កម្ពុជា​ស្នើ​ភាគី​អាម៉េរិក​វិនិយោគ​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្មក ដើម្បី​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​

989
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានស្នើ​គណៈប្រតិភូ​ធុរជន​អាម៉េរិក ដឹកនាំ​ដោយ​លោក វីលៀម ហ៊ៃ​សដ៍ (William Heidt) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា និង​លោក អេ​ឡែ​ន ឌី តាន់ (Allen D. Tan) ប្រធាន​ក្រុមប្រឹក្សាភិបាល​សភាពាណិជ្ជកម្ម​អាម៉េរិក​នៅ​កម្ពុជា ធ្វើការ​វិនិយោគ​លើ​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម​កម្ពុជា​ឱ្យដល់​កម្រិតស្តង់ដារ​អន្តរជាតិ ដើម្បី​ជំរុញ​ការនាំចេញ​ឱ្យបាន​អតិបរមា​។​

​នៅក្នុង​ឱកាស​ចូលរួម​ពិសា​អាហារ​ពេលព្រឹក​ដើម្បី​ផ្សព្វផ្សាយ​អំពី​ឱកាស​ធុរកិច្ច​នៅក្នុង​វិស័យ​កសិកម្ម​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅ​នៅ​សណ្ឋាគារ រ៉ូ​ស​វ៉ូដ ភ្នំពេញ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន​គណៈប្រតិភូ​ធុរជន​អាម៉េរិក​អំពី​ស្ថិរភាព​កំណើនសេដ្ឋកិច្ច និង​សក្តានុពល​នៃ​វិស័យ​កសិកម្ម​កម្ពុជា ព្រមទាំង​បញ្ហា​ប្រឈម​មួយចំនួន​ដែល​កម្ពុជា​បាន​កំពុង​ជួបប្រទះ ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​វិនិយោគ​ពី​ផ្នែក​ឯកជន​ដើម្បី​ធ្វើ​ទំនើបកម្ម​និង​ប្រែក្លាយ​វិស័យ​មួយ​នេះ​ឱ្យទៅ​មូលដ្ឋាន​ផលិតកម្ម​ជាតិ សំដៅ​ធ្វើ​ពិពិធ​កម្ម (​ពង្រីក​) ការនាំចេញ​ទៅកាន់​ទីផ្សា​រ​ក្នុង​តំបន់​និង​ពិភពលោក​។

​ឆ្លៀត​ក្នុងឱកាស​នោះ​លោក​រដ្ឋមន្ត្រី​បានលើកឡើង​អំពី​អត្ថប្រយោជន៍​នៃ​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា និង​ជម្រាបជូន​ភាគី​អាម៉េរិក​អំពី​គោលនយោបាយ​លើកទឹកចិត្ត​របស់​រដ្ឋា​ភិ​បាល​ចំពោះ​វិនិយោគិន​បរទេស ដូចជា​ការលើកលែង​ពន្ធ​នាំចូល​សម្រាប់​សម្ភារៈ​និង​គ្រឿង​បរិក្ខា​កសិកម្ម​, ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការសម្រួល​ការនាំ​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្តល់​ដោយ​ប្រទេស​ជា​ដៃគូ​។ លោក​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ប្រតិភូ​ធុរជន​អាមេរិក ចាប់​ដៃគូ​ជាមួយ​ធុរជន​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​តាមរយៈ​ការនាំយក​បច្ចេកវិទ្យា​ថ្មីៗ​ដើម្បី​អភិវឌ្ឍន៍​ខ្សែចង្វាក់​តម្លៃ​កសិផល​របស់​កម្ពុជា និង​ការបង្កើត​កម្មវិធី​បណ្តុះ​បណ្តាល​ដើម្បី​ពង្រឹងសមត្ថភាព​វិស័យ​ឯកជន និង​លើកស្ទួយ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

​ជាការ​ឆ្លើយតប ភាគី​អាម៉េរិក​បាន​ថ្លែងអំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី ដែល​ចែករំលែក​នូវ​ព័ត៌មាន​ល្អៗ ទាក់ទិន​ឱកាស​វិនិយោគ​លើ​ផ្នែក​កសិកម្ម​និង​ក​សិ​-​ពាណិជ្ជកម្ម​។ ទន្ទឹមនេះ ភាគី​អាម៉េរិក បាន​សន្យា​ជួយ​សម្របសម្រួល​ការចាប់​ដៃ​គូធ​រុ​កិច្ច​របស់​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ និង​ពិនិត្យ​លទ្ធភាព​ជួយ​គាំទ្រ​ការអភិវឌ្ឍ​សមត្ថភាព​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម ជុំវិញ​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​កសិផល​កម្ពុជា និង​ការធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ​។​

​គួរ​បញ្ជាក់ថា វិស័យ​កសិកម្ម គឺជា​សសរ​ស្ត​ម​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ចកម្ពុជា ដោយសារតែ​ជាង​៨០​ភាគរយ នៃ​ប្រជាជន​រស់នៅ​តំបន់​ជនបទ​គឺជា​កសិករ​។ កាលពី​ឆ្នាំ​២០១៧ វិស័យ​កសិកម្ម​បានរួម​ចំណែក​នៅក្នុង​ផលិតផល​ក្នុងស្រុក​សរុប (GDP) ២៤,៩​ភាគរយ​។ ទន្ទឹមនឹងនេះ នៅក្នុង​អំឡុងពេល​ដូចគ្នា​ឧស្សាហកម្ម​មាន​៣២,៩​ភាគរយ និង​សេវាកម្ម​មាន​៤២,២​ភាគរយ​។ ការចូលរួម​នៃ​វិស័យ​កសិកម្ម បាន​ថយចុះ​ដោយសារតែ​កំណើន​លឿន​នៃ​វិស័យ​ពីរ​ផ្សេងទៀត​។ ប៉ុន្តែ​ទោះបី​ជាមាន​ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ទីក្រុង ក៏​វិស័យ​ប្រពៃណី​មួយ​នេះ នៅតែ​ដើរតួនាទី​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​ភាគច្រើន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម