នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ជប៉ុន​ធ្វើ​សមយុទ្ធ​ជាមួយ​នាវាចម្បាំង​អង់គ្លេស​នៅ​មាត់ច្រក​ផ្លូវទឹក​ឆ្ពោះទៅកាន់​សមុទ្រ​ចិន​ខាងត្បូង

1081
ចែករម្លែក
  • 20
    Shares

​នាវាចម្បាំង​ធំ​បំផុត​របស់​ជប៉ុន គឺ​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ Kaga បាន​ចូលរួម​ធ្វើ​សមយុទ្ធ​ជើង​ទឹក​ជាមួយ​នាវាចម្បាំង​អង់គ្លេស HMS Argyll នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​កាលពី​ថ្ងៃ​ពុធ​ទី​២៦​កញ្ញា​។​

​អង់គ្លេស ជប៉ុន និង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ពួកគេ​គឺ​សហរដ្ឋអាមេរិក បាន​រកឃើញ​បុព្វហេតុ​ដូចគ្នា​ក្នុងការ​ទប់ទល់​នឹង​ឥទ្ធិពល​ចិន​ដែល​កំពុង​កើនឡើង​នៅក្នុង​តំបន់ ដែល​ពួកគេ​ព្រួយបារម្ភ​ថា​អាច​នឹងដាក់​ផ្លូវ​សមុទ្រ​ពាណិជ្ជកម្ម​ដ៏​សំខាន់​ដែល​ភ្ជាប់​អាស៊ី​ជាមួយ​អឺរ៉ុប អាមេរិក និង​តំបន់​ផ្សេងទៀត​នៅក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​លោក កេ​ន​ជី សា​កា​ហ្គូ​ជី មេបញ្ជាការ​កងកម្លាំង​ស្វ័យការពារ​ដែនសមុទ្រ​នៃ​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ជប៉ុន Kaga បាន​និយាយថា “​យើង​មាន​ទំនាក់​ទំនងជា​ប្រពៃណី​ជាមួយ​កងទ័ពជើងទឹក​អង់គ្លេស​ហើយ​យើង​ទាំង​២​ជា​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​ក ហើយ​សមយុទ្ធ​នេះ​គឺជា​ឱកាស​សម្រាប់​យើង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​”​។​

​លោក​បាន​បន្ថែមថា វត្តមាន​របស់​កងទ័ព​ជើង​ទឹក​អង់គ្លេស​ក្នុង​តំបន់​ជា​ញឹកញាប់​គឺជា​ឱកាស​មួយ​សម្រាប់​កងទ័ពជើងទឹក​ប្រទេស​ទាំង​២​ធ្វើការ​ហ្វឹកហ្វឺន​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ​បន្ថែមទៀត​នាពេល​អនាគត​។​

​នាវា Argyll នាវា Kaga និង​នាវា​ពិឃាត​របស់ខ្លួន​ឈ្មោះ Inazuma បាន​ហ្វឹក​ហ្វា​ត់​នៅលើ​ទឹកសមុទ្រ​ដ៏​ស្ងប់ស្ងាត់​នៅ​មហាសមុទ្រ​ឥណ្ឌា នៅក្បែរ​ផ្លូវ​សមុទ្រ​ពាណិជ្ជកម្ម​ដែល​ពោរពេញ​ទៅដោយ​កប៉ាល់​ដឹក​កុងតឺន័រ​និង​នាវា​ដឹក​ប្រេង​។ ឧទ្ធម្ភាគចក្រ​ចំនួន ៣ គ្រឿង​មកពី​នាវា Kaga បាន​ហោះ​សំកាំង​ពីលើ​ដើម្បី​ពិនិត្យមើល​ការហ្វឹកហាត់​។​

​ការមកដល់​របស់​នា​វា Argyll នៅក្នុង​តំបន់​នេះ​កើតឡើង​បន្ទាប់ពី​នាវា​ប្រយុទ្ធ​របស់​ចក្រភព​អង់គ្លេស HMS Albion កាលពី​ខែ​មុន​បាន​តេស្ត​មើល​ការទាមទារ​ទឹកដី​របស់​ក្រុង​ប៉េកាំង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅតាម​ផ្លូវ​របស់​វា​ទៅកាន់​ប្រទេស​វៀតណាម​ពី​ជប៉ុន​ដោយ​បើកបរ​នៅ​ជិត​មូលដ្ឋានទ័ព​របស់​ចិន​នៅលើ​ប្រជុំ​កោះ​ផា​រ៉ា​សែ​ល​ក្នុង​ប្រតិបត្តិការ​ដើម្បី​សេរីភាព​នាវាចរណ៍​។​

​ចិន​បាន​បញ្ជូន​នាវាចម្បាំង​មួយគ្រឿង​និង​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​ដើម្បី​ទប់ទល់​នឹង​វត្តមាន​របស់​នាវា​អង់គ្លេស​និង​បាន​ព្រមាន​ទីក្រុង​ឡុង​ដ៍​ថា សកម្ម​ភាពស្រដៀងគ្នា​នាពេល​អនាគត​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​កិច្ចពិភាក្សា​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​អង់គ្លេស​កំពុង​ស្វែងរក ខណៈដែល​ប្រទេស​នេះ​កំពុង​ត្រៀមខ្លួន​ចាក​ចេញពី​សហភាព​អឺរ៉ុប​៕ ដោយ៖ កញ្ញាដាលីស

នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ជប៉ុន​កំពុង​ធ្វើ​សមយុទ្ធ​ជាមួយ​នាវាចម្បាំង​អង់គ្លេស​នៅ​មហាសមុទ្រ​ឥណ្ឌា

ទីតាំងផ្សាយពាណិជ្ជកម្ម