ឥណ្ឌា​បង្ហាញ​បញ្ជី​ឈ្មោះ​ជនល្មើស​ផ្លូវភេទ​ជា​លើកដំបូង​របស់ខ្លួន ជាមួយ​ឈ្មោះ​ជនល្មើស​មាន​ចំនួន​ដល់​ទៅ ៤៤០.០០០ នាក់​

692
ចែករម្លែក

​ប្រទេស​ឥណ្ឌា​បានចាប់ផ្តើម​ចុះបញ្ជី​ឈ្មោះ​ជនល្មើស​ផ្លូវភេទ​ជា​លើកដំបូង​របស់ខ្លួន ជាមួយ​ឈ្មោះ​មនុស្ស​ចំនួន ៤៤០.០០០ នាក់​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​រំលោភ​សេពសន្ថវៈ និង បៀតបៀន​លើ​កុមារ​។​

​រដ្ឋាភិបាល​បាន​បង្កើត​មូលដ្ឋាន​ទិន្នន័យ​នេះ​ឡើង​ដែល​នឹង​អាច​ចូល​ប្រើប្រាស់​បានតែ​បណ្តា​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ប៉ុណ្ណោះ ក្នុង​គោលបំណង​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​ស្ត្រី ខណៈដែល​ប្រទេស​នេះ​កំពុង​ព្យាយាម​លុបឈ្មោះ​អសោច​របស់ខ្លួន​ចេញពី​ករណី​រំលោភ​សេពសន្ថវៈ​លេចធ្លោ​ជា​បន្តបន្ទាប់​។​

​យោងតាម​សេចក្ដីថ្លែងការណ៍​មួយ​ពី​ក្រសួងមហាផ្ទៃ​បានឱ្យដឹងថា មូលដ្ឋាន​ទិន្នន័យ​នេះ​ក៏​នឹង​ផ្តល់នូវ​រូបថត អាសយដ្ឋាន និង​ស្នាម​ម្រាមដៃ​របស់​ពួកគេ​ផងដែរ ដោយ​មិនចាំបាច់​សម្រប​សម្រួលកា​រពារ “​ភាព​ឯកជន​របស់​បុគ្គល​ណា​ម្នាក់​” ឡើយ​។​

​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​កញ្ញា​ថា “​មូលដ្ឋាន​ទិន្នន័យ​ជាតិ​ស្តីពី​ពិរុទ្ធជន​ផ្លូវភេទ (NDSO) … នឹង​ជួយ​ក្នុងការ​តាមដាន​និង​ស៊ើបអង្កេត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ករណី​បទល្មើស​ផ្លូវភេទ​”​។​

​ការចុះឈ្មោះ​នេះ​បាន​កើតឡើង​ខណៈដែល​ក​រ​ណី​រំលោភ​ផ្លូវភេទ​ជាច្រើន​បានធ្វើឱ្យ​កក្រើក​ប្រទេសមួយ ដែល​ត្រូវបាន​អ្នកជំនាញ​ចាត់ទុកជា​ប្រទេស​មាន​គ្រោះថ្នាក់​បំផុត​នៅក្នុង​ពិភពលោក​សម្រាប់​ស្ត្រី​នៅក្នុង​ការស្ទង់មតិ​មួយ​ដែល​បានចេញ​ផ្សាយ​ដោយ​មូលនិធិ Thomson Reuters Foundation កាលពី​ខែមិថុនា​។​

​ភាព​បន្ទាន់​ក្នុងការ​បង្កើត​បញ្ជី​ឈ្មោះ​ជនល្មើស​រំលោភបំពាន​ផ្លូវភេទ​មាន​សន្ទុះ​ខ្លាំងក្លា បន្ទាប់ពី​មានការ​តវ៉ា​ទូទាំងប្រទេស​អំពី​ការចាប់រំលោភ​និង​ការសម្លាប់​ក្មេងស្រី​មូស្លីម​ម្នាក់​នៅក្នុង​រដ្ឋ​ចាំ​មូ និង រដ្ឋកា​ស្មៀ​រ ដែល​គ្របដណ្តប់​ដោយ​អ្នក​កាន់សាសនា​ហិណ្ឌូ​កាលពីដើម​ឆ្នាំនេះ​។​

​ជនជាប់ចោទ​កាន់សាសនា​ហិណ្ឌូ​ទាំងអស់នោះ​បច្ចុប្បន្នកំពុង​ស្ថិតនៅក្នុង​ដំណើរការ​កាត់ក្តី​។​

​ករណីនេះ​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​អនុ​ម័ត​ការកាត់ទោស​ប្រហារជីវិត​ចំពោះ​ការរំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​ក្រោម​១២​ឆ្នាំ ហើយ​ថែមទាំង​បង្កើន​ទោស​ជាប់ពន្ធនាគារ​ចំពោះ​ការរំលោភ​សេពសន្ថវៈ​លើ​មនុស្ស​ស្រី​ជំទង់​និង​ស្ត្រី​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ក្រុម​សកម្មជន​តវ៉ា​ប្រឆាំង​ករណី​រំលោភ​នារី​ជំទង់​អាយុ ១៩ ឆ្នាំ​នៅ​ទីក្រុង​ដេលី​កាលពី​ថ្ងៃ​ចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម