​កម្ពុជា​គាំទ្រ​ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​វប្បធម៌​និង​ទេសចរណ៍​នៅ​ប្រទេស​ចិន​

994
ចែករម្លែក

ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​លោក​ប៉ាន​សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បានប្រកាស​គាំទ្រ​គម្រោង​បង្កើត​”​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និង​ទេសចរណ៍ របស់​ក្រុមហ៊ុន​ខ្មែរ ហ្វឺ​ស អ៊ិន​វេសមិនហូលឌីងគ្រុប(KhmerFirstInvestmentHoldingGroup)​នៅក្នុង​ទីក្រុង​គុន​មីង​ខេត្ត​យូ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​”​។ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។​

​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក កៅ យ៉ុ​ន​ទ័​រ (Kao Yun De) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ខ្មែរ ហ្វឺ​ស អ៊ិន​វេស​មិន និង​លោកស្រី លាំង ស៊ា​វ​ណាន់ (Lang Xaionan) នាយិកា​ក្រុមហ៊ុន យូ​ណាន ហ្សាំ​ង​ឡុង អ៊ិន​វេស​មិន ខូ​ល​អ៊ិ​ល​ធី​ឌី (Yunnan Xiang Long Investment Co.,Ltd) ។​

កាលពី​រសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​រម្លឹក​នូវ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ និង​បាន​ជម្រាបជូន​ពី​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​ការគាំទ្រ​ការអភិវឌ្ឍ​វិស័យ​ឯកជន និង​ការពង្រីក​ទីផ្សារ​ទៅ​ក្រៅប្រទេស​។

​លោក​រដ្ឋមន្ត្រី​បានស្នើ​ដល់​ភាគី​ជំនួប​ធ្វើការ​ជាមួយ​រដ្ឋបាលខេត្ត​យូ​ណាន​ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​ក្រសួងពាណិជ្ជកម្ម​ចិន​នៅក្នុង​ទីក្រុង​ប៉េកាំង​ជាមុនសិន​ហើយ​ក្រសួងពាណិជ្ជកម្ម​រងចាំ​ជួយ​សម្របសម្រួល​គម្រោង​នេះ​ឱ្យសម្រេចបាន​តាម​ផែនការ​។​

ជា​កិច្ច​ឆ្លើយតប​ភាគី​ជំនួប​បាន​ថ្លែងអំណរគុណ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សម្រាប់​ការគាំទ្រ​នាពេល​កន្លងមក​និង​បាន​ចែករំលែក​នូវ​អនុសាសន៍​ល្អៗ​ដើម្បី​ជំរុញ​ការងារ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និង​ទេសចរណ៍ នៅក្នុង​ទីក្រុង​គុន​មីង នៃ​ខេត្ត​យូ​ណាន​។

​តំណាង​ក្រុមហ៊ុន​ទាំងពីរ​បាន​សន្យា​បង្កើត​មជ្ឈមណ្ឌល​នេះ​ឱ្យបាន​ច្រើន​នៅតាម​ទីក្រុង​ដ៏ទៃទៀត​នៅក្នុង​ខេត្ត​យូ​ណាន​ដើម្បី​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ប្រទេស​កម្ពុជា​ព្រមទាំង​ខិតខំ​កៀងគរ​វិនិយោគិន​ខេត្ត​យូ​ណាន​ឱ្យមកធ្វើ​ការបណ្តាក់ទុន​កាន់តែច្រើន​នៅ​កម្ពុជា​នាពេល​អនាគត​។​
​ ​
​សូមបញ្ជាក់ថា​ដើម្បី​ស្វែងរក​ទីផ្សារ​ថ្មីៗ​សម្រាប់​ផលិតករ​និង​សហគ្រិន​កម្ពុជា​ក្រសួងពាណិជ្ជកម្ម​កន្លង​មក​បាន​សហការ​ជាមួយ​វិស័យ​ឯកជន​បង្កើតឱ្យមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំនួន​០៥​កន្លែង​នៅតាម​បណ្តា​ទីក្រុង​ធំៗ​នៃ​ខេត្ត​សំខាន់ៗ​របស់​ប្រទេស​ចិន​មានដូចជា​៖ ក្វាង​ចូ​វ​, ហៃ​នី​ង​, ស៊ី​អាន​, ហុងកុង​និង​ប៉េកាំង​។
​តាមរយៈ​ការបង្កើត​មជ្ឈមណ្ឌល​នេះ​មិន​ត្រឹម​ធ្វើឱ្យ​ផលិតផល​ខ្មែរ​បង្ហាញ​វត្តមាន​ច្រើនឡើងៗ​នៅលើ​ទីផ្សារ​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វិស័យ​ទេសចរណ៍​និង​វប្បធម៌​ជាតិ​ក៏​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ផងដែរ​៕S/

កម្ពុជា​គាំទ្រ​ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​វប្បធម៌​និង​ទេសចរណ៍​នៅ​ប្រទេស​ចិន​

ទីតាំងផ្សាយពាណិជ្ជកម្ម