ឧកញ៉ា សឹង្ហ សំអុល បដិសេធ​មិនបាន​គំរាមកំហែង​ទៅលើ​អ្នកកាសែត​-​សកម្មជន​ការពារ​ព្រៃឈើ​

1200
ចែករម្លែក
  • 52
    Shares

ដោយ​: ឫទ្ធី​សក្ដិ / ភ្នំពេញ​: លោក​ឧកញ៉ា សឹង្ហ សំអុល បាន​បដិសេធថា លោក​មិនបាន​គំរាមកំហែង​ទៅលើ​អ្នកសារព័ត៌មាន និង​សកម្មជន​ការពារ​ព្រៃឈើ​ដូចជា​ការចោទប្រកាន់​នោះទេ ហើយ​អ្វីដែល​បាន​ចោទប្រកាន់​មកលើ​រូបលោក គឺជា​ការ​បំប៉ោង​ព័ត៌មាន​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​តែប៉ុណ្ណោះ​។ ការបដិសេធ​នេះ គឺ​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ថា លោក​ឧកញ៉ា សឹង្ហ សំអុល និង​ក្រុម​សន្តិសុខ ចាប់យក​ដ្រូ​ន និង​គំរាមកំហែង​លើ​អ្នកកាសែត និង​សកម្មជន​ការពារ​ព្រៃឈើ ពេល​ថត​សកម្មភាព​ដឹកឈើ​។​

អ្នកកាសែត និង​មន្ត្រី​អង្គការ​ការពារ​ព្រៃឈើ ក្នុងពេល​ជួប​ជាមួយ​ឧកញ៉ា សឹង្ហ សំអុល​

​លោក​ឧកញ៉ា សឹង្ហ សំអុល បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា ការដឹកឈើ​គឺមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ និង​បាន​បង់ពន្ធ​ជូន​រដ្ឋ ហើយ​បើ​មិន​ឲ្យ​ដឹកឈើ​ចែកចាយ​ក្នុងស្រុក តើ​ឲ្យ​ដឹកឈើ​យកទៅ​ណា​? ហើយ​ឈើ​របស់លោក​មិនបាន​ដឹក​ន​ទៅ​វៀតណាម​ទេ​។ ហើយ​បើ​លោក​អាក្រក់ គឺ​មិនបាន​ឈរជើង​មកដល់ពេលនេះ​ទេ​។ “​បើ​បោក​ដ្រូ​ន​មែន សូម​បង្ហាញ​ដ្រូ​ន​ដែល​ខូច​នោះមក ហើយ​បង្ហោះ​មក ខ្ញុំ​មិនបាន​គំរាមកំហែង​ទេ​។ ហើយ​អ្វីដែល​សកម្មជន​ការពារ​ព្រៃឈើ​ចោទប្រកាន់​មកលើ​ខ្ញុំ វា​អត់​ត្រឹមត្រូវ ហើយ​បំប៉ោង​ព័​ត៍​មាន​”​។​

​ទាក់ទង​ករណីនេះ អ្នកកាសែត និង​សកម្ម​ការពារ​ព្រៃឈើ បាន​អះអាងថា ខ្លួន​ត្រូវបាន​រង​ការគំរាមកំហែង និង​បោក​ដ្រូ​ន ពេល​ពួកគេ​ព្យាយាម​ផ្តិត​យក​រូបភាព​ពី ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ក្នុង​ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេ​សាន់ ស្របពេល​ដែល​គេ​ឃើញ​មាន​រថយន្ត​ធុន​ធំ​ចំនួន​២០​គ្រឿង បាន​ផ្ទុក​ឈើ​ពេញ​រួចជាស្រេច​ក្នុង​ដី​ក្រុមហ៊ុន​។ ករណីនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ភូមិសាស្ត្រ​ឃុំ សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

​សេចក្តីរាយការណ៍​បានឱ្យដឹងថា អ្នកកាសែត​ពីរ​នាក់ និង​មន្ត្រី​អង្គការ​ខាង​ការពារ​ព្រៃឈើ ចំនួន​បីនាក់ បាន​ចូលទៅ​តំបន់​កើតហេតុ​តាំងពី​យប់​ថ្ងៃទី​២១ រហូតដល់​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨​ទើប​ជួបប្រទះ​បញ្ហា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម