អី​ក៏​ថ្លើមធំ​ម្លេះ​? ក្រុមហ៊ុន​ចំនួន​៣ កំពុង​បំពាន​ច្បាប់​ចាក់ដី​លុប​និង​ធ្វើ​សំណង់ នៅ​អាង​រមណីយដ្ឋាន​ត្រាវ​កុដិ​

898
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: គេ​បាន​រកឃើញ​ក្រុមហ៊ុន​ចំនួន​៣ កាន់តែ​ថ្លើមធំ​ទៅហើយ ហ៊ាន​ទៅ​បំពាន​អាងទឹក​របស់​រដ្ឋ ដោយ​វិធី​ចាក់​លុប​ដី និង​កសាង​សំណង់​ដោយ​ខុសច្បាប់ ទៅលើ​អាងទឹក​ត្រាវ​កុដិ ដែលជា​រមណីយដ្ឋាន​ថ្មី​មួយ ស្ថិតនៅ​ក្នុងភូមិ​ក្រពើ ភូមិ​ស្នារ​សង្គ្រាម ឃុំ​ប​ល្ល័​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

រកឃើញ​ក្រុមហ៊ុន​ចំនួន​៣ មានការ​ឃុបឃិត​គ្នា​កាន់តែ​ថ្លើមធំ​ខ្លាំង​ឡើង ចាក់ដី​លុប​និង​ធ្វើ​សំណង់​អាង​រមណីយដ្ឋាន​ត្រាវ​កុដិ (​រូប​: បាយ័ន​)​

​ក្រុមហ៊ុន​ទាំង​៣​ខាងលើ ដែល​រកឃើញ​កំពុង​បំពាន​ច្បាប់ ត្រូវបាន​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​សាលា​ខេត្តសៀមរាប ហើយ​ការរកឃើញ​នេះ គឺធ្វើឡើង​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ដែល​កម្លាំងចម្រុះ​ទាំងនោះ បាន​ចុះ​ទៅដល់​គោលដៅ​បទល្មើស​តែម្តង​។​

​តាមរយៈ​នៃ​ការចុះ​ទៅដល់​គោលដៅ​នោះដែរ កម្លាំងចម្រុះ​ដឹកនាំ​ដោយ​លោក សុខ ថុល នាយករង​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​រកឃើញថា​ក្រុមហ៊ុន​ទាំង​៣​កំពុងតែ​បំពាន​ច្បាប់ ដោយ​ក្រុមហ៊ុន​ទាំង​៣​នោះ​សមត្ថកិច្ច​មិនបាន​បញ្ជាក់​ឈ្មោះ​ទេ​។​

​លោក សុខ ថុល បាន​ស្មើ​ឲ្យ​ក្រុមហ៊ុន​ទាំង​៣ ផ្អាក​សកម្មភាព​ជាបន្ទាន់ ហើយ​ឲ្យ​សុំច្បាប់​ទៅកាន់​ច្រកចេញចូល​តែមួយ របស់​រដ្ឋបាល​សាលាខេត្ត​សៀមរាប​ជាមុនសិន​។ ក្រុមហ៊ុន​ទាំង​៣ គឺ​បាន​ប្រព្រឹត្ត​ចាក់ដី​លុប​មាត់​អាងទឹក​ត្រាវ​កុដិ​យ៉ាងច្រើន ហើយក៏​មាន​ធ្វើ​សំណង់​នៅក្នុង​មាត់ទឹក​ទាំងនោះ​ផងដែរ​។​

​សូមបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ជាច្រើន​ឆ្នាំ​បន្ត​បន្ទាប់មក គឺ​ក្រុមហ៊ុន​ឯកជន បុគ្គល មួយចំនួន​មាន​សិទ្ធ​ស្របច្បាប់​រួចទៅហើយ​ក្នុងការ​កាន់កាប់​ដី​មាត់​អាង​ត្រាវ​កុដិ ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប តាមរយៈ​ការបំពាន​លុប​មាត់​អាងទឹក ហើយនឹង​ធ្វើ​សំណង់​។​ចុងក្រោយ​ពួកគេ​ទាំងនោះ​ក្លាយទៅជា​អ្នក​ស្របច្បាប់​ក្នុងការ​គ្រប់គ្រង​ដី​ទាំងនោះ តាមរយៈ​ទទួល​ប្លង់​កម្ម​សិទ្ធ​ស្របច្បាប់​។

ចំពោះ​ករណី​រកឃើញ​ការឃុបឃិត​គ្នា​របស់​ក្រុមហ៊ុន​ទាំង​៣ ដែល​ពុំមាន​ច្បាប់​អនុ​ញ្ញា​ត្តិ​នោះ ហើយ​ហ៊ាន​ចាក់​លុប​ដី​មាត់​អាងទឹក​របស់​រដ្ឋ ចាំមើល​អាជ្ញាធរ​ខេត្តសៀមរាប​ដោះស្រាយ​បន្ត​នៅ​វិធី​ណា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម