​ហេតុអ្វី​បានជា​ត្រូវ​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ភូមិ​នៅក្នុង​ប្រទេស​កម្ពុជា​?

12616
ចែករម្លែក
  • 11
    Shares

​ដោយ​: អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញ​: នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​មនុស្សជាតិ​ស្គាល់​ថា របប​ខ្មែរក្រហម ដឹកនាំ​ដោយ ប៉ុល ពត បាន​ឡើង​គ្រប់គ្រង​អំណាច​នៅក្នុង​ប្រទេស​កម្ពុជា​។ របប​នេះ បាន​បណ្តាល​ឲ្យ​ប្រជាជន​ប្រហែល​២​លាន​បាន​ស្លាប់ និង​បាន​បន្សល់ទុក​រឿងរ៉ាវ​ឈឺចាប់ ព្រមទាំង​ផ្តល់​ផល​លំបាក​ជាច្រើន​ដល់​អ្នក​រស់រានមានជីវិត ប្រឈមមុខ​ជាមួយ​អតីតកាល​ដ៏​ឃោរឃៅ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។ ប្រទេស​កម្ពុជា​បានក្លាយ​ជា​វាលពិឃាត និង​ជាទី​តាំង​ប្រល័យពូជសាសន៍ ដែល​ប្រព្រឹត្តឡើង​ដោយ​ក្រុមខ្មែរក្រហម​។ រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្នុង​របប​ខ្មែរក្រហម បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកស្រាវជ្រាវ​បរទេស និង​ជនជាតិខ្មែរ​ជាច្រើន​នាក់ ឲ្យ​ធ្វើការ​សិក្សា និង​វិភាគ​អំពី​ទិដ្ឋភាព​ផ្សេងៗ​នៃ​របប​ខ្មែរក្រហម ដោយ​គ្របដណ្តប់​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ទាំងមូល រួមទាំង​ផ្នែក​នយោបាយ និង​អំពើហិង្សា​។

​ខណៈពេលដែល​រឿងរ៉ាវ​នៅក្នុង​របប​ខ្មែរក្រហម គឺជា​ប្រធានបទ​ដ៏​សំខាន់​ដែល​អ្នកសិក្សា​ស្រាវជ្រាវ​បាន​សិក្សា​ស្វែងយល់​លើ​ការរំលោភ​សិទ្ធិមនុស្ស នយោបាយ ក៏ដូចជា​អំពើហិង្សា ជារឿយៗ​អ្នកស្រាវជ្រាវ​តែងតែ​មិនសូវ​អើពើ​លើ​បញ្ហា​ដោយ​សិក្សា​ឲ្យ​បាន​លម្អិត​ទៅលើ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅតាម​ភូមិ ក្នុងប្រទេស​កម្ពុជា​ថា តើ​ភូមិ​នោះបាន​ជួបប្រទះ​នូវ​បញ្ហា​អ្វីខ្លះ​មុន​របប​ខ្មែរក្រហម ក្នុងកំឡុងពេល​របប​ខ្មែរក្រហម និង​ក្រោយ​របប​ខ្មែរក្រហម​? តើ​ប្រជាជន​ដែល​នៅ​រស់រានមានជីវិត​បា​ន​ឆ្លងកាត់​នូវ​រឿងរ៉ាវ​អ្វីខ្លះ និង​បាន​ជួបប្រទះ​ព្រឹត្តិការណ៍​ជាក់លាក់​ដែល​បាន​កើតឡើង​នៅក្នុង​សង្គម ដូចជា វប្បធម៌ ភូមិសាស្ត្រ បរិបទ​នយោបាយ និង​សាសនា​ដូចម្តេចខ្លះ​?

​ប្រវត្តិសាស្ត្រ​ភូមិ គឺជា​ដំណើរការ​នៃ​ការប្រមូល ចងក្រង និង​ថែរក្សា​នូវ​ព័ត៌មាន​ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ តាមរយៈ​ការសម្ភាសន៍​ដោយបាន​កត់ត្រា​ពី​ព្រឹត្តិការណ៍​ក្នុង​អតីតកាល និង​បច្ចុប្បន្នកាល សម្រាប់​ទិសដៅ​អភិវឌ្ឍន៍​ការចងចាំ​នាពេល​បច្ចុប្បន្នកាល​ទៅ​អនាគតកាល​។ លើសពីនេះ ប្រវត្តិសាស្ត្រ​ភូមិ ក៏​ជា​ផ្នែក​មួយ​នៃ “​ទឹកដី​នៃ​ការផ្សះផ្សា​” ដែលជា​ទស្សនៈវិស័យ​ដ៏​វែងឆ្ងាយ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្នុងការ​នាំយក​ទឹកដី​ប្រទេស​កម្ពុជា​ទៅដល់​គោលដៅ​នៃ​ការកសាង​សន្តិភាព ការផ្សះផ្សា និង​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​។
​ការសិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​ភូមិ​នៅក្នុង​ប្រទេស​កម្ពុជា​គឺមាន​គោលបំណង​សំខាន់ៗ​មួយចំនួន ដូចជា ១) បង្កើតជា​គណៈកម្មការ​ស្វែងរក​ការពិត និង​ការផ្សះផ្សា​មួយ​នៅ​កម្ពុជា ២) បង្ហាញ​ពី​យន្តការ​យុត្តិធម៌​អន្តរកាល​ផ្សេងៗ​ទៀត ៣) បង្កើត​ការចងចាំ​ជា​មូលដ្ឋាន ៤) បណ្តុះបណ្តាល​គ្រូបង្រៀន​ជា​មូលដ្ឋាន​ឲ្យ​ក្លាយជា “​អ្នកប្រវត្តិសាស្ត្រ​ភូមិ​តាមរយៈ​ការបណ្តុះបណ្តាល​” និង​បន្ត​ចូលរួម​ក្នុង​ការអប់រំ ដោយ​ផ្តល់ឱកាស​ឲ្យ​គ្រូបង្រៀន​សរសេរ​ពី​ប្រវត្តិសាស្ត្រ​ចេញពី​សហគមន៍​របស់​ខ្លួន និង ៥)​ពង្រឹងសមត្ថភាព​គ្រូបង្រៀន​មូលដ្ឋាន​ឲ្យ​ក្លាយជា​គ្រូបង្រៀន​ដែល​ចេះ​ជំនាញ​ស្រាវជ្រាវ ដែល​នឹងមាន​លទ្ធភាព​ក្នុង​ការផ្ទេរ​ចំណេះដឹង​ទៅកាន់​សិស្ស​របស់គាត់​បន្តទៀត​។

​មនុស្ស​ម្នាក់ៗ មាន​សាច់រឿង​មួយ​។ ដូច​ច្នេះ អ្នកភូមិ​អាចមាន​សាច់រឿង​ជាច្រើន​ចង់​ប្រាប់​យើង ដែល​សាច់រឿង​ទាំងនោះ​នឹង​បន្ត​រស់នៅក្នុង​ជីវិត​របស់​មនុស្ស​គ្រប់​ជំនាន់ តាមរយៈ​ការចែករំលែក និង​ការអប់រំ​ទោះជា​ការចែករំលែក និង​ការអប់រំ​នោះ​ធ្វើឡើង​ក្នុង​ទម្រង់​ក្រៅផ្លូវការ​ក៏ដោយ ក៏​កិច្ចការ​នេះ​នៅតែ​ជា​កិច្ចការ​ដ៏​មាន​ប្រយោជន៍ និង​មាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត និង​ពី​គ្រូ​ទៅ​សិស្ស​។

​នាពេល​ថ្មីៗ​នេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ផ្តួចផ្តើម​គំនិត​បង្កើត​គម្រោង​មួយ​ស្តីពី​ការស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​ភូមិ​នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​បានទទួល​ជំនួយ​ឧបត្ថម្ភ​ពី​ម្ចាស់ជំនួយ ”​បណ្តុំ​នៃ​មនសិការ​” និង ”​ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិ​វ​ឌ្ឈ​ន៍​អន្តរជាតិ​” ដើម្បី​ធ្វើ​កិច្ចការ​ទាំងអស់នេះ​ជាមួយ​គ្រូបង្រៀន​ផ្នែក​ប្រវត្តិវិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​បំណង​ស្វែងយល់​បន្ថែម​ពី​រឿងរ៉ាវ​ផ្សេងៗ​បានកើត​ឡើង​នៅក្នុង​ភូមិកំណើត​ដែល​គាត់​រស់នៅ​។
​ដើម្បី​ឲ្យ​កិច្ចការ​ស្រាវជ្រាវ​កាន់តែ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានរៀបចំ​ស​ក្ខា​សាលា​លើក​ទី​៣ ស្តីអំពី “​ការ​បំប៉ន​កិច្ចការ​ស្រាវជ្រាវ​” សម្រាប់​គ្រូ​ឯកទេស​ប្រវត្តិវិទ្យា និង​អក្សរសាស្ត្រ​ខ្មែរ រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១៧ ដល់​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ទីតាំង​វិចិត្រសាល​សិល្បៈ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត​។ សិក្ខាសាលា​នេះ មានការ​ចូលរួម​ពី​លោកជំទាវ ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​, គ្រូឧទ្ទេស​ថ្នាក់ជាតិ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​, បណ្ឌិត ហូ​លី​យ៉ូ ជែ​ល​ដ្រេ​ស អតីត​លេខា​ផ្ទាល់ និង​ជា​អ្នកសរសេរ​ប្រវត្តិ​របស់​សម្តេច​ព្រះបាទ​នរោត្តម សីហនុ​, ស្ទី​វ ហេ​ឌ័​រ អ្នកស្រាវជ្រាវ និង​សរសេរ​សៀវភៅ​ទាក់ទង​នឹង​របប​ខ្មែរក្រហម​, បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ព្រមទាំង​សិក្ខាកាម​ជា​គ្រូបង្រៀន​ដែល​ត្រូវ​ស្រាវជ្រាវ និង​សរសេរ​ប្រវត្តិសាស្ត្រ​ភូមិ​ចំនួន​២០​នាក់​ទៀត​។

​ស្របពេល​ជាមួយគ្នានេះ លោក ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​ស្រាវជ្រាវ និង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ឡើង​ថ្លែងអំណរគុណ​ដល់ លោកជំទាវ ទន់ សា​អ៊ី​ម ដែលជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​សហការ និង​គាំទ្រ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ចំពោះ​កិច្ចការ​ស្រាវជ្រាវ​នេះ​។ លើសពីនេះ លោក ផេង ពង្ស​រ៉ាស៊ី ក៏បាន​អរគុណ​ដល់​គ្រូៗ​ទាំងអស់​ដែល​បាន​តាំងចិត្ត​យ៉ាង​មោះមុត​ក្នុងការ​បំពេញ​កិច្ចការ​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​ភូមិ​នេះ​ឡើង​។

​បន្ទាប់មក លោកជំទាវ ទន់ សា​អ៊ី​ម បាន​ឡើង​ថ្លែង​នូវ​ចំណាប់អារម្មណ៍​ថា មុខវិជ្ជា​មួយ​ដែល​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងចំណោម​មុខវិជ្ជា​ផ្សេងទៀត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​កម្មវិធីសិក្សា​រប​ស់សិ​ស្ស គឺ​មុខវិជ្ជា​ប្រវត្តិវិទ្យា ព្រោះ​ប្រវត្តិ​របស់​ប្រទេស​កម្ពុជា ជា​រឿងរ៉ាវ​អតីត​កាលដែល​បានកើត​ឡើង​ក្នុងសង្គម​មួយ​ដែល​កូន​ខ្មែរ​ជំនាន់​ក្រោយ​ត្រូវតែ​យល់ដឹង​ឲ្យ​បានច្បាស់លាស់​ពី​ខ្លួនឯង មុននឹង​ស្វែងយល់​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ផ្សេងៗ​ទៀត ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​រឿងរ៉ាវ​ខ្លោចផ្សា ការសម្លាប់​រង្គាល​ដែលជា​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​កើតឡើង ម្តងទៀត​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល​។ លោកជំទាវ​ក៏បាន​បន្ថែមទៀតថា មូលហេតុ​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​មានការ​សរសេរ​ប្រវត្តិសាស្ត្រ​ភូមិ នៅ​ទីកន្លែង​ដែល​យើង​រស់នៅ ព្រោះ​ពេលវេលា​ចេះតែ​រំកិល​ទៅមុខ ចំណែកឯ​សាក្សី​រស់​ចេះតែ​ខ្សត់ខ្សោយ​ទៅៗ រីឯ​សាច់រឿង និង​បទពិសោធន៍​របស់​សាក្សី​ទាំងអស់​ក៏បាន​កប់​ទុក​ទៅតាម​ពេលវេលា​ដែរ​។ លោកជំទាវ ក៏បាន​រំឭក​ពី​រឿងរ៉ាវ​របស់ខ្លួន​ក្នុង​របប​ខ្មែរក្រហម​ថា “​នៅក្នុង​របប​ខ្មែរក្រហម ខ្ញុំ​មាន​អាយុ​ប្រហែល​៣៥​ឆ្នាំ ខ្ញុំ​ក៏មាន​កូន​ដែរ​នៅពេលនោះ​។ ខ្ញុំ​នៅតែ​ចងចាំ​ជានិច្ច​ថា គ្រួសារ​របស់ខ្ញុំ​បាន​ឆ្លងកាត់​បញ្ហា​អ្វីខ្លះ ហើយ​ខ្ញុំ​ស្ទើ​តែ​បាត់បង់​គ្រួសារ​របស់ខ្ញុំ​ទាំងស្រុង​។ ឪពុកម្តាយ និង​បងប្អូន​របស់ខ្ញុំ ចំនួន​៧​នាក់​បាន​ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម​ទាំងអស់ ដោយ​មានតែ​ខ្ញុំ​ម្នាក់​តែប៉ុណ្ណោះ ដែល​នៅ​រស់រានមានជីវិតរ​ហូត​ដល់​សព្វថ្ងៃនេះ​”​។ លោកជំទាវ​បាន​បន្តថា “​ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ ខ្ញុំ​បាន​ចូល​ធ្វើជា​គ្រូបង្រៀន ដូច្នេះ​មានតែ​គ្រូ​ដែលជា​អ្នក​សាបព្រោះ​ចំណេះដឹង​ដល់​សិស្ស​”​។ លោកជំទាវ ក៏បាន​ថ្លែងអំណរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ដែល​ស្រឡាញ់ និង​ចូលចិត្ត​ចំពោះ​កិច្ចការ​ស្រាវជ្រាវ​ប្រវត្តិ​សាស្ត្រ​ភូមិ​នេះ ព្រោះ​វា​ជា​ឱកាស​តែមួយ​សម្រាប់​ទទួលបាន​ព័ត៌មាន​យ៉ាង​ល្អិតល្អន់​ពី​ភូមិ​មួយ​ដែល​អ្នកស្រាវជ្រាវ​ផ្សេងៗ​មិនដឹង​។


​ការចូលរួម​របស់​គ្រូបង្រៀន​ក្នុងការ​សិក្សា​ស្រាវជ្រាវ និង​សរសេរ​ប្រវត្តិសាស្ត្រ​ភូមិ គឺ​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​ដំណើរការ​នៃ​ការផ្សះផ្សា ការកសាង​សន្តិភាព និង​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​។ គ្រូបង្រៀន​ទាំងអស់ នឹង​ក្លាយជា​អ្នក​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​នា​រយៈពេល​មួយ​ខាងមុខ​។ គ្រូបង្រៀន​ទាំងអស់​នឹង​ក្លាយជា​ម្ចាស់​ប្រវត្តិសាស្ត្រ​នៃ​ភូមិកំណើត​របស់ខ្លួន ដែលមាន​តួនាទី​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​នេះ​ទៅកាន់​មនុស្ស​ដទៃទៀត ជាពិសេស​ក្មេងៗ​ជំនាន់​ក្រោយ​ដើម្បី​ឲ្យ​ប្រវត្តិសាស្ត្រ​ក្នុងភូមិ​ឃុំ​របស់ខ្លួន នៅ​រស់រានមានជីវិត​ជា​អមត​ក្នុង​បេះដូង​នៃ​មនុស្ស​គ្រប់​ជំនាន់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម