​អាជ្ញាធរ​ស្រុក​បាភ្នំ​រង​ការចោទប្រកាន់ថា​កំណត់​យកលុយ​ពី​អ្នកធ្វើ​ស្ពាន​ចំលង​រថយន្ត​និង​ម៉ូតូ​

1277
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ព្រោះតែ​ទឹកជំនន់​បាន​លិច​ផ្លូវ​កំពង់ស្នេហ៍​ស្ថិតនៅ​ឃុំ​ធា​យ​ស្រុក​បាភ្នំ​ខេត្តព្រៃវែង ទើប​ពលរដ្ឋ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ក្នុងការ​សាងសង់​ស្ពាន​ឈើ​ដើម្បី​ចំលង​រថយន្ត​និង​ម៉ូតូ​យកលុយ​។​

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​ខ្លាំង​បំផុត​នោះ គឺ​លោក ទេព ភា​រុណ អភិបាលស្រុក​បាភ្នំ បានកំណត់ យកលុយ​ពី​ក្រុម​អ្នកធ្វើ​ស្ពាន​ក្នុង​១​ថ្ងៃ​៣៥០.០០០​រៀល​ស្មើ​និង​២០​ភាគរយ​ជា​កំហិត​។​ទាំងនេះ​បណ្ដាល​ឲ្យ​គ្រួសារ អ្នកធ្វើ​ស្ពាន​រអ៊ូរទាំ​ប៉ុន្តែ​មិនដឹង​ធ្វើ​ម៉េច ចេះតែ​ឲ្យ​លុយ​មក​អាជ្ញាធរ​រាល់​ល្ងាច​តាម​កំណត់​។

​ក្រុម​អ្នក​ឈរ​ចាំ​យកលុយ​ពី​រថយន្ត​និង​ម៉ូតូ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១​ខែកញ្ញា​នេះ​ថា​ស្ពាន​នេះ​ពួកគាត់​ធ្វើ​ដល់​ទៅ​ពីរលើក​។​កាល​លើកដំបូង​យកលុយ​បានតែ​៧​ថ្ងៃ​ក៏ត្រូវ​រើចេញ​ព្រោះ​បាក់ស្រុត​។​ដល់​លើក​ទី​២​ធ្វើ​ដោយ​ដាក់​សរសរ​ដែក​ក្រាល​ឈើ​ពីលើ​ដែល​ចំណាយ​ដើម​ទន់​អស់​ជាង​១០.០០០​ដុល្លារ​ឯណោះ​ទើប​យកលុយ​បានយូ​ថ្ងៃ​ជាង​មុន ទម្រាំ​ទឹក​ស្រក​ផុត​។

​ជាមួយគ្នា​នោះ​សម្រាប់​ម៉ូតូ​១​គ្រឿង​មនុស្ស​ម្នាក់​គាត់​យក​១.៥០០​រៀល​ម៉ូតូ​១​មនុស្ស​២​នាក់​តម្លៃ​២.០០០​រៀល រថយន្ត​តូច​១​គ្រឿង​តម្លៃ​១៥.០០០​រៀល ។​ចំពោះ​ស្ដ្រី​ជា​ម្ចាស់​ស្ពាន បាន​អះអាងថា ស្ពាន​នេះ ឆ្លង​បានតែ​រថយន្ត​តូច​ទេ សម្រាប់​រថយន្ត​ដឹកទំនិញ ឬ​រថយន្ត​ធំ​មិនអាច​ឆ្លងស្ពាន​រួច​ឡើយ​។

​ក្នុង​មួយថ្ងៃ​គាត់​ប្រមូល ពី​អ្នក​ឆ្លងស្ពាន​បាន​ចាប់ពី​១.៨០០.០០០​រៀល​ទៅ​២.០០០.០០០​រៀល​។ ​មកដល់ពេលនេះ​ទឹក​ក៏បាន​ស្រក​ជា​បណ្ដើៗ​ហើយ ខណៈ​ជម្រៅ​នៅលើ​ផ្លូវ សល់​តែ​ត្រឹង​ជង្គង់​ប៉ុណ្ណោះ ធ្វើ​ឲ្យ​អ្នកខ្លះ លែង​ឆ្លង​លើ​ស្ពាន មក​បើករថយន្ត​កាត់ទឹក​វិញ​។​

​លោកស្រី​បញ្ជាក់ថា​ចាប់តាំងពី​ធ្វើ​ស្ពាន​រួចមក​លោក​អភិបាលស្រុក​បាភ្នំ​បានកំណត់​យកលុយ​ពី​ពួកគាត់​ស្មើ​២០​ភាគរយ​នៃ​ចំនួន​លុយ​សរុប​ដែល​ម្រ​មូល​បាន​រាល់ថ្ងៃ​។​ក្នុងនោះ​ឲ្យ​តែ​ល្ងាចៗ​អភិបាលស្រុក​បញ្ជា​ឲ្យ​កូនចៅ មក​យកលុយ​៣៥​ម៉ឺន​រៀល​ពី​គាត់​មិនដែល​ខាន​។​

​ឆ្លើយតប​និង​ការលើកឡើង​នេះ​លោក ហាក់ វង្ស មេឃុំ​ធា​យ បាន​ឲ្យ​រស្មី​កម្ពុជា ដឹងថា រឿង​លុយ​នោះ លោក​មិនបាន​ពាក់ព័ន្ធ​ឬ​ដឹង​ទេ​ប្រហែល​ខាង​ស្រុក​ទេ​ដឹង​?​។​ឯ​លោក​ទេព​ភា​រុណ​អភិបាលស្រុក​បាភ្នំ​មិនអាច​សុំ​ការបកស្រាយ​បានទេ​នៅ​ព្រឹក​ទី​២១​ខែកញ្ញា​នេះ ព្រោះ​ទូរស័ព្ទ​ចូល​ហើយ​លោក​មិន​ទទួល​៕S/