រដ្ឋមន្ត្រី​សុខាភិបាល​អញ្ជើញ​ចូលរួម​សម្ពោធ​អគារ​មជ្ឈមណ្ឌល​ផ្តល់​ឈាម និង​អគារ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត ខេត្តបាត់ដំបង​

847
ចែករម្លែក

ដោយ​: ប៊ុន​ណាត / បាត់ដំបង​: កាលពី​ព្រឹក និង​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅមុខ​មជ្ឈមណ្ឌល​ផ្តល់​ឈាម និង​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែ​ឆ្គួ​ត​ខេត្តបាត់ដំបង ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បានរៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។​

​លោក ងួន រតនៈ អភិបាលខេត្ត មានប្រសាសន៍ថា អគារ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ខេត្តបាត់ដំបង ត្រូវបាន​សាងសង់​ដោយ​សហគមន៍​អឺរ៉ុប តាមរយៈ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​នូវ​អគារ​មួយ​ខ្នង សង់​អំពី​បេតុង​អា​មេ​ប្រក់​ក្បឿងក្បាច់​១​ជាន់ ទំហំ​២៣,៧០​ម៉ែត្រ​គុណ​១១,៣០​ម៉ែត្រ ក្នុង​បរិវេណ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង មាន​ចំនួន​៩​បន្ទប់ ដោយ​ចាប់ផ្តើម​សាងសង់​ពីថ្ងៃ​ទី​២៧​ខែមេសា​ឆ្នាំ​១៩៩៨ និង​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​១៩៩៨ ហើយ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​១៩៩៨ អស់​ថវិកា​សរុប​ប្រមាណ ៥១,៣៨៧​ដុល្លារ សម្រាប់​ដំណើរការ​សេវាកម្ម​ផ្តល់​ឈាម​ក្នុង​ខេត្តបាត់ដំបង ហើយ​បច្ចុប្បន្ន​អគារ​នេះ ត្រូវបាន​ជួសជុល​និង​ដាក់​ឲ្យ​ដំណើរការ​ជា​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ខេត្តបាត់ដំបង នឹង​ត្រូវបាន​សម្ពោធ​នា​ពេលនេះ​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា ដោយ​ពិនិត្យឃើញ​ការលំបាក​ជាក់ស្តែង​ទាំងនេះ ជាពិសេស​តម្រូវការ​ឈាម ផលិតផល​ឈាមមាន​ការកើនឡើង​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​ការធ្វើ​អំណោយ មាន​ភាពប្រសើរ​ជាង​មុន និង​មានការ​សម្របសម្រួល​ពី​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ទើប​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​តាមរយៈ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​អាមេរិក ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក បានផ្តល់​ជា​ជំនួយ​ដោយ​សាងសង់​អគារ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ខេត្ត​ថ្មី ជាមួយ​ការបំពាក់​សម្ភារៈ បច្ចេកទេស​ទំនើប​សម្រាប់​បម្រើ​សេចក្តីត្រូវការ ក្នុង​សេវា​ផ្តល់​ឈាម​ខេត្តបាត់ដំបង និង​បណ្តា​ខេត្ត​នានា​នៅក្នុង​តំបន់​។ គម្រោង​ជំនួយឥតសំណង​នេះ ត្រូវបាន​សាងសង់​អគារ​ចំនួន​១​ខ្នង​១​ជាន់​ផ្ទាល់​ដី​មាន​ទំហំ​៣៧​ម៉ែត្រ​គុណ​១៥,២០​ម៉ែត្រ​មាន​១៩​បន្ទប់ ដោយ​បែង​ចែកជា​បី​ផ្នែក គឺ​៖​ផ្នែក​រដ្ឋបាល​ចំនួន​១២​បន្ទប់ ផ្នែក​ទទួល​អំណោយ​ឈាម​ចំនួន​៦​បន្ទប់ និង​ផ្នែក​មន្ទីរពិសោធន៍​១​បន្ទប់ រួមជាមួយ​នឹង​ការបំពាក់​សម្ភារៈ បរិក្ខារ​ទំនើបៗ​មួយចំនួន​ដែល​បានចាប់ផ្តើម​សាងសង់​ពីថ្ងៃ​ទី​៩​ខែមីនា​ឆ្នាំ​២០១៧ ​ហើយ​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន CLOVER Co Ltd អស់​ថវិកា​សរុប​៦៥​ម៉ឺន​ដុល្លារ​។​

​លោក​បណ្ឌិត​ឌី​ត​ឌី​យេ ហ្វុ​ង​តេ​នី​ល (Didier FONTENILLE) ប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បញ្ជាក់ថា នៅ​កម្ពុ​ជាមាន​សត្វ​ឆ្កែ​ប្រមាណ​៤​លាន​ក្បាល ដែល​ភាគច្រើន​មិនបាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្គួ​ត​ទេ​។ មាន​ករណី​រងគ្រោះ​ដោយ​សត្វ​ឆ្កែ​ចាំ​ប្រមាណ​៦០​ម៉ឺន​ករណី​ក្នុង​១​ឆ្នាំ​។ អ្នករងគ្រោះ​ភាគច្រើន​មិនដឹងថា ត្រូវធ្វើ​អ្វីខ្លះ​បន្ទាប់ពី​រងរបួស​ដោយ​ឆ្កែ​ខាំ​។ ដោយ​ខ្វះ​ព័ត៌មាន​ខ្វះ​ការផ្សព្វផ្សាយ​ផ្តល់​ចំណេះដឹង​។ ចំនួន​អ្នក​មក​ទទួល​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្គួ​ត​តែ​២២០០០​នាក់​ប៉ុណ្ណោះ ក្នុង​មួយឆ្នាំ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​ឃើញថា​មាន​ចំនួន​អ្នករងគ្រោះ​ដោយ​សត្វ​ខាំ​តិចតួច​ប៉ុណ្ណោះ មកពី​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្ត​ឧ​ត្ត​រ​មានជ័យ សៀមរាប​និង​ខេត្តពោធិសាត់​។ ជំងឺ​ឆ្កែឆ្កួត​បើ​ចេញ​រោគសញ្ញា​ហើយ គឺ​វិ​វត្ត​ទៅរក​មរណភាព​១០០​ភាគរយ​។ ក្នុងចំណោម​សត្វ​ឆ្កែ ដែល​គេ​បញ្ជូនមក​ធ្វើតេស្ត​រក​មេរោគ​ឆ្កែឆ្កួត នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ រកឃើញ​សត្វ​មាន​ផ្ទុកមេរោគ​ឆ្កែឆ្កួត​លើសពី​២​ក្បាល​ក្នុង​មួយ​សប្តាហ៍​។ តាម​ការ​គណនា​អាចមាន​អ្នកស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ប្រមាណ​៨០០​នាក់ ក្នុង​មួយឆ្នាំ ភាគច្រើន​ជា​កុមា​រហើយ​យើង​មាន​ថ្នាំ​បង្ការ​មាន​ប្រសិទ្ធភាព​ទាំង​សម្រាប់​ចាក់​លើ​មនុស្ស ទាំង​សម្រាប់​ចាក់​លើស​ត្វ​។​

​បន្ទាប់ពី​លោកស្រី​វរសេនីយ៍ត្រី ប្រេត​ឌី ច​ន​សុន នាយផ្នែក​ប្រតិបត្តិការ​យោធា​តំណាង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អាន​របាយការណ៍​រួចមក លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក តាមរយៈ​លោក​ស្ត្រី​វរសេនីយ៍ត្រី​ប្រេត​ឌី ច​ន​សុន នាយផ្នែក​ប្រតិបត្តិការ​យោធា​តំណាង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្តល់​ជា​ជំនួយឥតសំណង​ក្នុងការ​សាងសង់​អគារ​មជ្ឈមណ្ឌល​ផ្តល់​ឈាម និង​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែ​ឆ្គួ​ត​ខេត្តបាត់ដំបង និង មាន​បំពាក់​ឧបករណ៍ បរិក្ខារ​ទំនើបៗ​មាន​វិសាលភាព​ធំ​ទូលំទូលាយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម