កម្ពុជា​-​ឡាវ រួមគ្នា​ទប់ស្កាត់​បទល្មើស​តាម​ព្រំដែន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​-​បទល្មើស​ផ្សេងៗ​

887
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណ​:​ប្រតិភូ​នៃ​កងយោធពល​ខេមរភូមិន្ទ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។

​ដំណើរ​ទស្សនកិច្ច​នេះ មាន​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨​។​

​គណៈប្រតិភូ​បាន​ជួប​សំដែង​ការគួរសម​ជាមួយ​នាយ​ក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​ឡាវ ប្រធាន​អគ្គសេនាធិការ នៃ​កងទ័ព​ប្រជាជន​ឡាវ និង​ថ្នាក់ដឹកនាំ​ក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​ជម្រាបជូន​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឡាវ រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស និង​ប្រធាន​អគ្គសេនាធិការ​កងទ័ព​ប្រជាជន​ឡាវ ពី​គោលបំណង​ក្នុង​ការបន្ត​រក្សា​ទំនាក់ទំនង​ល្អជា​ប្រពៃណី និង​សហប្រតិបត្តិ​ការល្អ​នៃ​ប្រទេស​ទាំងពីរ ការ​រួមគ្នា​ទប់ស្កាត់​ប​ទ​ល្មើស​តាម​ព្រំដែន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដូចជា​បញ្ហា​ជួញដូរ​គ្រឿងញៀន បទល្មើស​ផ្សេងៗ និង​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុងការ​សង្គ្រោះ​គ្រោះមហន្តរាយ​ដែល​កើតមាន​តាម​បណ្ដា​ព្រំដែន​ជាដើម​។ ជាពិសេស បន្ត​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ ដែល​បាន​ថ្លែង​រួមគ្នា​នៅក្នុង​ជំនួប​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំងពីរ​ក្នុងប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​។

​ភាគី​មិត្ត​បាន​សំដែង​ការអបអរសាទរ និង​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ដែល​បានជ្រើសរើស​ប្រទេស​ឡាវ​ជា​ប្រទេស​ទី​១ ក្នុងការ​ធ្វើដំណើរ​ទស្ស​ន​កិច្ច​។ ភាគី​មិត្ត​ឡាវ បាន​ប្ដេជ្ញា​រក្សា​ទំនាក់ទំនង​និង​កិច្ចសហការ​ល្អ​លើ​ការងារ​ការពារជាតិ ជាពិសេស​អនុវត្ត​នូវ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​នាយករ​ដ្ឋ​មន្ត្រី​នៃ​ប្រទេស​ទាំងពីរ​។ ភាគី​ឡាវ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានផ្ដល់​សម្ភារៈ និង​ស្មារតី​ក្នុងការ​ជួយសង្គ្រោះ​ប្រជាជន​ឡាវ​នូវ​គ្រោះទឹកជំនន់​នាពេល​ថ្មីៗ​នេះ​។​

​សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​ប្រទេស​ឡាវ​រយៈពេល​៣​ថ្ងែ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​នៅ​ក្នុងនោះ​គណប្រតិភូ​បាន​ចូលជួប​សំដែង​ការគួរសម​ជាមួយ​លោក​ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ លោក​សេនីយ៍​ឯក ចន្ទ សា​ម៉ូ​ន ចន្ទ​យ៉ា​ឡាក់ រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ុ​វ៉ន លឿន​ប៊ុន​មី អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​និង​ប្រធាន​អគ្គសេនាធិការ​កងទ័ព​ប្រជាជន​ឡាវ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម