក​ដែនអាកាស​អង់គ្លេស​។​

​សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយថា “​យន្តហោះ​ទម្លាក់​គ្រាប់បែក​រយៈ​ចម្ងាយ​ឆ្ងាយ​ធុន Blackjack របស់​រុស្ស៊ី មិនបាន​និយាយ​ទៅកាន់​មណ្ឌល​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស​ទេ ជាហេតុ​ធ្វើឱ្យ​យន្តហោះ​ទាំង​២​នេះ​ក្លាយជា​គ្រោះថ្នាក់​ចំពោះ​អាកាសចរណ៍​ផ្សេងទៀត​”​។​

​លោក​វរសេនីយ៍ឯក ស៊ី​រី​ល ឌុយ​វី​វី​យ៉េ អ្នកនាំពាក្យ​របស់​កង​ទ័ពអាកាស​បារាំង​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា យន្តហោះ​រុស្ស៊ី​ជាច្រើន​ត្រូវបាន​គេ​រកឃើញ ប៉ុន្តែ​សកម្មភាព​របស់​ពួកគេ​ពុំមាន​អរិភាព​ទេ នៅពេល​ហោះ​ស្កាត់​បាន​។​

​លោក​ឌុយ​វី​វី​យ៉េ​បាន​និយាយថា “​យន្ដការ​ឆ្លើយតប​ជាធម្មតា​ត្រូវបាន​ធ្វើឡើង : យន្តហោះ​ចម្បាំង Rafale បានចេញ​ដំណើរ​នៅ​ព្រឹក​ព្រលឹម​ពី​មូលដ្ឋាន Saint-Dizier ជាមួយនឹង​យន្ដហោះ​ចាក់​ប្រេង​មួយគ្រឿង ហើយ​បានដាក់​ពួកវា​នៅ​ទីតាំង​មួយ​សម្រាប់ធ្វើ​អន្តរាគមន៍​តាម​ដែល​អាចធ្វើ​ទៅបាន​”៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ចម្បាំង​របស់​អង់គ្លេស​និង​បារាំង​ចេញទៅ​ស្កាត់​ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​សមុទ្រ​ខាងជើង

ទីតាំងផ្សាយពាណិជ្ជកម្ម