នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​: បើ​មេ​ប៉េអឹម​ខេត្តព្រះវិហារ​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នឹងធ្វើ​តាមច្បាប់​

-​គណៈកម្មការ​ចំពោះ​កិច្ចប​ញ្ច​ប់​ការធ្វើ​អធិការកិច្ច​រឿង​មេ​ប៉េអឹម​ខេត្តព្រះវិហារ​ស៊ីដាច់​លុយ​ឧ​ប​ត្ថ​ម្ថ​

1393
ចែករម្លែក
  • 492
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណៈកម្មការ​ចំពោះ​កិច្ច​ចុះ​បានបញ្ចប់​ការ​អធិការកិច្ច​រឿង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ត្រូវបាន​កូនចៅ​ក្រោម​ឱវាទ​ចោទប្រកាន់ថា បាន​ស៊ីដាច់​លុយ​ឧ​ប​ត្ថ​ម្ថ​ចំនួន ៨០​លាន​រៀល ដែលជា​លុយ​ឧបត្ថម្ភ​ដល់​អង្គភាព​ដើម្បី​ចែក​មន្ត្រី​អាវុធហត្ថ រួមទាំង​ភាពមិនប្រក្រតី​មួយចំនួនទៀត​។ ប៉ុន្តែ​លទ្ធផល​យ៉ាងនោះ គឺ​នៅ​មិនទាន់បាន​បង្ហាញ​នៅឡើយ​ទេ​។​

​គណៈកម្មការ​ចំពោះ​កិច្ច​បានបញ្ចប់​ការងារ​របស់ខ្លួន​កាលពី​ថ្ងៃ​២០ ខែកញ្ញា ឆ្នាំ​២០១៨​។ គណៈកម្មការ​នេះ បាន​ចុះ​ទៅដល់​ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា បានចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​ចោទប្រកាន់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ដើម្បី​ឲ្យ​ដឹង​ការពិត​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​ (រូប៖ ឯកសារ)

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២២ ខែកញ្ញា ថា ការងារ​នេះ គឺ​កំពុងតែ​ដំណើរការ​នៅឡើយ​ទេ​។ ហើយ​ក្រុម​គណៈកម្មការ​ចំពោះ​កិច្ច​នឹង​បញ្ចប់​នៅពេល​ខាងមុខនេះ ហើយ​នឹងមាន​របាយការណ៍​អំពី​ដំណើររឿង និង​ធ្វើ​សេចក្តីសន្និដ្ឋាន​រក​ឲ្យ​ឃើញ​អំពី​មូលហេតុ និង​ការពិត​វា​យ៉ាងម៉េច ដើម្បី​មាន​វិធានការ​ដោះស្រាយ​តាម​បទ​ពិន័យ​ទូទៅ ក៏ដូចជា​ច្បាប់​លក្ខន្តិកៈ នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជាក់ថា “​បើសិនជា​អ្នកប្រព្រឹត្ត​នឹង​វា​មាន​ទម្ងន់ ហើយ​វា​អាច​ក្លាយទៅជា​បទល្មើស អាហ្នឹង​គឺ​ធ្វើតាម​ច្បាប់ ប៉ុន្តែ​ឥឡូវ​មិនទាន់មាន​របាយការណ៍​សរុប​ចុងក្រោយ​នៅឡើយ​ទេ ពីព្រោះ​ក្រុមការងារ​មិនទាន់បាន​រាយការណ៍​មក​ទេ គឺ​នៅក្នុង​ដំណាក់កាល នៃ​ការស៊ើបអង្កេត​នៅឡើយ​ទេ​”​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ (​រូប​ថ​តៈ​ឯកសារ​)

​ប្រភព​ច្បាស់​ការណ៍​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ បាន​ស៊ីដាច់​លុយ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមាណ ៨០​លាន​រៀល ដែល​បាន​ឧបត្ថម្ភ​ដល់​អង្គភាព “​ខ​26-2” កាលពី​មុនពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។ ក្រៅពី​លុយ ៨០​លាន​រៀល លោក​ឧ​ត្ត​សេនីយ៍​ត្រី កង សៅ​គុណ បានធ្វើ​សកម្ម​ភាពមិនប្រក្រតី​ជាច្រើន​ទៀត​។​

​ប្រភព​ដដែល​បាន​ទម្លាយ​ទៀតថា សកម្ម​ភាពមិនប្រក្រតី​ធំៗ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មានដូចជាៈ​
១.​យក​ដី​អង្គភាព មក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន ដូចជា​ដី​នៅ​ស្នាក់ការ​ស្រ​យ៉ង់ និង ដី​ស្នាក់ការ​កំពង់​ស្រឡៅ​។ ២.​បង្ខំ​មេបញ្ជាការ​មូលដ្ឋាន​តាម​បណ្តាល​ក្រុង​ស្រុក កាត់​ប្រាក់ខែ​ក្នុង​មួយខែ ៥០​ម៉ឺន​រៀល ដើម្បី​ធ្វើ​អគារ​ថ្ម​តាម​បណ្តា​ក្រុង​-​ស្រុក ហើយ​អួតថា​ខ្លួន​ជា​អ្នក​កសាង​។ ៣.​គំរាម​គំហែង​មេបញ្ជាការរង រហូតដល់​យុទ្ធជន ប្រមាថ​ចាប់​ដាក់គុក កាត់ឈ្មោះ​ចោល​។ ៤.​ចាប់​ឡាន​ដឹកឈើ​ខុសច្បាប់​នៅ​ស្រុក​ជ័យ​សែន ជំរិត​ទា​ប្រាក់​ចំនួន ៦​លាន​រៀល កាលពី​ថ្ងៃទី​០៣​ខែកញ្ញា​ឆ្នាំ​២០១៨​ជា​ថ្នូរ​នឹង​ការដោះលែង​ទៅវិញ​។ ៥.​ចំពោះ​ឡាន​ដឹកឈើ​ខុសច្បាប់​ចេញពី​ដេប៉ូ​នៅក្នុង​ខេត្ត គឺ​ត្រូវ​បង់​ក្នុង​មួយ​ឡាន​ចំនួន ៥០០​ដុល្លារ​។ ៦.​ចំពោះ​ឡាន​យី​ឌុប​ដឹកឈើ​ខុសច្បាប់​ផ្សេងៗ​ទៀត ដែល​ឆ្លងកាត់​ក្នុង​ខេត្ត​ត្រូវ​បង់​ក្នុង​មួយ​ឡាន​ចំនួន ១៥០​ដុល្លារ​។​
​មន្ត្រី​អាវុធហត្ថ​ខេត្តព្រះវិហារ បានបញ្ជាក់​អះអាង​ទៀតថា ការទទួលប្រាក់​ពីស​កម្ម​ភាពផ្ទុយ​ច្បាប់​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ ប្រគល់​ឲ្យ​លោក កង ពុទ្ធា ជា​ប្អូនបង្កើត​របស់លោក​ជា​អ្នក​យកលុយ​នៅ​ចំណុច​ស្នាក់ការ​សន្តិសុខ នៅ​ព្រំប្រទល់​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ ហើយ​លោក ចាន់ សី ជា​អ្នក​ចាំ​យកលុយ​នៅ​ស្នាក់ការ​សន្តិសុខ ព្រំប្រទល់​ខេត្តព្រះវិហារ និង​សៀមរាប​។​

ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា លោក​មិនបាន​ប្រព្រឹត្ត​ដូច​អ្វីដែល​ចោទប្រកាន់​នោះទេ​។ ហើយ​រឿងនេះ​ទុក​ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ពិនិត្យ​ម​មើលចុះ​។ ហើយ​ពាក់ព័ន្ធ​ករណីនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ចាត់​ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ស៊ើបអង្កេត​រឿងនេះ ឲ្យ​បាន​ច្បាស់​ពាក់ព័ន្ធ​ការចោទប្រកាន់​មកលើ​រូបលោក​។​

​លោក​បាន​បញ្ជាក់ថា “​ខ្ញុំ​មកកាន់​នៅ​ខេត្ត​នេះ (​ខេត្តព្រះវិហារ​) ៧​ឆ្នាំ​ហើយ មិនដែល​បាន​ប្រព្រឹត្ត​អំពើ​បែបនេះ​ទេ មានតែ​ជួយ​ដល់​មន្ត្រី​នៅក្រោម​ឱវាទ ប្រជាពលរដ្ឋ ជាពិសេស​ខ្ញុំ​មិន​ធ្វើ​អ្វីដែល​អំពើ​ថោកទាប​បែបនេះ​ទេ​។ ហើយ​ចំពោះ​ការចោទប្រកាន់​ពិត ឬ​មិន​ពិត ចាំ​ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ពិនិត្យ​មើលទៅ​”៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម