ពលរដ្ឋ​ស្រុក​សៀម​ប៉ាង​សំណូមពរ​ដល់​ក្រសួង​ព​ន្លឿ​ន​ស្តា​ផ្លូវ​ខូច​ឡើងវិញ​

1601
ចែករម្លែក

​ដោយ : សុខុម​/​ស្ទឹងត្រែង ៖ ​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នក​ខេត្តស្ទឹងត្រែង ​បាន​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ​មេត្តាជួយ​ព​ន្លឿ​ន​ស្តា​រផ្លូវ​ ដែល​ខូច​ខ្លាំង​នៅ​ស្រុក​សៀម​ប៉ាង​ឡើងវិញឲ្យបាន​ឆាប់​បំផុត ​ដើម្បី​សម្រួល​ដល់​អ្នកធ្វើដំណើរ​ទៅមក​។​

​បច្ចុប្បន្ន​កំណាត់​ផ្លូវ​មួយ​ខ្សែ​ប្រហែល​ជាង​៥០​គីឡូម៉ែត្រ​កាន់តែ​ខូច​ខ្លាំងៗ​ឡើង ​គេ​ត្រូវ​ចំណាយ​ពេលវេលា​ជាច្រើន​ម៉ោង ដើម្បី​ឆ្លងកាត់​ទៅកាន់​ស្រុក​សៀម​ប៉ាង ភាគ​ខាងជើង​ឆៀង​ខាងកើត​ក្រុង​ស្ទឹងត្រែង​។​ផ្លូវ​ត​ភ្ជាប់​ពី​ដុង​ក្រឡ ទៅ​ស្រុក​សៀម​ប៉ាង ទទួលរង​ខូច​ធ្ងន់ធ្ងរ​កាលពី​រដូវភ្លៀង​ធ្លាក់​ប៉ុន្មាន​ខែ​កន្លងមកនេះ​។​

ចាប់តាំងពី​ផ្លូវ​នោះ​ខូច​ប្រជាពលរដ្ឋ​ចង់​ធ្វើដំណើរ​ចេញចូល​ស្រុក​សៀម​ប៉ាង ត្រូវ​បង្ខំចិត្ត​ជួល​គោយន្ត​ច្នៃ​រាល់ថ្ងៃ​ដើម្បី​ឆ្លងកាត់​ដំណាក់កាល​ខូច​ខ្លាំង​។ ​ចាប់តាំងពី​ផ្លូវ កាន់តែ​ខូច​ទៅ​អ្នកស្រុក​ត្រូវ​បង្ខំចិត្ត រៀប​ចំណតរថយន្ត ដើម្បី​ឆ្លងកាត់​ទៅមក​និង​ចំណាយ​ពេលវេលា​អស់​ជាច្រើន​ម៉ោង​។ ​រីឯ​អ្នក​ខ្លះទៀត​សម្រេចចិត្ត​មិន​ចង់​មក​ផ្សារ​នៅ​ខេត្តស្ទឹងត្រែង​ឡើយ​។​

​ជួប​ជាមួយ​អ្នកដំណើរ​ចេញចូល​ស្រុក​សៀម​ប៉ាង​បាន​ប្រាប់​យើង​ថា​ តាំងពី​ផ្លូវបែក​ភក់​ពិបាក​បើករថយន្ត​ទៅមក​គេ​ត្រូវ​បង្ខំ​ជិះ​រថយន្តឈ្នួល​អស់ពីរ​ទៅ​បី​ម៉ឺន​រៀល ​ឆ្លងកាត់​ច្រើន​ដំណាក់កាល​ទើប​ចេញពី​ស្រុក​សៀម​ប៉ាង​មកកាន់​ទី​រួម​ខេត្ត​បាន​។​

​លោក ផាន់ យ៉ុ​ត​ អភិបាលស្រុក​សៀម​ប៉ាង​ធ្លាប់បាន​ប្រាប់​រស្មី​កម្ពុជា​ថា​ លោក​ទទួលស្គាល់​ចំពោះ​ការលំបាក ធ្វើដំណើរ​របស់​បងប្អូន ប្រជាពលរដ្ឋ ស្រុក​សៀម​ប៉ាង​។ ​សូម្បីតែ​លោក​ក៏​ពិបាក​ដូច​តែ​គ្នា​។ ​លោក​ចង់បាន​ការសម្រួល ដល់​ប្រជាពលរដ្ឋ​ដែរ​ប៉ុន្តែ​ទំហំ​នៃ​ការជួសជុល​កំណាត់​ផ្លូវ​នេះ​នឹងត្រូវ​ការចំណាយ​ច្រើន​ធំ​ពេក​ហួស​ពី​សមត្ថភាព​ស្រុក​។​

​ដូចនេះ​កញ្ចប់​ថវិកា​ចំណាយ​របស់​ថ្នាក់ស្រុក​មិនអាច​មានលទ្ធភាព​ដោះស្រាយ​ទេ ​គឺ​ទាល់តែ​ថ្នាក់ជាតិ​។​កន្លងមក​លោក​អភិបាលស្រុក​សៀម​ប៉ាង​ក៏បាន​ស្នើ​សុំ​ទៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ​រួចហើយ​ ដើម្បី​ជួលជុល​ផ្លូវ​ខូច​ ​គ្រាន់តែ​មិនទាន់មាន​ការឆ្លើយតប​មកវិញ​។​

​លោក ព្រំ ចាន់ថា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្ទឹងត្រែង​ក៏បាន​បញ្ជាក់ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា ផ្លូវ​មួយ​ខ្សែ​នេះ​គឺជា​គម្រោង របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ ​គេ​នឹង​គ្រោង​ជួលជុល​ឡើងវិញ នៅក្រោយ​រដូវ​អស់​ទឹកភ្លៀង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ពី​ក្រុង​ស្ទឹងត្រែង​ទៅកាន់​ស្រុក​សៀម​ប៉ាង​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម