អេ​ឌិន ហា​ហ្សា​ដ ត្រូវ​បានការ​ដាស់តឿន​ឲ្យ​ពង្រឹងសមត្ថភាព​បន្ថែម​សម្រាប់​ក្រុម​ឆេ​ល​ស៊ី​

1333
ចែករម្លែក

​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) របស់​ឆេ​ល​ស៊ី​ត្រូវបាន​ដាស់តឿន​ភ្លាមៗ​ផងដែរ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ជាប់​ជា​ជម្រើស​កីឡាករ​ឆ្នើម​១១​នាក់​របស់ FIFA ដោយ​វីរ បុរស​តោ​ខៀវ ហ្គៀ​ន​ហ្វ្រ​ង់​កូ ហ្សូ​ឡា (Gianfranco Zola) អះអាងថា កីឡាករ​រូបនេះ​អាច ធ្វើបាន​ល្អ​ជាង​នេះ​។​
​ ​
​ហ្សូ​ឡា អតីត​វីរបុរស​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge បាន​វិលត្រឡប់​មកកាន់​ក្លឹប​នេះ ឡើងវិញ ក្នុងឋានៈ​ជា​ជំនួយការ​របស់លោក ម៉ូ​រី​ហ្ស៊ី​យ៉ូ សារី (Maurizio Sarri) ជា​គ្រូបង្វឹក​ថ្មី របស់​ក្លឹប​ឆេ​ល​ស៊ី បាន​ឆ្លើយតប​ចំពោះ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក​ដែល​ត្រូវបាន​ជ្រើសរើស ជា​តារា​ម្នាក់​ក្នុងចំណោម​ជម្រើស​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ពិភពលោក ដោយ​លោក​អះអាងថា នៅមាន​លទ្ធផល​ល្អ​ច្រើន​ទៀត​ដែល ហា​ហ្សា​ដ នឹង​ផ្តល់ជូន​។​
​ ​
​ហា​ហ្សា​ដ បាន​ជួយ​ប្រទេស​របស់ខ្លួន​បញ្ចប់​នៅ​លេខ​រៀង​ទី​៣​វើ​ល​ខាប់​រដូវក្តៅ ហើយ​ស្ថិតក្នុង ទម្រង់​លេង​ល្អ​ចាប់តាំងពី​វិលត្រឡប់​មក​ឆេ​ល​ស៊ី​វិញ ដោយ​រកបាន​៥​គ្រាប់​ក្នុង​៦​ប្រកួត​បើកឆាក​។​
​ ​
​ប៉ុន្តែ ហ្សូ​ឡា ដែល​ចំណាយពេល​៧​រដូវ​កាល​ជាមួយ​ឆេ​ល​ស៊ី​និង​ជាប់​ជា​កីឡាករ​ឆ្នើម របស់​ឆេ​ល​ស៊ី​ជា​បន្តបន្ទាប់​នោះបាន​និយាយថា “​អេ​ឌិន ធ្វើ​បានល្អ​ណាស់​នៅ​វើ​ល​ខាប់​។ គាត់​គឺ ជា​កីឡាករ​ម្នាក់​ដែល​ចាប់ផ្តើម​ល្អ​ឡើងៗ​”​។​
​ ​
​ហ្សូ​ឡា បាន​បន្តថា “​តាម​ទស្សន​របស់ខ្ញុំ ខ្ញុំ​មិន​គិតថា ហា​ហ្សា​ដ បាន​ឈានដល់​កម្រិត​កំពូល របស់ខ្លួន​នៅឡើយ​ទេ​។ គាត់​នៅតែ​អាច​ប្រើប្រាស់​ជំនាញ​របស់ខ្លួន​តាម​វិធី​ល្អ​។ ខ្ញុំ​ពិតជា​ជឿជាក់​។ ខ្ញុំ​គិតថា នៅ​ឆ្នាំនេះ ក្រុម​ទាំងមូល​និង​ជាពិសេស​លោក ម៉ូ​រី​ស៊ី​យ៉ូ នឹង​ជួយ ហា​ហ្សា​ដ ឡើងដល់​កម្រិត​កំពូល​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard)

ទីតាំងផ្សាយពាណិជ្ជកម្ម