នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា សាលាក្តី​ខ្មែរក្រហម​នឹង​ប្រកាស​សាលា​ក្រម​សំណុំរឿង ០០២/០២

2079
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​ថ្ងៃទី​២៦ ខែកញ្ញា នេះ អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) បានចេញ​ដីកា​កំណត់​កាលបរិច្ឆេទ​ប្រកាស​សាលក្រម​នៅក្នុង​សំណុំរឿង ០០២/០២ ដោយបាន​ជូនដំណឹង​ដល់​ភាគី​នានា​ថា អនុលោម​តាម​វិធាន ១០២ (១) នៃ​វិធាន​ផ្ទៃក្នុង អង្គជំនុំជម្រះ​សាលាដំបូង​នឹង​ប្រកាសសេចក្តី​សំអាង​ហេតុ និង​ផ្នែក​នៃ សេចក្តីសម្រេច​នៃ​សាលក្រម​ក្នុង​សំណុំរឿង ០០២/០២ ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ​លោក នួន ជា និង​លោក ខៀវ សំផន នៅ​ថ្ងៃ សុក្រ ទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅក្នុង​សាល​សវនាការ​ធំ​នៃ​អ​វ​តក ចាប់ពី​ម៉ោង ០៩:៣០ នាទី​ព្រឹក​។

លោក នួន ជា និង​លោក ខៀវ សំផន ក្នុង​សវនាការ​ ​នៃ ​អ.​វ.​ត.ក. (រូបឯកសារ)

​សវនាការ​ដេញដោល​ពិនិត្យ​ភ័ស្តុតាង​សំណុំរឿង ០០២/០២ បានចាប់ផ្តើម​ដោយ​ការធ្វើ​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់​នៅ​ថ្ងៃទី​១៧ ខែ តុលា ឆ្នាំ ២០១៤ និង​បានបញ្ចប់​នៅ​ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧​។ ការជំនុំជម្រះ រួមទាំង​ការ​ស្តាប់​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​ផង មាន​រយៈពេល​សរុប​ចំនួន ២៨៣ ថ្ងៃ​។ ក្នុងអំឡុងពេល​សវនាកា​រ​នេះ អង្គជំនុំជម្រះ​សាលាដំបូង​បាន​ស្តាប់​សក្ខីកម្ម​ពី​បុគ្គល​សរុប​ចំនួន ១៨៥ នាក់ ក្នុងនោះ​មាន​សាក្សី​បញ្ជាក់​អង្គហេតុ​ចំនួន ១១៤ នាក់ ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន ៦៣ នាក់ និង​អ្នកជំនាញ​ចំនួន ៨ នាក់​។ សវនាការ​នេះ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សាធារណជន ដោយមាន​សាធារណជន​ចូលរួម​ស្តាប់ និង​តាមដាន​សវនាការ​នេះ​ដោយផ្ទាល់ សរុប​ចំនួន ៨២ ៧៨០ នាក់​។​

​ជនជាប់ចោទ​ដែល​ត្រូវ​ជំនុំជម្រះ​ក្នុង​សំណុំរឿង ០០២/០២ មាន លោក នួន ជា ដែលជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង លោក​ខៀវ សំផន ជា​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ បទ​ចោទ​នៅក្នុង​សំណុំរឿង ០០២/០២ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ អំពើ​ប្រល័យពូជសាសន៍ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ពាក់ព័ន្ធ​ទៅនឹង​ទីតាំង​ឧក្រិដ្ឋកម្ម និង​ការចោទប្រកាន់​លើ​អង្គហេតុ​ដូចតទៅ ៖ ការដ្ឋាន​ការងារ និង​សហករណ៍ (​សហករណ៍​ត្រាំកក់ ការដ្ឋាន​ទំនប់​ត្រពាំងថ្ម ការដ្ឋាន​ទំនប់ ១ មករា និង​ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ​កំពង់ឆ្នាំង​) មន្ទីរ​សន្តិសុខ និង​ទីតាំង​សម្លាប់​មនុស្ស (​មន្ទីរ​សន្តិសុខ ស​-២១ មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ មន្ទីរ​សន្តិសុខ​អូរ​កន្សែង និង​មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល​) អំពើ​ប្រល័យពូជសាសន៍​ទៅលើ​ប្រជាជន​ចាម និង​វៀតណាម ការប្រព្រឹត្តិ​ចំពោះ​ពុទ្ធសាសនិកជន និង​អតីតមន្ត្រី​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ និង​ការរៀប​អាពាហ៍ពិពាហ៍​នៅ​ទូទាំងប្រទេស​។ អង្គជំនុំជម្រះ​ក៏បាន​បើកសវនាការ​ដេញដោល​ពិនិត្យ​ភ័ស្តុតាង​លើ​ការចោទប្រកាន់​អំពី​លក្ខណៈ​នៃ​ជម្លោះ​ប្រដាប់អាវុធ​រវាង​កម្ពុជា​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម តួនាទី​របស់​ជនជាប់ចោទ​នៅក្នុង​រដ្ឋាភិបាល រួមទាំង​ភ័ស្តុតាង​ស្តីពី​រចនាសម្ព័ន្ធ​រដ្ឋបាល និង​ប្រព័ន្ធ​ទំនាក់ទំនង​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម