មន្ដ្រី​នាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​លិខិត​ចំហរ​មួយ​ជូន​ជនរួមជាតិ​ខ្មែរ​នៅ​ឯនាយសមុទ្រ​

1073
ចែករម្លែក

ដោយ : វិបុល/ ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញានេះ មន្រ្ដីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញ​លិខិតចំហរមួយ ជូនជំពោះជនជាតិខ្មែរដែលរស់នៅឯនាយសមុទ្រ (ខ្មែរអាមេរិកាំង-ខ្មែរកាណាដា) គ្រាដែល​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងអញ្ជើញចូលរួមក្នុង​កិច្ចប្រជុំ​ទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា

លោក ផៃ ស៊ីផាន មន្រ្ដីនាំពាក្យបានរៀបរាប់ដូចតទៅ ថា ៖

​ក្នុង​​នាម​​រាជរដ្ឋាភិបាល ដែល​កើតឡើង​តាមរយៈ សន្លឹកឆ្នោត​ដ៏​លើសលប់ និង​ការទទួលស្គាល់ ជាង​កៅសិប​ភាគរយ នៃ​ប្រជាពលរដ្ឋ​រួម នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ និង​អបអរសាទរ ចំពោះ កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​របស់​បងប្អូន​ទាំងអស់ ដល់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ដែល​សម្តេច នឹង​មាន​វត្ត​មាននៅ​បុរី​ញូ​យ៉​ក (New York) អង្គការសហប្រជាជាតិ​។ ជា​តំណាង ដ៏​ធំធេង ជូន​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង កិច្ចពិភាក្សា​ជាស​កល នៅក្រោម​មូលបទ “​ធ្វើ​ឲ្យ​អង្គការសហប្រជាជាតិ មាន​សារៈសំខាន់​ពាក់ព័ន្ធ​ជាមួយ​ប្រជាជន​ទាំងអស់ ភាពជា​អ្នកដឹកនាំ​សកល និង​ការទទួលខុសត្រូវ​រួម​សម្រាប់​សង្គម ប្រកបដោយ​សន្ដិភាព សមធម៌ និង​និរន្ដ​ភាព​” ។ ក្រៅពី​កិច្ច​ថ្លែងការណ៍​ក្នុង​រូបភាព​តស៊ូ​មតិ លើ​ឆាក​អង្គការ សហប្រជាជាតិ សម្ដេច​តេ​ជោ ក៏​នឹង​ទទួល​ជួបពិភាក្សា​ការងារ ជាមួយ​ថ្នាក់ ដឹកនាំ កំពូល នៃ​ប្រជាជាតិ​ជា​មិត្ត មួយចំនួន ក្នុង​កិច្ច​ផ្លះប្តូរ ចក្ខុវិស័យ និង ពង្រឹង​បន្ដ​នូវ​កិច្ចសហការ ក្នុង​វិស័យ​មួយចំនួនទៀត ។​

បងប្អូន​ជនរួមជាតិ​ជាទីគោរព និង​ជាទី​មេត្រី !
​កម្ពុជា​បាន​បោះ​ជំ​ហ៊ាន​យ៉ាង​ធំ​ប្រកបដោយ សក្ដានុពលភាព ថាមពល និង ប្រសិទ្ធភាព ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ។ គឺ​បរទេស​ទេ ដែល បំបែក​យើង គេ​ទេ​! ដែល​នាំ​យើង​ឲ្យ​បម្រើ​មនោគមវិជ្ជា​នៃ​ផលប្រយោជន៍ ភូមិសាស្ត្រ នយោបាយ ក្នុងការ​ប្រកួតប្រជែង​អំណាច និង​ឥទ្ធិពល​របស់គេ នោះ រាប់ទាំង​អ្នកជិតខាង និង​បរទេស​ឯនាយសមុទ្រ​ផង​។ នេះ​ជា​ប្រវត្តិសាស្ដ្រ​មួយ ដ៏​ឈឺចាប់​បំផុត ។ ខ្មែរ​យើង​ទេ​ដែល​បង្កើតបាន​នូវ​កិច្ចព្រមព្រៀង​សន្ដិភាព​ពី​សំណាក់​ភាគី​ជម្លោះ​ប្រដាប់អាវុធ នៅ​ទីក្រុង​ប៉ារីស ។ ​រថយន្ដ​ទំនើបៗ​បាន​ធ្វើ​ចរាចរណ៍កកកុញ​ពេញ​ផ្ទៃ​ប្រទេស ដែល​ជំនួស​ពីអតីតកាលដែលមាន​រថយន្ដ​ពណ៌​ស ពាក់​ស្លាក​យូ​អិន (UN) និង​ប្រ​ម៉ោ​យ អង់​តែ​ន ផ្ទុកដោយ​ទាហាននិង​សព្វាវុធ ចរាចរ​ណ៍ពាសពេញ​ផ្ទៃ​ប្រទេស របស់​យើង ។ យើ​ង​ទេ​ដែល​បានបញ្ចប់ ឧទ្ទាម​កម្ម ដែលជា​ស្នាដៃ​ខ្មែរ​។ បច្ចុប្បន្នកាល​កម្ពុជា ជា​ភាគី​ដៃគូ និង​សហការ​ជាមួយ​អង្គការ​សហ​ប្រជា ជាតិ នោះ​រួមទាំង​ការតស៊ូ​មតិ និង​ទទួលបាន​តំណែង​ដោយ​ការបោះឆ្នោត ជា​ប្រធាន និង​អនុប្រធាន​នៃ​អង្គ​ការចាត់​តាំងរបស់​អង្គការ​កំពូល នេះ ។ មិន​ត្រឹមតែ​ការតស៊ូ​មតិ​នោះទេ កម្ពុជា​ជា​អ្នក​សកម្ម​ក្នុង​កិច្ច​ការថែទាំ​សន្ដិភាព នៅក្នុង​ប្រទេស ដែលមាន​វិវាទ​ប្រដាប់អាវុធ ។

​ទោះបីជា យើង​នៅ​ដាច់​ឆ្ងាយ​ពីគ្នា​ពិតមែន រាជរដ្ឋាភិបាល​តែងតែ​មើ​ល​ឃើញ បងប្អូន ដែល​រស់នៅ​ឯនាយ​សមុទ្រ គឺជា​កម្លាំង​ធាតុ និង​សម្បត្តិ​ជាតិ រួមគ្នា កសាង​មាតុប្រទេស​យើង ឲ្យ​ចាក​ឆ្ងាយ​ពី​ការ​ញាំញី និង​ការជ្រៀត​ជ្រែក​ពី បរទេស ដែល​យើ​ង​យក​កម្ពុជា​ជា​អាទិភាព​មុន​អ្វីៗ​ទាំងអស់ ។ នេះ​ជា​បំណង នៃ​ការឯកភាព ដែល​បងប្អូន​បានបង្ហាញ វត្តមាន​នៅពេលនេះ ជាមួយនឹង សម្ដេច​តេ​ជោ នៅក្នុង​បុរី​ញូ​យ៉​ក (New York) ។ ​ការជួប​ជុំគ្នា​នេះ គឺជា​ការបន្ដ​នូវ​កិច្ច​ប្ដេជ្ញា​ថា ខ្មែរ​តែមួយ​ក្នុងន័យ​ឯកភាព រក្សាបាន​នូវ​សន្ដិភាព និង​ការរីកចម្រើន ជូន​ដល់​មាតុប្រទេស យើ​ង ក៏ដូចជា​កាតព្វកិច្ចរ​បស់​យើង ដែល​ស្ថិតនៅក្នុង​អត្ថន័យ​នៃ​ចម្រៀង​ដែល​បាន តាក់តែងឡើង​ដោយ​សម្ដេច ព្រះសង្ឃរាជ ជួន ណាត “ ជនជាតិខ្មែរ​កើត​នៅ លើដី​ខ្មែរ យើង​ត្រូវ​ខំ​ថែ​ជាតិ​ឲ្យ​បាន​រុងរឿង កេរ្តិ៍ឈ្មោះ​ជាតិ​យើង​បាន​ថ្កុំថ្កើង លុះត្រាតែ​យើង​ចេះ​ថែរក្សា ។ ទោះបី​ខ្មែរ​រស់នៅ​ប្រទេស​ណា ចូរ​កុំភ្លេចថា​ខ្លួន កើត​មកជា​ខ្មែរ កុំ​ឲ្យ​បរទេស​វា​មក​បង្វែរ ឲ្យ​ខ្មែរ និង​ខ្មែរ​បែកសាមគ្គី​គ្នា ថ្វីបើ គេ​ហ៊ាន​ចំណាយ ប្រាក់​កាក់​ចាយ​ហូរហៀរ​យ៉ាងណា ចូរ​កុំ​ភ្លេច​កេ​រ្តិ៏​ឈ្មោះ ខេមរា រុងរឿង​ថ្លៃថ្លា​តាំងពី​បុរាណ ព្រលឹង​ជាតិ​នៅ​គង់វង្ស​បានយូរ ព្រោះតែ យើង​ស៊ូ​រួបរួមគ្នា​គ្រប់​ប្រាណ កសាង​ជាតិ​ដោយ​ក្តី​ក្លាហាន ទើប​ជាតិ​យើង បាន​ស្គាល់​ក្តី​រុងរឿង ។ ” ដែលជា​បណ្ដាំ​របស់លោក ។​

វត្តមាន​របស់​បងប្អូន​ជនរួមជាតិ នៅក្រៅ​ស្រុក​ជាមួយ​សម្ដេច​តេ​ជោ គឺជាសញ្ញា​នៃ​ឯកភាព​ជាតិ ហើយ​ជា​សម្បត្តិ​មរតក​របស់​ជាតិខ្មែរ ដែលជា​ធាតុ ចូលរួម​ផ្សះផ្សា​ក្នុង​កិច្ចការពារ និង​កសាង​ជាតិ ដូច​អ្វីដែល​ខ្មែរ​បានធ្វើ និង ទទួលបាន​ជោគជ័យ ។ ខ្មែរក្រហម​តាមរយៈ​ការផ្សះផ្សា​ជាតិ និង​គណបក្ស នយោបាយ​នៅក្រៅ​សភា បន្ទាប់ពី​ការចូលរួម​បោះឆ្នោត ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨ កម្លាំង​ឯកភាព​ជាតិ​ក្នុងន័យ​ចូលរួម​ការពារនិង​កសាង​ជាតិ​នៅ ក្រោមរ​ដ្ឋ​ធម្មនុញ្ញ ព្រះមហាក្សត្រនិង​រាជរ​ដ្ឋា​ភិ​បាល​តែមួយ​។

សូម​ឲ្យ​វត្តមាន​បងប្អូន​ជនរួមជាតិ មាន​វត្តមាន​នៅក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ ទទួលបាន​នូវ ជោគជ័យ ក្នុងន័យ​ខ្មែរ​តែមួយ ដណ្ដើម និង​ពង្រឹង​មកវិញ​នូវ​កិត្តិយស និង មោទនភាព​ជាតិខ្មែរ ។ សូម​សម្ដែង​នូវ​អំណរគុណ និង​ចូលរួម​អបអរសាទរពី​ចម្ងាយ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម