នគរបាល​ស្រុក​សូទ្រនិគម ចុះបង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​ម៉ាក HYUNDAI​មួយគ្រឿង​

1162
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: រថយន្ត​ដឹកឈើ​ខុសច្បាប់​ម៉ាក HYUNDAI ពណ៌​ស ទ្រុង​ខៀវ ចំណុះ​២៥​តោន​មួយគ្រឿង ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម បានធ្វើការ​បង្ក្រាប​នៅ​ចំណុច​ភូមិ​អូរ​លុះ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​១០​និង​០៧​នាទី​ព្រឹក ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។​

នគរបាល​ស្រុក​សូទ្រនិគម ចុះបង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​ម៉ាក HYUNDAI​មួយគ្រឿង (​រូប​: បាយ័ន​)​

​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​បញ្ជាក់ថា ក្រោយ​ទទួលបាន​ព័ត៌មាន​ថា មាន​រថយន្ដ​ដឹកឈើ​ខុសច្បាប់​មួយគ្រឿង កំពុង​រត់​ក្នុងភូមិ​សាស្ត្រ​ស្រុក​សូទ្រនិគម ទើប​យើងខ្ញុំ​បញ្ជា​កម្លាំង​អោយ​ចុះបង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​នោះបាន​០១​គ្រឿង​គឺ​ម៉ាក HYUNDAI​។​

​លោក​អធិការ​បាន​បន្តថា រថយន្ត​ខាងលើនេះ​ដឹកឈើ​ចេញពី​ខេត្ត​ឧ​ត្ត​មានជ័យ ឆ្ពោះទៅ​ខេត្តតាកែវ​ដោយមាន​ម្ចាស់​ឈើ​ឈ្មោះ ស សៀក ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​គ្រាំង​តូច ឃុំ​ប្រាំបី​មុំ ស្រុក​បាទី ខេត្តតាកែវ​។​

​លោក​បាន​បញ្ជាក់ថា រថយន្ត​ដឹកឈើ​ខុសច្បាប់​ម៉ាក HYUNDAI ពណ៌​ស ទ្រុង​ខៀវ ចំណុះ​២៥​តោន ពាក់​ស្លាក​លេខ​តាកែវ​៣A១៧១៨​។​ឈើ​នេះ​ត្រូវបាន​យកទៅ​រាប់​ជាក់ស្ដែង​នៅ​ស្រុក​ជីក្រែង​។​ជា​លទ្ធផល​គឺ ពិនិត្យឃើញ​ប្រភេទ​ឈើ​ផ្ចឹក​ចំនួន បឋម ២០​ម៉ែត្រ​គីប​។ ចំពោះ​វត្ថុតាង និង​មធ្យោបាយ​ដឹកជញ្ជូន រួមទាំង​ម្ចាស់​ឈើ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រី នៃ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​សូទ្រនិគម ដើម្បី​អនុវត្ត​ទៅតាម​និតិ​វិធី ដោយ​អនុលោម​ទៅតាម​ច្បាប់​ស្តីពី​ព្រៃឈើ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម