​ខ្ញុំ​នៅតែ​ចងចាំ ទោះបី​របប​ខ្មែរក្រហម​ដួលរលំ​ទៅហើយ​

2093
ចែករម្លែក

ដោយ​: សេត អំណត់ និស្សិត​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​
​ភ្នំពេញៈ​ខ្ញុំ​ឈ្មោះ ប៊ី ឆេង មាន​អាយុ​៧៤​ឆ្នាំ សព្វថ្ងៃ​គាត់​រស់នៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរ មានជ័យ​។ ខ្ញុំ​មាន​ប្ដី​របស់ខ្ញុំ​ឈ្មោះ ស៊ិន តិ បាន​ស្លាប់​ដោយសារ​ជំងឺ​ចាស់ជរា និង​មានកូន​ទាំងអស់​ចំនួន​៤​នាក់ ស្រី​២​នាក់ និង​កូនប្រុស​២​នាក់​។

​នៅ​ក្នុងសម័យ​ខ្មែរក្រហម​បានរស់នៅ​ជាមួយ​ប្ដី និង​កូនៗ​នៅ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ​។ ក្រោយមក​មាន​ខ្មែរក្រហម​មួយក្រុម​បានមក​ជម្លៀស​ខ្ញុំ​និង​ប្ដី​ឲ្យ​ចាក​ចេញពី​ភូមិ​។ ចំណែក​ប្រុសៗ​នៅ​លីវ​មួយចំនួន ខ្មែរក្រហម​មិនបាន​ជម្លៀសចេញ​ទេ គឺ​បានជ្រើសរើស​ឲ្យ​ចូលធ្វើ​យោធា​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ​។​

សេត អំណត់ និស្សិត​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​

​នៅពេល​កំពុង​ជម្លៀស ខ្ញុំ​បានឃើញ​ឡាន​មួយគ្រឿង​ផ្ទុក​យោធា​ខ្មែរក្រហម​ប្រមាណ​៤​ទៅ​៥​នាក់ បើក​កាត់​ហ្វូងមនុស្ស​ដែល​កំពុង​ដើរ​ឈូឆរ ព្រមទាំង​ប្រកាស​តាម​ឧ​ឃោស​ន​សព្ទ​ថា ៖ ”​សូម​ចាក​ចេញទៅ​ឲ្យ​ឆ្ងាយ បន្ដិចទៀតនេះ កងទ័ព​អាមេរិក​នឹង​មក​ទម្លាក់​គ្រាប់បែក​! សូម​បងប្អូន​ចេញទៅ​! ពីរ​បី​ថ្ងៃ​ទៀត កងកម្លាំង​យើង​នឹង​ដក​ត្រឡប់​ទៅវិញ​ហើយ​!”​។ សំឡេង​ប្រកាស​នេះ បាន​បន្លឺឡើង​ជាច្រើនលើក​ច្រើនសារ​។ នៅតាម​ផ្លូវ ប្រជាជន​បាន​ប្រមូលផ្ដុំ និង​តម្រៀបជួរ​គ្នា​យ៉ាង​វែង​អន្លាយ និង​មាន​សភាព​ណែនណាន់តាន់តាប់​។ ម្នាក់ៗ​ស្ពាយ​បង្វិច​រៀងៗ​ខ្លួន និង​កាន់​ដៃ​គ្នា​ជាប់ ព្រោះ​ខ្លាច​វង្វេងគ្នា​។

ប្រជាជន​ទាំងនោះ​រំកិល​ទៅមុខ​បន្ដិច​ម្តងៗ ដោយ​ក្នុង​មួយ​ព្រឹក ធ្វើដំណើរ​បានតែ​មួយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ ការធ្វើដំណើរ​ដោយ​គ្មាន​ទិសដៅ​ច្បាស់លាស់​នៅក្រោម​កម្តៅថ្ងៃ រួមជាមួយ​ការបាញ់រះ និង​សម្លុត​បែបនេះ​បានធ្វើ​ឲ្យ​ប្រជាជន​មានការ​បាក់ស្បាត​។ ចំណែក​ក្រុម​អ្នកប្រឆាំង ត្រូវ​កង​យោធា​ខ្មែរក្រហម​សម្លាប់ចោល​នៅនឹងកន្លែង​។ នៅតាម​ផ្លូវ​ធ្វើដំណើរ យោធា​ខ្មែរក្រហម​បាន​ឆែកឆេរ​ហិប និង​បង្វេច​អីវ៉ាន់​ដើម្បី​ដកហូត​របស់របរ​មា​ន​តម្លៃ ដូចជា វិទ្យុ គ្រឿងអលង្ការ នាឡិកាដៃ និង​សម្លៀកបំពាក់​ថ្មីៗ​។ ស្របពេលនោះ ក្រុម​យោធា​ខ្មែរក្រហម​បាន​សាក​សួររក​អ្នក​ដែល​ចេះដឹង ជាពិសេស​អ្នក​ដែល​ធ្លាប់​បម្រើការ​នៅក្នុង​របប លន់ នល់ និង​អ្នក​ដែល​ខ្មែរក្រហម​សង្ស័យ គឺ​ត្រូវ​ឃាត់ខ្លួន​ទុក​ដើម្បី​បញ្ជូនទៅ​ថ្នាក់លើ​បន្តទៀត​។ មាន​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយសារ​ជំងឺ និង​ការអត់ឃ្លាន​។ នៅ​ថ្ងៃ​បន្ទាប់ ក្បួន​ធ្វើដំណើរ​ចេះតែ​រំកិល​ទៅមុខ និង​កាន់តែ​ជិត​ដល់​គោលដៅ ព្រោះ​មានការ​គំរាមកំហែង​ពី​សំណាក់​យោធា​ខ្មែរក្រហម​។ សម្រាប់​សភាពការណ៍​នៅពេលនោះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប្រជាជន​មិន​សង្ឃឹមថា​បានមក​ផ្ទះ​ដូច​សម្ដី​ដែល​ខ្មែរក្រហម​បាន​សន្យា​ឡើយ​។​

​ខ្ញុំ​បានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង រួមជាមួយ​របស់រប​រ​សំពីងសំពោង ចាក​ចេញពីផ្ទះ​ទាំង​បង្ខំ​ចិ​ត្ដ​ជាមួយ​អារម្មណ៍​នឹកគិត​ដល់​កូនៗ​។ ខ្ញុំ​និង​ប្ដី​បានរស់នៅ​បែក​គ្នា​ពេលទៅដល់​ស្រុក​ក្រឡាញ់ ក្នុង​ខេត្ដ​សៀមរាប​។ អង្គការ​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ដក​ស្ទូង លើក​ទំនប់ និង​ជីក​ប្រឡាយ ចំណែក​ប្ដី​របស់ខ្ញុំ ត្រូវ​ចេញទៅ​ភ្ជួរ​រាស់ កាប់ឆ្ការ​ព្រៃ និង​ជីក​ស្រះ​។ សម្រាប់​ខ្ញុំ និង​ប្ដី ក៏​ដូច​ប្រជាជន​ដទៃទៀត​ដែរ ត្រូវតែ​ខិតខំ​ធ្វើ​ការងារ​ទាំងយប់​ទាំង​ថ្ងៃ និង​គ្មាន​ពេល​ឈប់សម្រាក​ឡើយ​។ ខ្ញុំ​មិនមាន​អាហារ​សម្រាប់​បរិភោគ​ទេ គឺ​ហូប​តែ​បបរ​រាវៗ​ស្ទើរតែ​គ្មាន​គ្រាប់​អង្ករ ជាមួយ​សម្ល​ត្រកួន សម្ល​ល្ហុង ដែល​គ្មាន​រស់ជាតិ គ្មាន​សាច់ គ្មាន​អនាម័យ បណ្ដាល​ឲ្យ​ខ្ញុំ​ស្គមស្គាំង និង​គ្មាន​កម្លាំងកំហែង​។ ពេល​ខ្ញុំ​ឃ្លាន​ខ្លាំង ខ្ញុំ​បាន​លួច​បរិភោគ​ស្លឹកឈើ​ព្រៃ​បន្ថែមទៀត​។ ខ្ញុំ​បាន​ឈឺក្រពះ ពោះវៀន និង​ពិតជា​លំបាក​ខ្លាំងណាស់​សម្រាប់​ខ្ញុំ​។ ទោះបីជា​យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​មិនដែល​ហ៊ាន​រអ៊ូរទាំ​ដែរ ព្រោះ​ខ្លាច​អង្គ​ការដឹង និង​ចោទប្រកាន់​មកលើ​ខ្ញុំ​។ វិន័យ​របស់​អង្គការ​នៅពេលនោះ ប្រសិនបើ​នរ​ម្នាក់​ឈឺ​គឺ​មិន​ផ្តល់ អាហារ​ឲ្យ​បរិភោគ​ឡើយ ហើយ​អង្គការ​អាច​ចោទ​អ្នកជំងឺ​ថា​ជា​គិញ​សម្ងាត់ និង​អាច​យកទៅ​សម្លាប់ចោល​ថែមទៀត​ផង​។ ជីវិត​របស់ខ្ញុំ​នៅពេលនោះ គឺ​ទទួលរង​នូវ​ការគៀបសង្កត់ និង​បំបិទ​សិទ្ធ​សេរីភាព​គ្រប់បែបយ៉ាង​។ អ្វីដែល​គួរ​ឲ្យ​ភ័យខ្លាច​នៅ​ជំនាន់​នោះ គឺ​ខ្មែរក្រហម​សម្លាប់​មនុស្ស​ដោយ​គ្មាន​ត្រា​ប្រណី គ្មាន​ការយោគយល់ និង​គ្មាន​អធ្យាស្រ័យ​ឡើយ​។ ខ្មែរក្រហម​តែងតែ​ប្រើ​អំណាច​ផ្ដាច់ការ​ដើម្បី​គំរាមកំហែង និង​សម្លាប់​ប្រជាជន​ជារឿយៗ​។ ខ្ញុំ​ធ្លាប់​បានឃើញ​ក្រុម​ឈ្លប​ខ្មែរក្រហម​យក តា​ញ៉ៃ ដែលជា​មិ​ត្ដ​សម្លាញ់​របស់​ប្ដី​ខ្ញុំ ទៅ​សម្លាប់​ដោយសារតែ​គាត់​ឈឺ​គ្រុន និង​ចេញទៅ​ធ្វើការ​ពុំរួច​។ ដំបូង​អង្គការ​បាន​បង្អត់អាហា​រ តា​ញ៉ៃ រួចហើយ​ក៏​យក​គាត់​ទៅ​សម្លាប់ចោល​តែម្ដង ដោយ​ចងដៃ​ចងជើង​របស់គាត់ បន្ទាប់មក​យក​គាត់​ទៅ​ដុត​នៅក្នុង​ឡ​អង្កាម​មួយ​នៅក្បែរនោះ ដែល​មើលទៅ​អ​ណោ​ច​អ​ធ័​ម​យ៉ាងខ្លាំង​។ ឡ​សម្រាប់​ដុត​មនុស្ស​នោះ ស្ថិតនៅ​ក្នុងភូមិ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់​។ មកទល់នឹង​សព្វថ្ងៃ ខ្ញុំ​នៅតែមាន​អារម្មណ៍​ភ័យខ្លាច និង​អាណិតអាសូរ​ចំពោះ​ការស្លាប់​របស់ តា​ញ៉ៃ ព្រោះ តា​ញ៉ៃ ក៏​ធ្លាប់​បានធ្វើ​ការងារ​ជាមួយ​ខ្ញុំ ធ្លាប់​រស់នៅ និង​ហូបចុក​លំបាក​វេទនា​ជាមួយ​ខ្ញុំ​ដែរ​។

​ការរស់នៅ​របស់ខ្ញុំ​នៅ​សម័យ​នោះ ពិតជា​លំបាក​ខ្លាំងណាស់​សូម្បីតែ​ការ​ស្លៀកពាក់ គឺ​អង្គការ​តម្រូវ​ឲ្យ​ស្លៀកពាក់​សម្លៀកបំពាក់​ពណ៌​ខ្មៅ ដែល​តំណាង​ឲ្យ​វណ្ណៈ​កសិករ​ខ្មែរ​។ ចំណែក​ស្ត្រី អង្គការ​បាន​បើក​សំពត់​ឲ្យ​ម្នាក់​មួយ​សម្រាប់​ប៉ុណ្ណោះ​។ ខ្ញុំ​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ដដែលៗ រៀងរាល់ថ្ងៃ ធ្វើ​ឲ្យ​សាច់​កំណាត់​ដាច់​រហែក ពុកផុយ និង​ពោរពេញ​ទៅដោយ​ក្លិនស្អុយ​ដោយសារ​ញើស ហូរ​ដាប​ពេញ​រាងកាយ​។ ការ​ស្លៀកពាក់​បែបនេះ​ជា​ទម្លាប់​របស់ខ្ញុំ​ទៅហើយ ព្រោះ​សម្លៀកបំពាក់​មួយឈុត​នោះ នៅជាប់​ប្រាណ​របស់ខ្ញុំ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។ នៅ​សម័យ​នោះ យុវជន និង​យុវនារី​គ្មាន​សិទ្ធិ​សម្រេច​ទៅលើ​ការជ្រើសរើស​គូ​អនាគត​របស់ខ្លួន​ឡើយ គឺ​អង្គការ​ជា​អ្នករៀបចំ និង​ចាត់ចែង​រៀបការ​ឲ្យ​។ ប្រជាជន​គ្មាន​សិទ្ធិ​សូម្បីតែ​ការបញ្ចេញមតិ ឬ​បដិសេធ​នឹង​បញ្ជា ហើយ​ប្រសិនបើ​ជំទាស់ អង្គការ​នឹង​ចាប់យក​ទៅធ្វើ​ទារុណកម្ម ឬ​យកទៅ​សម្លាប់ចោល​មិន​ខាន​។ សម្រាប់​គូ​ស្វា​ម៉ី​ដែល​ទើប​រៀបការ​រួច ទោះបី​មិន​ស្រឡាញ់គ្នា គឺ​ត្រូវ​បង្ខំ​ចិ​ត្ដ​រួមដំណេក​ជាមួយគ្នា ព្រោះ​អង្គការ​បាន​បញ្ជូន​កង​ឈ្លប​ឲ្យ​មក​តាមដាន និង​ឃ្លាំមើល​នៅតាម​ផ្ទះ​ប្តី​ប្រពន្ធ​ទាំងនោះ​។

​ខ្ញុំ​ស្ទើរតែ​មិនអាច​បំភ្លេច​នូវ​រឿងរ៉ាវ​ដែល​បានកើត​នៅ​ក្នុងសម័យ​ខ្មែរក្រហម មកទល់នឹង​ពេលបច្ចុប្បន្ន​។ ប្រជាជន​រស់នៅ​ក្រោម​កា​រ​គាបសង្កត់ និង​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​កងឈ្លប​ខ្មែរក្រហម​។ ប្រជាជន​ដែល​ធ្លាប់​រស់នៅ​ជួបជុំ​គ្រួសារ ជាពិសេស​នៅ​ទីប្រជុំជន​ដែល​ធ្លាប់​តែមាន​មនុស្ស​រស់នៅ​ច្រើន​កុះករ ប្រែជា​ស្ងាត់​សូន្យឈឹង សាលារៀន វត្ត​អារាម​មួយចំនួន​ត្រូវ​ខ្មែរក្រហម​ប្រែ​កា្ល​យ​ទៅជា​គុក​សម្រាប់​ដាក់​មនុស្ស​។ ខ្មែរក្រហម​បាន​ជម្លៀស នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ គឺ​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពី​ការខ្លួន​កាន់អំណាច​។ ខ្មែរក្រហម​បាន​ប្រើប្រាស់​អាវុធ​ដើម្បី​គំរាមកំហែង រួមទាំង​ឃោសនា​បោកប្រាស់​ដើម្បី​ជម្លៀស​ប្រជាជន​ចេញ​។ បុរស ស្ដ្រី មនុស្ស​ចាស់ជរា ក្មេងៗ និង​អ្នកជំងឺ​ដែល​ស្នាក់​នៅក្នុង​មន្ទីរពេទ្យ ក៏ត្រូវ​ខ្មែរក្រហម​ជម្លៀសចេញ​ដែរ​។ ប្រជាជន​រាប់​សិន​ម៉ឺន​នាក់ ត្រូវ​ខ្មែរក្រហម​ជម្លៀស​ដោយ​ពុំទាន់​មាន​គោលដៅ​ច្បាស់លាស់​។

​ដោយយោង​ទៅតាម​ទ្រឹស្តី ៖ “​មាន​ស្រូវ គឺមាន​អ្វីៗ​ទាំងអស់​” ខ្មែរក្រហម​បាន​បណ្តេញ​អ្នកទីក្រុង​ទាំងអស់ ឲ្យ​ទៅ​រស់​នៅឯ​ជនបទ និង​ឲ្យ​ធ្វើ​ការងារ​ស្រែចម្ការ ដើម្បី​ផលិត​ស្រូវ​ឲ្យ​បាន​ច្រើន​។ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម​បាន​លុបបំបាត់ចោល​វណ្ណៈ​សក្ដិភូមិ កម្មសិទ្ធិឯកជន និង​គហបតី​ទាំងអស់​។ ខ្មែរក្រហម​បាន​បង្ខំ​ឲ្យ​ប្រជាជន​ទាំងចាស់​ក្មេង​ធ្វើការ​ជា​ទម្ងន់ គ្មាន​ត្រា​ប្រណី និង​គ្មាន​ពេល​សម្រាក ប៉ុន្តែ​មិន​ផ្តល់​អាហារ​ឲ្យ​បរិភោគ​គ្រប់គ្រាន់​ឡើយ​។ ប្រជាជន​បានរស់នៅ​ក្នុង​ភាពភ័យខ្លាច​។ ស្ទើរ​រៀងរាល់ថ្ងៃ ខ្ញុំ​បានឃើញ​ប្រជាជន​លួច​ចាប់​គីង្គក់ ហ៊ីង បង្គួ​យ ថ្លែន កញ្ចាញ់ចេក ពស់ យកមក​ដុត​ហូប​។ សូម្បីតែ​ស្បែក​គោ និង​ស្បែក​ក្របី ក៏​ប្រជាជន​ទាំងនោះ​យកមក​បរិភោគ​ដែរ ដោយសារតែ​ទ្រាំទ្រ​នឹង​ភាពអត់ឃ្លាន​ពុំបាន​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប្រជាជន​បាន​ស្លាប់​។ ចំណែក​ប្រជាជន​ដែល​ធ្លាប់​ធ្វើការ​ក្នុង​របប​មុនៗ ដូចជា ទាហាន បញ្ញវន្ដ សាស្ត្រាចារ្យ សិស្ស​និស្សិត និង​គ្រូបង្រៀន ក៏​ជា​មុខសញ្ញា​ដែល​ខ្មែរក្រហម​យកទៅ​សម្លាប់​ដែរ ។​

​នៅ​គ្រប់​ទីកន្លែង ខ្មែរក្រហម​បានសម្លាប់ និង​ដាក់ទណ្ឌកម្ម​ប្រជាជន​ជាមួយ​ការសម្រេចចិត្ត​ដ៏​ខ្លី និង​គ្មាន​ការវិនិច្ឆ័យ​ទោស​ឲ្យ​បានច្បាស់លាស់​ឡើយ ចំណែក​អ្នក​ដែលមាន​សិទ្ធិ​សម្រេច គឺមាន​តួនាទី​ត្រឹមតែ​ប្រធានភូមិ ឬ​ប្រធាន​កងឈ្លប​ប៉ុណ្ណោះ​។ ប្រសិនបើ​ខ្មែរក្រហម​សម្លាប់​ប្ដី ឬ​កូន ហើយ ខ្មែរក្រហម​ក៏​មិន​ទុក​ជីវិត​ឲ្យ​ប្រពន្ធ​រស់នៅ​ឡើយ ព្រោះ​ខ្លាច​មាន​គំនុំសងសឹក​។ ស្ត្រី​ខ្លះ​ត្រូវបាន​កងឈ្លប​ចាប់​យកទៅ​រំលោភ​មុននឹង​យកទៅ​សម្លាប់​។ ចំណែក​ការសម្លាប់ កងឈ្លប​បាន​វាយ​ជនរងគ្រោះ​ទាំងនោះ​នឹង​ត្បូងចប គល់​ឬ​ស្សី ដែក​ភ្លៅរទេះ បន្ទាប់មក​បាន​ដោះ​ខោអាវ​អ្នកស្លាប់​ឲ្យ​ប្រជាជន​ដទៃទៀត​ស្លៀកពាក់​បន្ត​។ ចំណែក​សាកសព កងឈ្លប​បាន​កប់​នៅក្នុង​រណ្តៅ​រួម​។ ខ្មែរក្រហម​បាន​រំលាយ​សាសនា ចំណែក​ព្រះសង្ឃ ត្រូវបាន​ផ្សឹក ហើយ​បញ្ជូន​ឲ្យ​ទៅធ្វើ​ស្រែចម្ការ​ដូច​ប្រជាជន​ទូទៅ​។ ខ្មែរក្រហម​ថែមទាំង​បានធ្វើ​ការទិតៀន​ទៅលើ​ក្រុម​ព្រះសង្ឃ​ទាំងនោះ​ថា ម្ដេច​មិន​ហៅ​ព្រះ​ឲ្យ​ជួយ បើ​ព្រះ​អាចជួយ​បាន​នោះ​! ខ្មែរក្រហម​ក៏បាន​សម្លាប់​សង្ឃ​ណា​ដែល​មិន​ធ្វើតាម​បញ្ជា​របស់ខ្លួន​ដែរ​។ ក្រៅពី​ព្រះពុទ្ធសាសនា ខ្មែរក្រហម​ក៏បាន​ធ្វើទុក្ខបុកម្នេញ​ទៅលើ​អ្នកប្រតិបត្តិ​អ៊ីស្លាម​សាសនា និង​គ្រិស្តសាសនា​ដែរ​។ នៅ​សម័យ​នោះ ក្មេងៗ​ពុំ​បានទទួល​ការសិក្សា​ឡើយ ផ្ទុយទៅវិញ ខ្មែរក្រហម​បាន​ប្រើ​ឲ្យ​ក្មេងៗ​ទាំងនោះ​ធ្វើការ​ងារ​ហួសកម្លាំង​ទៅវិញ​។ ការរំលោភបំពាន​ទៅលើ​សិទ្ធិ​កុមារ​បែបនេះ បានធ្វើ​ឲ្យ​កុមារ​មានការ​ភ័យខ្លាច​។ សម្រាប់​កូនៗ​របស់ខ្ញុំ​ក៏ដូចជា​ក្មេងៗ​ដទៃទៀត​ដែរ ពុំ​បានទទួល​ការអប់រំ និង​មើលថែ​ពី​ឪពុកម្តាយ​ឡើយ​។

​ខ្ញុំ​មានការ​ឈឺចាប់​យ៉ាងខ្លាំង​នៅពេល​បែក​ពី​កូន និង​បាត់បង់​អ្វីៗ​ដែល​ខ្ញុំ​ធ្លាប់មាន​ពីមុនមក​។ ខ្ញុំ​នៅតែមាន​ការភ័យខ្លាច​ចំពោះ​អតីត​កាលដែល​នៅតែ​ជា​ស្រមោល​អន្ទោល​តាម​ខ្ញុំ​ជានិច្ច​។ ខ្ញុំ​សូម​ផ្ដាំផ្ញើរ​ទៅ​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ ឲ្យ​ខិតខំ​រៀនសូត្រ​ដើម្បី​ធ្វើជា​ធនធាន​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ និង​ទប់ស្កាត់​កុំ​ឲ្យ​ប្រទេស​វិល​ទៅរក​អតីតកាល​វិញ​៕