សម្តេច​សាយឈុំ និង​សម្តេច ហេង សំរិន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ លោក ត្រាន់ ដាយ​ក្វាង ប្រធាន​រដ្ឋ​វៀតណាម​

1026
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: នា​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ស្ថានទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​កិ​ក្តិ​យស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានរដ្ឋសភា បាន​អញ្ជើញ​ដោយឡែក​ពីគ្នា មក​គោរព​វិញ្ញាណក្ខន្ធ​សព លោក ត្រាន់ ដាយ​ក្វាង ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​សម្តេច សាយ ឈុំ និង​សម្តេច​ចក្រី បាន​អញ្ជើញ​ដុត​ធូប គោរព​វិញ្ញាណក្ខន្ធ​ចូលរួម​រំលែក​ទុក្ខ ដោយ​មនោសញ្ចេតនា​ដ៏​សែន​ក្រៀមក្រំ​ជាទីបំផុត ជាមួយ​គ្រួសារ​សព រដ្ឋសភា រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​។​
​នៅពេល​ទទួលដំណឹង​ពី​មរណភាព​នេះ សម្តេច​ទាំងពីរ​ក៏បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ប្រធានរដ្ឋសភា​វៀត​ណា និង​បាន​សម្តែង​ការសោកស្ដាយ​ទៅកាន់ រដ្ឋ បក្ស និង​ប្រជាជន​វៀតណាម​ថាៈ មរណភាព​របស់ លោក ត្រាន់ ដាយ​ក្វាង គឺជា​ការបាត់បង់​ដ៏​ធំធេង​នូវ​ថ្នាក់ដឹកនាំ​ដ៏​ល្អ និង​គួរ​ឲ្យ​គោរព​សរសើរ​ម្នាក់​របស់​ប្រទេស និង​ប្រជាជន​វៀតណាម​។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៨​ដដែល​នេះ លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ក៏បាន​ដឹកនាំ​សមាជិក សមាជិកា​រដ្ឋសភា អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព លោក ត្រាន់ ដាយ​ក្វាង ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ផងដែរ​។​

​ចំណែក​គណៈប្រតិភូ​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ​លោក ម៉ុម ជឹម​ហ៊ុយ ប្រធាន​គណៈកម្មការ​ទី​៧​ព្រឹទ្ធសភា ក៏បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​លោក​ដែរ​។

​សូម​ជម្រាប​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែកញ្ញា​នេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា ក៏បាន​ដឹកនាំ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ទៅ​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​សព លោក ត្រាន់ ដាយ​ក្វាង ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម