​សែន​ក្រុង​ពាលី​សុំ​បំឡាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ឡើងមក​នៅលើ​ដីគោក​

2540
ចែករម្លែក
  • 78
    Shares

​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំងៈ​ដើម្បី​ធានាបាន​នូវ​បរិស្ថាន​និង​សោភ័ណភាព​នៅតាម​ដង​ទន្លេ​នៃ​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៨​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បានរៀបចំ​ធ្វើ​ពិធីសែនក្រុងពាលី​សុំ​សេចក្តីសុខ​សប្បាយ​ក្នុងពេលដែល​អាជ្ញាធរខេត្ត​រៀបចំ​គម្រោង​ធ្វើការ​បំឡាស់​ទី​ផ្ទះ​បណ្តែត​ទឹក ឡើងមក​នៅលើ​ដីគោក​វិញ​ក្នុងពេល​ឆាប់ៗ​នេះ ។

​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បានឱ្យដឹងថា តាម​ការសិក្សា​របស់រ​ដ្ឋ​បាល​ខេត្តកំពង់ឆ្នាំង ត្រូវគេ​មើលឃើញ​ជា​យូរ​មកហើយ​ថា​ផ្ទះ​បណ្តែត​ទឹក​កំពុងតែ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ទឹក និង​បង្ក​ឱ្យ​ស្ទះ​ចរាចរ​ណ៏​ផ្លូវទឹក​និង​ធ្វើឱ្យ​ទីតាំង​នៃ​ផ្ទះ​បណ្តែត​ទឹក​កាន់តែ​គោក​រាក់​។​ក្រៅពីនោះ​បានធ្វើឱ្យ​ប៉ះពាល់​ការ​ចរាចរណ៍​មច្ឆជាតិ​និង​ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​សោភ័ណភាព​ប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​ផងដែរ ។​

​លោក​បាន​បញ្ជាក់ទៀតថា ការធ្វើ​អាជីវកម្ម​លើផ្ទះ​បណ្តែត​ទឹក ដូច​ជាជាង​ជួសជុល​ម៉ាស៊ីន ជាងក្រឡឹង ជាង​ធ្វើ​ទូក​កាណូត​អាជីវ​ករលក់​ប្រេងឥន្ធនៈ​និង​បញ្ចូល​អាគុយ​ជាដើម​បាន​បង្ករ​ផលប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។ ការរស់នៅ​លើ​ផ្ទៃ​ទឹក​គឺ​មិនបាន​យកចិត្តទុកដាក់​លើ​បញ្ហា​អនាម័យ​លើទឹក​នោះទេ ពួកគាត់​បាន​បោះចោល​សំរាម ថង់​ប្លា​ស្ទិ​ក កាកសំណល់​ផ្ទះបាយ និង កាកសំណល់ផ្សេងៗ​ទៀត​បាន​ចាក់​ចូលទៅក្នុង​ទឹក​ដែល​ធ្វើអោយប៉ះពាល់​ជាខ្លាំង​ដល់​បរិស្ថាន ។​

​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​បានឱ្យដឹង​ទៀតថា​កន្លង​មក​បញ្ហា​ផ្ទះ​បណ្តែត​ទឹក​នេះ​ពុំមែន​ថ្នាក់ដឹកនាំ​ខេត្ត ឬ ប្រមុខ​រាជរដ្ឋាភិបាល​មិនបាន​គិតគូ​នោះទេ​។ តែងតែបាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​រិះរក​វិធីសាស្ត្រ ដើម្បីឱ្យ​អ្នករស់នៅ​លើផ្ទះ​ប​ណ្តែ​ទឹក​ធ្វើការ​ចាកចេញ​ពី​ការរស់នៅ​ក្នុង​ទឹក ទៅ​រស់នៅ​លើគោក ដូច​ពលរដ្ឋ​ធម្មតា​វិញ ។

លោក​បានបញ្ជាក់​ដែ​ថា នៅក្នុង​រយៈពេល​ដ៍​ខ្លី​ខាងមុខនេះ ពលរដ្ឋ​ដែល​រស់នៅ​ផ្ទះ​បណ្តែត​ទឹក​នៅតាម ដង​ទន្លេ​ក្នុងភូមិ​សាស្ត្រ​របស់​ខេត្តកំពង់ឆ្នាំង​នឹងត្រូវ​បំលាស់​ទី​មក​នៅលើ​គោក​វិញ​ទៅតាម​ទីតាំង​ដែល​អាជ្ញាធរ​បានកំណត់​។​ដូច្នេះ​ក្នុងពេលដែល​ទឹកបាន​ឡើង​នេះ​គឺ​ពលរដ្ឋ​ដែល​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ត្រូវបាន​អាជ្ញាធរ​ធ្វើការ​ផ្សព្វផ្សាយ​រួចហើយ លោក​គាត់​ត្រៀមលក្ខណៈ​ធ្វើការ​បំលាស់​ទី​ជា​បណ្តើរៗ ទៅរក​ទីតាំង​ដែល​អាជ្ញាធរ​បានកំណត់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម