ប្រជាពលរដ្ឋ​រស់នៅ​បុរី​សន្តិភាព​២​ខណ្ឌ​ពោធិ​សែន​ជ័យ​នាំគ្នា​តវ៉ា​,​ស្នើសុំ​មក​នៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ខណ្ឌដង្កោ​វិញ​

710
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ដែល​បាននិងកំពុង​រស់នៅ​បុរី​សន្តិភាព​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានធ្វើ​ការតវ៉ា​ស្នើសុំ​មក​រស់នៅ​ក្រោម​ការគ្រប់គ្រង របស់​រដ្ឋបាល​ខណ្ឌដង្កោ​វិញ ហើយ​ក្រោយ​ការតវ៉ា​នេះ​និង​ក្រោយពី​មានការ​សម្របសម្រួល អាជ្ញាធរ​ខណ្ឌ​ទាំងពីរ បាន​សុំឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពស្ងប់ស្ងាត់ ដោយ​ទុកឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ពិសេស​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ជា​អ្នកសម្រេច​។​
​ពាក់ព័ន្ធ​ការតវ៉ា​ខាងលើនេះ​មន្ត្រី​ដែល​បាន​ចុះ​សម្រប​ដ​ម្រួ​ល​លើ​ការងារ​នេះ​បានឱ្យដឹងថា​៖ កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨​លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ និង​លោក ហែម ដា​រិ​ទ្ធ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ខណ្ឌ​ទាំងពីរ ចុះ​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​បុរី​សន្តិភាព​២ ដែល​បាន​តវ៉ា​ស្នើសុំ​មក​នៅក្រោម​ការគ្រប់គ្រង របស់​រដ្ឋបាល​ខណ្ឌដង្កោ​វិញ​ដោយ​មូលហេតុ​ប្រជាពលរដ្ឋ​លើកឡើងថា នៅក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​៖ សព្វថ្ងៃ​មាន​ចោរ​ចូល​គាស់​ផ្ទះ​ច្រើន​ទាំងយប់​ទាំង​ថ្ងៃ ,​មាន​គ្រឿងញៀន​ច្រើន ,​មាន​ល្បែងស៊ីសង​ខុសច្បាប់ ជាដើម​។​ពួកគាត់​ថា​៖​កន្លងមក​ក្រោយ​កើតហេតុ​ម្ដងៗ​ស្នើ​កម្លាំង​អន្តរាគមន៍​ជួយ​ពី​ខណ្ឌ​ពោធិ​សែន​ជ័យ​តែងតែ​មក​យឺត​ទាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​។​
​បន្ទាប់ពី​បាន​ស្ដាប់​មតិ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​វេទិការ​សាធារណៈ​ខាងលើ​នេះហើយ​និង ក្រោយពី​ទទួលបាន​នូវ​ការលើកឡើងរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ខាងលើ រដ្ឋបាល​ខណ្ឌ​ទាំងពីរ បានស្នើ​សុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ទុក​លទ្ធភាព​ជូន​សមត្ថកិច្ច​រដ្ឋបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ដាក់​កម្លាំង​បន្ថែម​ដើម្បី​បង្ក្រាប​បទល្មើស​ដែល​ប្រជាពលរដ្ឋ​លើកឡើង​ខាងលើ​ឱ្យបាន​ល្អ​។​
​ជាមួយ​ការស្នើរ​សុំ​នេះដែរ​រដ្ឋបាល​ខណ្ឌ​ទាំងពីរ​ពោធិ​សែន​ជ័យ​និង​ខណ្ឌដង្កោ នឹងធ្វើ​របាយ​ការ​ណ៏​លម្អិត​ជូនទៅ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​សម្រេច​៕

ទីតាំងផ្សាយពាណិជ្ជកម្ម