ចិន​បដិសេធ​មិនអោយ​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ចូល​ចត​នៅ​ហុងកុង​

1015
ចែករម្លែក
  • 174
    Shares

ចិនបានបដិសេធសំណើមួយរបស់កងទ័ពជើងទឹកអាមេរិក សំរាប់នាវាផ្ទុកយន្តហោះUSS Wasp ចូលចតនៅកំពង់ផែក្រុងហុងកុង ចំពេលប្រទេសទាំងពីរមានជម្លោះពាណិជ្ជកម្មហើយរដ្ឋាភិបាលក្រុងប៉េកាំងបានសំរេចចិត្តកោះហៅឧត្តមនាវីម្នាក់មកពីសន្និសីទសមុទ្រអន្តរជាតិនៅរដ្ឋរ៉ូដ អាលែន សហរដ្ឋអាមេរិកមកស្រុកវិញ។

នាវាអាមេរិកជាច្រើនគ្រឿងត្រូវបានគេឃើញងាកចេញពីអតីតដែលដីអាណានិគមអង់គ្លេសនេះចំនួន២លើកនៅរយៈពេល៣ឆ្នាំមកនេះ ទោះជាខ្លួនមានប្រវត្តិចូលចតនៅទីនេះក្តី នេះបើតាមប្រភពការទូតអាមេរិកប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

បញ្ជាការកងនាវាទី៧អាមេរិកម្នាក់បាននិយាយថា”រដ្ឋាភិបាលចិនមិនអនុញ្ញាតតាមសំណើចូលចតផែហុងកុងទេ។យើងមានប្រវត្តិចូលចតនៅហុងកុងហើយយើងរំពឹងថាការងារនេះនឹងបន្ត”។

USS Waspជានាវាដំបូងក្នុងកងម៉ារីនអាមេរិកដែលផ្ទុកយន្តហោះទំនើបឡើងត្រង់ចុះត្រង់F-35B។នាវានេះត្រូវបានបញ្ជូនទៅប្រតិបត្តិការនៅក្នុងតំបន់មហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិកកាលពីខែមីនា។

ចិនក្រៅពីហៅឧត្តមនាវីរង សេន ជីនឡុង មកស្រុកវិញ កុំអោយបន្តជំនួបជាមួយមន្រ្តីយោធាអាមេរិក ខ្លួនក៏​បាន​ហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំក្រុងប៉េកាំងមកស្តាប់ការសំរេចរបស់កងទ័ពប្រជាជនចិនថា ចិនបដិ​សេធចោលកិច្ចពិភាក្សាយោធាអាមេរិក-ចិនបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មលើមន្រ្តីយោធាចិនដោយសារតែចិនទិញយន្តហោះនិងប្រព័ន្ធកាំជ្រួចពីរុស្ស៊ី។

អាមេរិកនិងចិនក៏ឈ្លោះគ្នារឿងពាណិជ្ជកម្ម ដោយអាមេរិកយកពន្ធលើទំនិញចិនតំលៃ២០០ពាន់លានដុល្លារកាល​ពីសប្តាហ៍មុន ហើយចិនបានឆ្លើយតបដោយយកពន្ធលើទំនិញអាមេរិកតំលៃ៦០ពាន់លានវិញ៕ដោយ:វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម