ចិន​បដិសេធ​ការចោទប្រកាន់​របស់​ត្រាំ​ដែលថា ចិន​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​អាមេរិក​

892
ចែករម្លែក
  • 124
    Shares

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រាប់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា “ចិនបាននិងកំពុងប៉ុនប៉ងចូលជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨នាពេលខាងមុខរបស់យើង។ប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្ញុំ”។

ធ្វើជាប្រធានក្រុមប្រឹក្សានេះជាលើកដំបូង លោកត្រាំមិនបាននិយាយដល់ការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះ​ឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ដែលមានការចោទប្រកាន់បែកខ្ទិះពេញពិភពនយោបាយអាមេរិកនោះទេ និងក៏មិនបានបង្ហាញភស្តុតាងសំរាប់ការចោទប្រកាន់ចិនលើកនេះដែរ។ទោះជាយ៉ាងណា អនុប្រធានាធិបតីអាមេរិកមានផែនការបញ្ចេញប្រាប់លម្អិតអំពីការចោទប្រកាន់នេះនៅសប្តាហ៍ក្រោយ។

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ថ្លែងនៅពេលលោកធ្វើជាប្រធានកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្រុងញូវយ៉កកាលពីថ្ងៃ២៦កញ្ញា

ក្នុងប្រតិកម្មតបភ្លាមៗ ប្រមុខការទូតចិន លោកវ៉ាងយី បានប្រាប់ក្រុមប្រឹក្សាថា” យើងមិនបាន ហើយក៏នឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយដែរ។យើងមិនទទួលយកការចោទប្រកាន់គ្មានការទទួលខុសត្រូវប្រឆាំងចិនឡើយ”។

រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាងយី និងគណៈប្រតិភូចិនស្តាប់ប្រធានាធិបតីអាមេរិកថ្លែងនៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃ២៦កញ្ញា

អាមេរិកនិងចិនបានធ្លាក់ចូលក្នុងសង្រ្គាមពាណិជ្ជកម្មមួយ បង្កឡើងដោយការចោទប្រកាន់របស់ត្រាំដែលថា ចិនបានស្វះស្វែងលួចបច្ចេកវិទ្យានិងទ្រព្យកម្មសិទ្ធិបញ្ញារបស់អាមេរិក កំហិតការចូលទីផ្សារចិននិងធ្វើការឧបត្ថម្ភដល់បណ្តាក្រុមហ៊ុនរដ្ឋបែបមិនយុត្តិធម៌ពីសំណាក់រដ្ឋចិនដើម្បីអោយទំនិញចិនមានការប្រកួប្រជែងមានប្រៀបខ្ពស់។

មន្រ្តីរដ្ឋការអាមេរិកម្នាក់បាននិយាយថា ចិនប្រើឧបករណ៍នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម យោធានិងព័ត៌មានរបស់ខ្លួន ដើម្បីជះឥទ្ធិពលលើមតិសាធារណៈអាមេរិកនិងឃោសនាជំរុញផលប្រយោជន៍រដ្ឋនិងបក្សកុំម្មុយនីស្តចិន។

ការចោទប្រកាន់របស់ត្រាំកើតឡើងចំពេលមានជំនួបមួយនៅក្រុមប្រឹក្សាសន្តិសុខដែលគេរំពឹងថានឹងផ្តោតលើការរីកសាយសព្វាវុធគីមី ជីវសាស្រ្តនិងនុយក្លេអ៊ែរ។

ជុំវិញបញ្ហានេះ ត្រាំបាននិយាយដូច្នេះថា” ពួកគេមិនចង់អោយខ្ញុំឈ្នះ ដោយសារខ្ញុំជាប្រធានាធិបតីដំបូងដែលប្រជែងប្រឆាំងចិន លើបញ្ហាពាណិជ្ជកម្មហើយយើងនឹងឈ្នះលើសង្គ្រាមពាណិជ្ជកម្ម យើងនឹងឈ្នះគ្រប់ដំណាក់កាល។យើងមិនចង់អោយពួកគេជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតនាពេលខាងមុខរបស់យើងទេ”។

សូមបញ្ជាក់ថា ត្រាំខ្លួនឯងមិនឈរឈ្មោះសំរាប់ការបោះឆ្នោតឆ្នាំនេះទេ តែការបោះឆ្នោតខែវិច្ឆិកានឹងសំរេចថាតើគណបក្សសាធារណរដ្ឋរបស់លោកអាចរក្សាការត្រួតត្រាសភានិងព្រឹទ្ធសភាអាមេរិកតទៅទៀតឬអត់។ការស្ទង់មតិខ្លះបង្ហាញថា គណបក្សប្រជាធិបតេយ្យមានការគាំទ្ររឹងមាំជាង ជាពិសេសក្នុងសភា៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម