ទូរស័ព្ទ Samsung អាច​បត់​បាន​អាច​នឹង​ក្លាយជា​ការពិត​ឆាប់ៗ​នេះ​

1762
ចែករម្លែក

​យើង​ពិតជា​បានឃើញ​បច្ចេកវិជ្ជា​ថ្មី​គួរឱ្យកត់សម្គាល់​លើសពី​ម្តង​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ​។ បន្ទាប់ពី​សន្យា​ចោល​រាប់​ឆ្នាំ បច្ចេកវិជ្ជា​បែបនេះ​ទីបំផុត​គ្រោង​នឹង​ចូលមក​ដល់ទី​ផ្សា​រហើយ គឺ អេក្រង់​អាច​បត់បែន​បាន​។​

​សាក​ស្រមៃ​មើល អេក្រង់​ថេ​ប្លេ​ត ដែល​អ្នក​អាច​បត់​ដាក់​ក្នុង​ហោប៉ៅ​បាន នាឡិកា​ឆ្លាត ដែល​ខ្សែ​របស់​វា​គឺជា​អេក្រង់ ឬ កាបូបយួរ ដែលជា​ស្គ្រី​ន​ម៉ូនីទ័រ​និង​ក្តារ​ចុច​ផងដែរ​នោះ​។ ក្រុមហ៊ុន Nokia ដំបូង​ឡើយ​បាន​ហៅ​បច្ចេកវិជ្ជា​នេះ​ថា “Morph” កាលពី​ឆ្នាំ ២០០៨ ដោយសារតែ​ភាព​ច្រើន​បរិបូរណ៍​បែប​នៃ​កម្មវិធី ដែល​នឹង​ធ្វើឱ្យ​វា​អាចទៅរួច​។ ឥឡូវ វា​ហាក់ដូចជា​នឹង​ក្លាយជា​ការពិត​។​

​បន្ទាប់ពី​ធ្វើការ​ងារ​អស់​ជិត​២​ទសវត្សរ៍ ក្រុមហ៊ុន Samsung តាម​ដឹង​គឺ​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការចេញ​ស្មា​ត​ហ្វូ​ន​ដំបូង​ដែល​អាច​បត់បែន​បាន​។​

​ប្រធាន​ក្រុមហ៊ុនទូរស័ព្ទ​នេះ​កាលពីពេល​ថ្មីៗ នេះ​បានឱ្យដឹងថា វា​ជា​ពេលវេលា​ក្នុង​ការចេញ​នូវ “​ទូរស័ព្ទ​បែបនេះ​” ហើយ ដូច្នេះ​ដំណើរការ​អភិវឌ្ឍ​រប​ស់​ក្រុមហ៊ុន​សម្រាប់​វា​គឺ​ជិត​រួចរាល់​ហើយ​។​

​ប៉ុន្តែ​ប្រហែលជា​សំខាន់​ជាងនេះទៅទៀត​គឺថា ផ្នែក Samsung Display របស់​ក្រុមហ៊ុន​ថ្មីៗ​នេះ​បាន​និយាយថា ខ្លួន​បាន​បង្កើត “​អេក្រង់​ស្មា​ត​ហ្វូ​ន​ដែល​មិនអាច​បំបែក​បាន​” ដែល​បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​សុវត្ថិភាព​យ៉ាង​ហ្មត់ចត់​។ សូម្បី​បន្ទាប់ពី​ត្រូវ​នឹង​កម្តៅ ៧១ អង្សា និង ត្រជាក់ -៣២ អង្សា និង​ធ្លាក់ចុះ​ពី​កម្ពស់ ១,៨ ម៉ែត្រ ក៏​អេក្រង់​ស្មា​ត​ហ្វូ​ន​នៅតែ​មិន​បង្ហាញ​សញ្ញា​នៃ​ការខូចខាត​និង​ដំណើរការបាន​ធម្មតា​។​

​អេក្រង់​នេះ​គឺជា​បន្ទះ​ឌីជីថល​អេឡិចត្រូនិក OLED ដែល​ផលិត​ពី​ប្លា​ស្ទិ​ក​ស្វិត​មិនអាច​បំបែក​បាន ដោយ​ធ្វើឱ្យ​វា​មាន​ទម្ងន់​ស្រាល​និង​រឹងមាំ​ដូច​កញ្ចក់​ដែរ ប៉ុន្តែ​វា​រឹងមាំ​ជាង​។​

​ក្រុមហ៊ុន​ជាច្រើន​បាន​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ធ្វើឱ្យ​អេក្រង់​មាន​លក្ខណៈ​បត់បែន​បាន​និង​មាន​អារម្មណ៍​ដូច​ក្រដាស​ជាមួយ​មុខងារ​អេ​ឡិច​ត្រូ​និ​ច​ដំណើរការ​ពេញលេញ​។ ប្រសិនបើ Samsung ពិតជា​បាន​រកឃើញ​វិធី​មួយ​ដើម្បី​ការពារ​អេក្រង់ OLED ដែល​អាច​បត់បែន​បាន នោះ​ក្រុមហ៊ុន​បាន​ដោះស្រាយ​បញ្ហា​បច្ចេកទេស​សំខាន់​មួយ​ក្នុងការ​លុបបំបាត់​តម្រូវការ​សម្រាប់​កញ្ចក់​ដែល​ប្រើ​នៅលើ​អេក្រង់​ផ្សេងៗ​ទៀត​នាពេល​បច្ចុប្បន្ននេះ​៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ​អេក្រង់​អាច​បត់បែន​បាន​អាច​នឹង​ចេញ​នៅពេល​ឆាប់ៗ​ខាងមុខ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ