ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​រាប់ពាន់នាក់​បានមក​ទ​ស្សនា​ព្រះអាទិត្យ​រះ​ចំ​ប្រាង្គ​​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​

2048
ចែករម្លែក
  • 6
    Shares

​ដោយ : ​គូលែន​/​សៀមរាប ៖ យ៉ាងហោចណាស់​ក៏មាន​ភ្ញៀវទេសច​ចរ​ជាតិ​និង​អន្តរជាតិ​រាប់ពាន់នាក់ បានមក​ណែន​តាន់តាប់ តាំងពី​ទៀបភ្លឺ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ដើម្បី​មក​ទស្សនា​ព្រះអាទិត្យ​រះ​ចំ​ប្រាង្គ​កណ្តាល​​​នៃ​ប្រាសាទអង្គរវត្ត ដែលជា​បេតិកភណ្ឌ​ពិភពលោក​។​

ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​រាប់ពាន់នាក់​បានមក​ទ​ស្សនា​ព្រះអាទិត្យ​រះ​ចំ​ប្រាង្គ​​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​

ចាប់ពី​ម៉ោង​៤​ទៀបភ្លឺ​រហូតដល់​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ បានធ្វើ​ដំណើរ​ជា​បន្តបន្ទាប់​ចូលមក​កាន់​ប្រាសាទអង្គរវត្ត តាម​ការគ្រោងទុក​និង​តាម​ប្រតិទិន របស់​អាជ្ញាធរ​អប្សរា ដែល​បាន​បញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា​នេះ នឹងមាន​ព្រឹ​ត្ត​ការណ៍​ព្រះអាទិត្យ​រះ​ចំ​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​។​អ្វីដែល​ជាការ​ទាយ​ទុកជាមុន​នោះ គឺ​ពិតជា​បាន​លេចចេញ​រូបរាង​ពិតប្រាកដ​មែន​។​
ចំណុច​នេះហើយ​ដែល​ធ្វើអោយ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​រាប់ពាន់នាក់​នៅ​ព្រឹក​ព្រលឹម​នោះ បានមក​ពពាក់ពពូន​គ្នា​យ៉ាង​ត្រៀបត្រា រង់ចាំ​ផ្តិត​យក​ទិដ្ឋភាព​ព្រះអាទិត្យ​រះ​ចំ​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត ដែល​ព្រឹ​ត្ត​ការណ៍​នេះ​កម្ររ​ជួបប្រទះ​ណាស់​។​

កាលពី​ប៉ុន្មាន​ថ្ងៃមុន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្សព្វផ្សាយ​អំពី​កាលវិភាគ​ខាងលើ ដែល​បញ្ជាក់ថា តាម​ការសិក្សា​​​របស់​អ្នកស្រាវជ្រាវ​របស់ មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា សម​រាត្រី​នា​រដូវវស្សា​ឆ្នាំ​២០១៨​នេះ នឹង​ត្រូវចំ​ថ្ងៃអាទិត្យ ១៤​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨​។ ជា​រៀងរាល់ឆ្នាំ សម​រាត្រី (Equinox) តែងតែ​កើតមាន​២​ដង គឺ​នៅ​រដូវប្រាំង (Vernal Equinox) កើត​ទ្បើង​នៅ​ខែមីនា និង​សម​រាត្រី​រដូវវស្សា (Autumnal Equinox) កើត​ទ្បើង​នៅ​ខែកញ្ញា​។ សម​រាត្រី​ជា​វេលា​ដែល​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្ទើរតែ​ស្មើគ្នា​។ ក្រៅពីនេះ ខែ​ខ្លះ​ថ្ងៃ​មាន​រយៈពេល​វែង​ជាង​យប់ ហើយ​ខ្លះទៀត យប់​មាន​រយៈពេល​វែង​ជាង​ថ្ងៃ​វិញ​។​

ជា​ករណី​ពិសេស​នៅ​អង្គរវត្ត វេលា​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្មើគ្នា​នេះ ព្រះអាទិត្យ​តែងតែ​រះ​ទ្បើង​ចំ​កំពូល​កណ្តាល​នៃ​អង្គរវត្ត​នា​ព្រឹក​ព្រលឹម​ស្រាងៗ​។ ចំពោះ​សម​រាត្រី​រដូវវស្សា​នៅ​ថ្ងៃទី​២៣ ខែកញ្ញា​នេះ ព្រះអាទិត្យ​នឹង​រះ​ទ្បើង​ចំ​កំពូល​កណ្តាល ដែល​យើង​អាច​មើលឃើញ​ពី​ក្លោងទ្វារ​កណ្តាល​នៃ​គុក​តា​រាជ (​ក្លោង​ទ្វារធំ​ខាងលិច​) ចាប់​ម៉ោង​៥​និង​៥០​នាទី​ដល់​ម៉ោង​ប្រហែល​៧​ព្រឹក​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម