​ឧកញ៉ា​សឹង្ហ​សំអុល​និង​ក្រុម​សន្តិសុខ​គំរាមកំហែង​សកម្មជន​ការពារ​ព្រៃឈើ​និង​អ្នកកាសែត​

832
ចែករម្លែក
  • 174
    Shares

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សេចក្តីរាយការណ៍​ពី​ស្រុក​កោះ​ញែក​ខេ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា សកម្មជន​ការពារ​ព្រៃឈើ​៣​នាក់ និង​អ្នកយកព័ត៌មាន​២​នាក់ បាន​រង​នូវ​ការគំរាមកំហែង​ពី​ឧកញ៉ា សឹង្ហ សំអុល ។​

ក្រោយពេល​ពួកគេ​ព្យាយាម​ផ្តិត​យក​រូបភាព​ពី​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ក្នុង​ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេ​សាន់ ស្របពេល​ដែល​គេ​ឃើញ​មាន​រថយន្ត​ធុន​ធំ​ចំនួន​២០​គ្រឿង បាន​ផ្ទុក​ឈើ​ពេញ​រួចជាស្រេច​ក្នុង​ដី​ក្រុមហ៊ុន​។ ករណីនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ភូមិសាស្ត្រ​ឃុំ សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។​

​សេចក្តីរាយការណ៍​បានឱ្យដឹងថា អ្នកកាសែត​ពីរ​នាក់ និង​មន្ត្រី​អង្គការ​ខាង​ការពារ​ព្រៃឈើ ចំនួន​បីនាក់ បាន​ចូលទៅ​តំបន់​កើតហេតុ​តាំងពី​យប់​ថ្ងៃទី​២១ រហូតដល់​ព្រឹក​ថ្ងៃទី​២២ ទើប​ជួបប្រទះ​បញ្ហា គឺ​លោក​ឧកញ៉ា​សឹង្ហ សំអុល បាន​ដឹកនាំ​សន្តិសុខ​ប្រមាណ​ជិត​២០​នាក់​។

ជិះ​រថយន្ត​ចំនួន​២​គ្រឿង និង​ម៉ូតូ​ចំនួន​១២​គ្រឿង មក​ស្ទាក់​ឃាត់​រថយន្ត​អ្នកឃ្លាំមើល​បទល្មើស​ព្រៃឈើ និង​អ្នកសារព័ត៌មាន​ដែល​កំពុង​ធ្វើ​សកម្មភាព​ផ្តិត​យក​រូបភាព​នៅ​ចំណុច​ក្បែរ​ខ្ទម​អ្នកតា​ជ័យ ក្នុងភូមិ​សាស្ត្រ​ក្រុមហ៊ុន​មា​ស្ទ័​រ​ខេ​សាន់ ដែលមាន​ទីតាំង​ក្នុងភូមិ​ល្ហក ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

​ខណៈនោះ​ឧកញ៉ា​សឹង្ហ សំអុល បាន​បញ្ជា​កូនចៅ​ខ្លួន​ឲ្យ​ឆែកឆេរ​រក​កូន​យន្តហោះ (​ដ្រូ​ន​) ក្នុង​រថយន្ត​ដូច​ចោរប្លន់ ហើយ​ចាប់​បោក​ទៅលើ​ដី​ធ្វើ​ឲ្យ​ខូចខាត​ប្រើការ​លែងកើត ព្រមទាំង​ប្រើពាក្យ​គំរាមកំហែង​ថា នឹង​ឲ្យ​ស្នងការ និង​អភិបាលខេត្ត​ឃាត់ខ្លួន​ទៀតផង​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ឧកញ៉ា​ម្នាក់នេះ​នៅបាន​គំរាម​ដុត​រថយន្ត​របស់​ក្រុមការងារ​អ្នកឃ្លាំមើល​បទល្មើស​ព្រៃឈើ​ចោល​ថែមទៀត​។​ទាក់ទិន​បញ្ហា​នេះ​សារព័ត៌មាន​រស្មី​កម្ពុជា​មិនទាន់​ទទួល​ការបំភ្លឺ​ពី​ក្រុម​ឧកញ៉ា​សឹង្ហ សំអុល​បាន​នៅឡើយ​ទេ​៕S/​

​ឧកញ៉ា​សឹង្ហ​សំអុល​និង​ក្រុម​សន្តិសុខ​គំរាមកំហែង​សកម្មជន​ការពារ​ព្រៃឈើ​និង​អ្នកកាសែត​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ