អេ អឹម ខេ លើកកម្ពស់​ស្ត្រី​នៅ​តំបន់​ជនបទ​

1840
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: របាយការណ៍​ហិរញ្ញវត្ថុ​ឆមាស​ទី​១ ឆ្នាំ​២០១៨ របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បាន​បង្ហាញថា ភាគច្រើន​លើសលប់​នៃ​អតិថិជន​កម្ចី​របស់ខ្លួន គឺជា​ស្ត្រី​ដែលមាន​រហូតដល់​ជាង​៨០%​នៃ​ចំនួន​អតិថិជន កម្ចី​សរុប​។ អតិថិជន អេ អឹម ខេ ភាគច្រើន​ជា​ប្រជាជន​ក្រីក្រ​រស់នៅ​តំបន់​ជនបទ​។ តួលេខ​នេះ​បញ្ជាក់​យ៉ាងច្បាស់​ថា អេ អឹម ខេ បាន និង​កំពុងតែ​ចូលរួម​លើកកម្ពស់​ស្ត្រី​នៅ​តំបន់​ជនបទ​ឱ្យ​ដើរតួ នាទី​យ៉ាងសកម្ម​ក្នុងការ​សម្រេចចិត្ត​លើ​ជីវភាព និង​សេដ្ឋកិច្ច​គ្រួសារ​។​

ភាគច្រើន​លើសលប់​នៃ​អតិថិជន​កម្ចី​របស់​អេ​អឹម​ខេ គឺជា​ស្ត្រី ជាង​៨០%​នៃ​ចំនួន​អតិថិជន កម្ចី​សរុប ដែល​លើកកម្ពស់​ស្ត្រី​នៅ​តំបន់​ជនបទ​ឱ្យ​ដើរតួ នាទី​យ៉ាងសកម្ម​ក្នុងការ​សម្រេចចិត្ត​លើ​ជីវភាព និង​សេដ្ឋកិច្ច​គ្រួសារ​(​រូប​:​សុផល​)

​អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ​គេ​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំៗ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយនឹង​ទស្សនវិស័យ គឺ​ដើម្បី​សង្គម​កម្ពុជា​ដែល​ប្រជាពលរដ្ឋ​ទាំងឡាយ​មានឱកាស​គ្រប់គ្រាន់​និង​ស្មើភាព​គ្នា​ក្នុង​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួកគេ​មាន​ភាពប្រសើរឡើង ដែល​អាចជួយ​ជា​វិភាគទាន​យ៉ាង​មាន​ប្រយោជន៍​ចំពោះ​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​អេ អឹម ខេ បាន និង​កំពុងតែ​ផ្តោត ទៅលើ​ការអភិវឌ្ឍ ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​របស់ខ្លួន ដើម្បី​ឱ្យមាន​ភាពងាយស្រួល និង​មិន​ស្មុគស្មាញ​ក្នុងការ​ប្រើប្រាស់ ជូន​ដល់​អតិថិជន​របស់ខ្លួន ជាពិសេស​អតិថិជន​ជា​ស្ត្រី​។

​លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​លើកឡើងថា “​ការ​ផ្តល់ឱកាស​ឱ្យមាន​ការចូលរួម​ពី​ស្ត្រី​ក្នុងការ​សម្រេចចិត្ត ចំពោះ​សកម្មភាព​សេដ្ឋកិច្ច​គ្រួសារ​ពេញលេញ​អាចជួយ​ជំរុញ ឱ្យមាន​កំណើនសេដ្ឋកិច្ច​ជាតិ និង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​។ ជាទូទៅ អេ អឹម ខេ តែងតែ​រៀបចំ​នូវ​សេវា​ហិរញ្ញវត្ថុ​ផ្សេងៗ ដែលមាន​លក្ខណៈ​អំណោយផល​ដល់​អ្នកប្រើប្រាស់ ជាពិសេស​គឺ​ស្ត្រី​ដែល​កំពុង​រស់នៅ​តាម​ទីជនបទ​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​មានឱកាស​គ្រប់គ្រាន់​ក្នុងការ​ប្រើប្រាស់​សេវា​យើង​” ។

​បើ​យោងតាម​របាយការណ៍​ហិរញ្ញត្ថុ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេ អឹម​ខេ រយៈពេល​៦​ខែ​ចុង​ក្រោយនេះ បានឱ្យដឹងថា អតិថិជន អេ អឹម ខេ ជិត​៣០​ម៉ឺន​នាក់​គឺជា​ស្ត្រី ដែល​ស្មើនឹង​ប្រមាណ​ជាង​៨០%​នៃ​អតិថិជន​កម្ចី​សរុប ហើយ​ភាគច្រើន​នៃ​ពួកគេ គឺ​រស់នៅ​តំបន់​ជនបទ​។

​លោក​បូរាណ បាន​បន្ត​ដូចនេះ​ថា “​បើ​មើល​ទៅលើ​បេសកកម្ម​របស់ អេ អឹម ខេ គឺ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ភាគច្រើន​។ ត្រង់នេះ​យើង​ចង់សង្កត់ធ្ងន់​ទៅលើ​ស្ត្រី និង​កុមារ​នៅតាម​ជនបទ​។​ដូចនេះ​អេ អឹម ខេ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​តែងតែ​បង្កើត​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ថ្មីៗ ដើម្បី​បំពេញតម្រូវការ​អតិថិជន​របស់​យើង​ជាពិសេស​អតិថិជន​ដែលជា​ស្ត្រី​យកទៅ ប្រើប្រាស់​ក្នុងន័យ​អភិវឌ្ឍ សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគាត់​”​។​

​គួរឱ្យកត់សម្គាល់​ផងដែរ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជា​គ្រឹះស្ថាន​ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ​និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​។ គិត​ត្រឹម​ខែសីហា ឆ្នាំ​២០១៨ នេះ អេ អឹម ខេ មាន​បុគ្គលិក​សរុប​ចំនួន​ជាង ២.៦០០​នាក់ អតិថិជន​ចំនួន​ជាង ៨១ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ២៤០ លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​ជាង​១២៤​លាន​ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥០ កន្លែង និង​មាន​ភ្នាក់ងារ​ជាង ៣.៥០០​កន្លែង​នៅ​ទូទាំងប្រទេស អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា​៖ សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ ផ្ទេរប្រាក់ សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម