ប៉ូលិស​ចាប់​ឡាន​ដឹកឈើ​ល្មើសច្បាប់​មួយគ្រឿង នៅ​ស្រុក​សូទ្រនិគម​

912
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចេញពី​ស្រុក​ស្វាយ​លើ​មួយគ្រឿង បាន​ត្រូវ​ប៉ូលិស​ស្រុក​សូទ្រនិគម​ស្ទាក់​ឃាត់​ចាប់ កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី ព្រឹក​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ ២០១៨ ត្រង់ចំណុច​ខាងជើង​ផសារ​ដំ​ដែក ក្នុងភូមិ​សាស្ដ្រ​ស្រុក​សូទ្រនិគម​។​

​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​ស្រុក​បាន​ឲ្យ​ដឹងថា ការបង្ក្រាប​រថយន្ត​ល្មើស​ខាងលើ គឺ​ក្រោយ​ទទួល​សេចក្តីរាយការណ៍ ពី​ក្រុម​អ្នក​សារព័ត៌​។ រថយន្ត​នេះ ម៉ាក​សាំ​យ៉ុង មាន​ស្លាក​លេខ​ភ្នំពេញ 2Z 2061 ដឹក​បទល្មើស​ព្រៃឈើ​ចេញពី​ស្រុក​ស្វាយ​លើ និង​ត្រូវ​ឆ្លងកាត់​ស្រុក​សូទ្រនិគម ឆ្ពោះទៅ​ក្រុង​សៀមរាប​។ ប្រតិបត្តិការ​នេះ បាន​ឃាត់ខ្លួន​អ្នកបើកបរ​ម្នាក់​ឈ្មោះ មឿ​ន ចន្ថា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នាល់​បំបែក ឃុំ​ថ្មី ស្រុក​គូ​លេន ខេត្តព្រះវិហារ​។

​លោក​អធិការ​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​អូស​រថយន្ត​ទៅកាន់​អធិការដ្ឋាន​ស្រុក ដោយមាន​ការសហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​សង្កាត់​សូទ្រនិគម ចូលរួម​ត្រួតពិនិត្យ​និង​ធ្វើការ​វាស់វែង​រកឃើញ​រថយន្ដ​ខាងលើ ផ្ទុក​ដោយ​ឈើ​ប្រភេទ​លេខ​១ គគី និង​ផ្ចឹក គ្មាន​ច្បាប់​ចំនួន ៤៦​ដុំ ស្មើ​០.៩០​ម៉ែត្រគូប​(០៩​ផ្លាន​)​។ ទាំង​មធ្យោបាយ​ដឹក​បទល្មើស និង​វត្ថុតាង​ឈើ​ល្មើស និង​អ្នកបើកបរ​រថយន្ត​ខាងលើ ប្រគល់​ទៅ​ឲ្យ​រដ្ឋបាល​ព្រៃឈើ យកទៅ​រក្សាទុក​នៅ​សង្កាត់​ព្រៃឈើ​សូទ្រនិគម និង​ចាត់ការ​តាមច្បាប់​នៃ​ព្រៃឈើ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម