កម្ពុជា​គ្រោង​ចំណាយ​ថវិកា​ចំនួន​៤០០​លាន​ដុល្លា​ក្នុង​សកម្មភាព​បោសសម្អាត​មីន​

930
ចែករម្លែក

​ដោយ : ​យោធិន​/​ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី លី ធុជ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ការងារ​មីន បាន​ថ្លែងថាៈ អាជ្ញាធរ​មីន នឹង​ចំណាយ​ទឹកប្រាក់​ជាង ៤០០​លាន​ដុល្លារ ដើម្បី​សម្អាត​មីនឲ្យអស់​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២៥ សំដៅ​ឆ្លើយតប​តាម​ផែនការ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​នាពេល​កន្លងមក​នេះ នា​សន្និសីទ​ជាតិ​ស្តីពី​វិស័យ​មីន​ដោយបាន​សម្រេច​ថា ឆ្នាំ​២០២៥ ជា​ឆ្នាំ​ដែល​លើ​ទឹកដី​កម្ពុជា​គ្មាន​មីន ប្រ​ឆាំ​មនុស្សលោក​។​

​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជាទទួលបន្ទុក​ការងារ​មីន បាន​ថ្លែង​យ៉ាង​ដូចនេះ នា​សប្តាហ៍​កន្លងទៅ​ក្នុងឱកាស​កិច្ចប្រជុំ​សំណេះសំណាល​ជាមួយ​មន្ត្រី​បុគ្គលិក អាជ្ញាធរ​មីន​កម្ពុជា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយមាន​ការចូលរួម​ពី​មន្ត្រី បុគ្គលិក​អាជ្ញាធរ​មីន ប្រមាណ​ជិត​២០០​នាក់​។ ​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងបន្តថា ចំពោះ​ផ្ទៃដី​ដែល​មិនទាន់បាន​ដោះមីន​នៅសល់​ចំនួន ៩០០​គីឡូម៉ែត្រ​ក្រឡា ក្នុង​ទូទាំងប្រទេស​គិត​ទាំង​គ្រាន់​មីន និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​គ្រប់បែបយ៉ាង​។ ដូច្នេះ​អាជ្ញាធរ​មីន​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង ៤០០​លាន​ដុល្លា ដើម្បី​ធ្វើ​សកម្មភាព​ដោះមីន​ត​ទៅមុខទៀត​។ ចំពោះ​ថវិកា​ជាង ៤០០​លាន​ដុល្លារ​នេះ គឺ​ចែ​កវា​ទៅលើ​វិស័យ​បោសសម្អាត​មីន ចំណាយ​ទៅលើ​គ្រាប់បែក​ចង្កោម ហើយ​ប៉ុន្មាន​លាន​ទៀត សម្រាប់​ការត្រួតពិនិត្យ​ចម្ការមីន​ឡើងវិញ ហើយ​អាច​រំដោះ​ដីចំការ​មីន​នោះ​ដោយ​គ្មាន​គ្រោះថ្នាក់​ប្រគល់​ឱ្យទៅ​ប្រជាពលរដ្ឋ​វិញ​។

​បច្ចុប្បន្ន​អាជ្ញាធរ​មីន​បាននិងកំពុង​អនុវត្ត​យ៉ាងសកម្ម​បំផុត ដើម្បី​ឈានទៅដល់​ជោគជ័យ នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ឆ្នាំ​២០១៨- ២០២៥​នេះ​។ ​លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា បញ្ហា​ទាំងអស់​ខាងលើ​នោះ គឺ​សុទ្ធតែ​ត្រូវការ​ថវិការ ត្រូវការ​រៀបចំ​ក្រុម ត្រូវការ​ផ្តល់​ថវិការ​ដល់​សហប្រតិបត្តិ​ករទាំង​ជាតិ និង​អន្តរជាតិ ដែល​ចុះទៅ​ធ្វើ​កិច្ចការ​នេះ ដើម្បី​រំដោះ​ចំការមីន​ទាំងអស់នោះ​។ ចំពោះ​ចំការមីន​ខ្លះ​បើ​ពិនិត្យ​មើលឃើញថា ៥​ទៅ​៦​ឆ្នាំ​មកនេះ ពួកគាត់​ធ្វើស្រែ​ចម្ការ​ដោយ​ប្រើ​ត្រាក់ទ័រ​ធំៗ ដោយ​មិនមាន​គ្រោះថ្នាក់ ដូចនេះ​យើង​នឹងមាន​ចំណុច​ដែល​អាចដាក់​ជា​បច្ចេកទេស អាច​ប្រកាសថា តំបន់​នេះ​គ្មាន​គ្រោះភ័យ​ដោយសារ​មីន​បាន គឺ​យើង​រំដោះ​ដី​នោះ​តែម្តង ដោយ​មិនបាច់​ធ្វើ​ការងារ​បោសសំអាត​។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ប្រទេស​ជា​មិត្ត​មួយចំនួនធំ ដោយ​ឃើញ​រាជរដ្ឋាភិបាល​របស់​ក​ម្ពុ​ជា បាន​ខិតខំ​ប្រឹងប្រែង ហើយ​មាន​ការងារ​ច្បាស់លាស់ ដូចជា​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​វិស័យ​មីន​ក្នុងការ​អភិវឌ្ឍ​គោលដៅ​សហស​វត្សរ៍ រហូតដល់​ការអភិវឌ្ឍ​គោលដៅ​ចីរភាព ហើយ​ដែល​ទាំងអស់នេះ បាន​នាំមក​នូវ​ការជឿទុកចិត្ត​ពី​សហគមន៍​ផ្តល់ជំនួយ ដើម្បី​មកជួយ​ដល់​វិស័យ​ដោះមីន​នៅ​កម្ពុជា ។ ប៉ុន្តែ​ដោយ​ប្រទេស​កម្ពុជា បាន​ឆ្លង​ផុតពី​ប្រទេស​ក្រីក្រ ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយនឹង​ឈាន ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​ខាងមុខ បានធ្វើឱ្យ​សហគមន៍​ផ្តល់ជំនួយ​ក៏បាន​បណ្តឹង​នៅ​ការ​ផ្តល់ជំនួយ​ទៅលើ​វិស័យ​ដោះមីន​នេះ​ផងដែរ​។ តែ​ទោះជា​យ៉ាងនោះ​ក្តី​មកដល់ពេលនេះ​ប្រទេស​ដែល​បាន​ផ្តល់ជំនួយ​គេ​នៅតែ​បន្ត​ជួយ​ដដែល​គ្រាន់តែ​តិចជាង​មុន ហើយ​ប្រទេស​មួយចំនួន​បានប្រកាស​ជួយ​ដល់​ឆ្នាំ​២០២៥ ទៀតផង​។​

លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ផងដែរ​ថា រហូតដល់​សព្វថ្ងៃនេះ​មាន​ប្រទេស​ថ្មីៗ​មួយចំនួន​កំពុងតែ​ផ្តល់ជំនួយ​មកដល់​ប្រទេស​កម្ពុជា ជាក់ស្តែង​ដូចជា​ប្រទេស​ចិន ដែល​បានផ្តល់​ជា​ថវិកា សម្ភារៈ និង​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​រាជការ​ក្នុងការ​បោសសំអាត​មីន​ផងដែរ​ ៕B


លោក​ទេសរដ្ឋមន្ត្រី លី ធុជ ថ្លែង​បញ្ជាក់​ពី​គោលដៅ​សម្អាត​មីន​ឱ្យអស់​នៅ​ឆ្នាំ​២០២៥​ទៅកាន់​មន្ត្រី បុគ្គលិក អាជ្ញាធរ​មីន ។​

ទីតាំងផ្សាយពាណិជ្ជកម្ម