ប្រទេស​សហភាព​អឺរ៉ុប​ចំនួន ៥ ចុះ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ជួយ​គ្នា​ទទួលយក​ជនអន្តោប្រវេសន៍​ដែល​ជាប់​នៅ​កណ្តាល​សមុទ្រ​ម្នាក់​បន្តិចៗ​

841
ចែករម្លែក

​ប្រទេស​សហភាព​អឺរ៉ុប​ចំនួន​៥​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​កញ្ញា​ដើម្បី​ចែករំលែក​គ្នា​រវាង​ពួកគេ​នូវ​ជនអន្តោប្រវេសន៍ ៥៨ នាក់​ដែល​ត្រូវបាន​ជួយសង្គ្រោះ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​និង​ទុកចោល​ឱ្យនៅ​ជាប់​កណ្តាល​សមុទ្រ​ដោយសារ​ការខ្វែងគំនិត​គ្នា​ជា​បន្ត​នៅក្នុង​ប្លុក​អឺរ៉ុប​អំពី​វិធី​ដោះស្រាយ​ជាមួយនឹង​ការហូរចូល​របស់​ជន​អន្តោប្រវេសន៍​ដែល​ព្យាយាម​ចូល​ដោយ​ខុសច្បាប់​ពី​អាហ្វ្រិក​ខាងជើង​។​

​មន្ត្រី​អេ​ស្ប៉ា​ញ​ម្នាក់​ដែល​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​បញ្ចេញ​ឈ្មោះ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​និយាយថា អេ​ស្ប៉ា​ញ បារាំង ព័រ​ទុយ​ហ្គា​ល់ អាល្លឺម៉ង់ និង​ម៉ា​ល់តា បាន​យល់ព្រម​ទទួលយក​ជនអន្តោប្រវេសន៍ ដែល​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ក្រុម​សប្បុរសធម៌​នៅក្បែរ​សមុទ្រ​លី​ប៊ី​កាលពី​សប្ដាហ៍​មុន ប៉ុន្តែ​បាន​ជាប់គាំង​នៅលើ​នាវា​សង្គ្រោះ​ឯកជន​មួយ ព្រោះ​រក​មិនឃើញ​ប្រទេស​ណា​ដែល​អាចឱ្យ​ខ្លួន​ចូល​ចត​បាន​។​

​ការ​បំបែក​ភាពទាល់ច្រក​នេះ​បាន​កើតមានឡើង​បន្ទាប់ពី​មាន​ភាពមិនប្រាកដប្រជា​ជាច្រើន​ថ្ងៃ ជាមួយ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ជាច្រើន​ស្ទាក់ស្ទើរ​ក្នុង​ការធ្វើសកម្មភាព​លើ​បញ្ហា​អន្តោប្រវេសន៍​ដ៏​ចម្រូងចម្រាស់ ឬ​ប្តេជ្ញា​បញ្ឈប់​លំហូរ​ជន​អន្តោ​ប្រវេ​សម៍​។ កប៉ាល់​មនុស្សធម៌​ដែល​ផ្ទុក​ជនអន្តោប្រវេសន៍​ដែល​គេ​ជួយសង្គ្រោះ កាន់តែ​ពិបាក​ខ្លាំង​ឡើង​ក្នុងការ​ចូលទៅ​បណ្តាល​ប្រទេស​អឺរ៉ុប ក្រោម​សម្ពាធ​នយោបាយ​ដើម្បី​បញ្ឈប់​ជន​ចំណូល​ថ្មី​។​

​យោងតាម​មន្ត្រី​នោះបាន​ឱ្យដឹងថា ជនអន្តោប្រវេសន៍​ទាំងអស់​មកពី​នាវា​សង្គ្រោះ Aquarius 2 នឹង​ចូល​ចត​នៅ​ម៉ា​ល់តា ហើយ​ប្រទេស​អេ​ស្ប៉ា​ញ​នឹង​ទទួលយក​ជនអន្តោប្រវេសន៍ ១៥ នាក់​។ មុននេះ​ព័រ​ទុយ​ហ្គា​ល់​បាន​និយាយថា​ខ្លួន​នឹង​ទទួលយក​ជនអន្តោប្រវេសន៍ ១០​នាក់​ក្នុងចំណោម​នោះ​។ បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ផ្សេងទៀត​មិនបាន​បញ្ជាក់​ច្បាស់លាស់​ថា​តើ​ពួកគេ​នឹង​ទទួលយក​ប៉ុន្មាន​នោះទេ​។​

​ប្រទេស​ម៉ា​ល់តា​បាន​និយាយថា​ខ្លួន​នឹង​បញ្ជូន​នាវា​យោធា​ដើម្បី​នាំ​ជន​អន្តោ​ប្រវេ​ស​ទៅកាន់​ច្រាំង​សមុទ្រ​មុនពេល​ពួកគេ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អឺរ៉ុប​ដទៃទៀត​។​

​រដ្ឋាភិបាល​ម៉ា​ល់តា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ដោយសារ​មុននេះ​កប៉ាល់​បាន​ដោត​ទង់ជាតិ​ប៉ា​ណា​ម៉ា ដូច្នេះ​វា​នឹងធ្វើ​ដំណើរ​ទៅ​កំពង់ផែ​ដើម​របស់​វា​នៅ​ទីក្រុង​ម៉ា​កសី ប្រទេស​បារាំង “​ដើម្បី​កែតម្រូវ​ស្ថានភាព​គ្មាន​រដ្ឋ​របស់ខ្លួន​” បន្ទាប់ពី​ជនអន្តោប្រវេសន៍​ចុះ​ពី​កប៉ាល់​៕ ដោយ៖ កញ្ញាដាលីស

នាវា​សង្គ្រោះ Aquarius 2 នឹង​ចូល​ចត​នៅ​ម៉ា​ល់តា មុនពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អឺរ៉ុប​ដទៃទៀត

ទីតាំងផ្សាយពាណិជ្ជកម្ម