អ្នក​ផលិត និង​អាជីវ​ករលក់​បារី​ក្លែងក្លាយ​ទាំងអស់​នឹងត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​

1661
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រោយពី​ការចុះ​បង្ក្រាប​របស់​អាជ្ញា​ធរ​ពាក់ព័ន្ធ​ទៅលើ​អាជីវករ​លក់ដុំ លក់រាយ​បារី​ក្លែង​ក្លាយ​នៅ​ទីតាំង​ផ្សារ​ធំថ្មី ផ្សារកណ្ដាល រោងចក្រ​ផលិត​បារី​ក្លែងក្លាយ​ក្នុង​សង្កាត់​គោក​ឃ្លាង និង​ក្នុង​ក្រុង​តាខ្មៅ ដែលមាន​ម្ចាស់​ជា​ជន​ជាតិចិន​កាលពី​ថ្មីៗ​កន្លងទៅ គេ​សង្កេតឃើញ​ការតាំង​លក់​បារី​ក្លែងក្លាយ​ពី​សំណាក់​អាជីវករ​​មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​។ តែ​ទោះជា​យ៉ាងនេះ​ក្ដី បារី​ក្លែងក្លាយ គឺ​នៅតែ​ជាប់​បញ្ហា​ចោទ និង​កំពុង​វាយលុក​ទីផ្សារ​បារី​ស្របច្បាប់​នៅ​កម្ពុជា​ដដែល​។​

សមត្ថកិច្ច​ការតាំង​លក់​បារី​ក្លែងក្លាយ​នៅលើ​ទីផ្សារ​(រូបឯកសារ)

​លោក ម៉ា​ធូ ណូ​ម៉ាន់ ប្រធាន​សមាគម​ឧស្សា​កម្ម​ថ្នាំជក់​កម្ពុជា បាន​ថ្លែងថា “​យោងតាម​អនុសាសន៍​របស់លោក មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​ក្នុង​កម្មវិធី “Thank You RF3 World” កាលពី​ថ្ងៃទី​៩ ខែកញ្ញា កន្លងទៅ ដែល​បានប្រកាស​អំពី​បេសកម្ម និង​យុទ្ធនាការ​ក្ដៅ​របស់​អង្គភាព​លើ​ប្រតិបត្តិការ​គ្មាន​ការលើកលែង​ចំពោះ​ចំពោះ​ផលិតផល​ក្លែងក្លាយ ផលិត​ផល​គេចពន្ធ ផលិតផល​គ្មាន​ការត្រួតពិនិត្យ​ចុះបញ្ជី​ត្រឹមត្រូវ គឺ​យើង​កាន់​តែមាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ខ្លាំង​ឡើង​ក្នុងការ​ដំណើរ​ប្រយុទ្ធ​ប្រឆាំងនឹង​បារី​ក្លែងក្លាយ និង​គេចពន្ធ​តាមរយៈ​កិច្ចសហការ​ជាមួយនឹង​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​ក្រសួងមហាផ្ទៃ​ក្នុងការ​បន្ត​ចុះ​អនុវត្ត​ច្បាប់ និង​បង្ក្រាប​បារី​ក្លែងក្លាយ និង​ខុសច្បាប់ ដែល​ផ្ដល់នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​ជាច្រើន​ចំពោះ​ចំណូល​ពន្ធ​រដ្ឋ ក៏ដូចជា​អនាគត​នៃ​អាជីវកម្ម​ក្រុមហ៊ុន​គោរព​ច្បាប់​ដូចជា​យើងខ្ញុំ​”​។​

​លោក​បន្ដ “​សមាគម​នឹង​សហការ​ធ្វើការ​ចុះបង្ក្រាប​ទាំង​រោងចក្រ​ផលិត និង​អ្នក​លក់ដុំ អ្នក​លក់រាយ​ទាំងអស់​នៅ​ទូទាំងប្រទេស​ចំពោះ​ការផលិត និង​តាំង​លក់​បារី​ក្លែងក្លាយ​។

​គួរ​បញ្ជាក់ដែរថា ក្រោម​ប្រតិបត្តិការ​ចុះបង្ក្រាប​បារី​ក្លែងក្លាយ​នា​ត្រីមាស​ចុងក្រោយ​នេះ អាជ្ញាធរ​ដកហូត​បារី ៥៥៥ ក្លែងក្លាយ​ពី​អាជីវករ​ផ្សារ​ធំថ្មី និង​ផ្សារកណ្ដាល​ជាង ១០០០ សុង​ដែល​នឹងត្រូវ​កម្ទេចចោល​ក្នុងពេល​ឆាប់ៗ បើ​អាជ្ញាធរ​រកឃើញថា ពិតជា​ក្លែងក្លាយ​ប្រាកដ​មែន​។ ការសម្រេច​បិទទ្វារ​ដំណើរការ​រោងចក្រ​ផលិត​បារី​គ្មាន​ច្បាប់​អនុញ្ញាត និង​ក្លែងក្លាយ​របស់​ជនជាតិ​ចិន​ពីរ​កន្លែង ក្នុង​សង្កាត់​គោក​ឃ្លាង និង​ក្រុង​តាខ្មៅ ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ​បារី​ក្លែងក្លាយ​ជាច្រើន​សុង ម៉ាក Marlboro, L&M និង ESSE ហើយ​ម្ចាស់​រោងចក្រ​ជា​ជន​ជាតិចិន​ពីរ​នាក់​កំពុង​ស្ថិតក្រោម​ការឃុំខ្លួន​តាម​នីតិវិធី​របស់​តុលាការ​ខេត្តកណ្ដាល​។​

​យោងតាម​ច្បាប់​ស្ដីពី​ម៉ាក ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ អ្នក​នាំចូល អ្នក​ផលិត និង​អ្នកលក់​ផលិតផល​ក្លែង​ម៉ាក គឺ​សុទ្ធតែ​មានទោស​ប្រឈម​នឹង​ការជាប់​ពន្ធ​ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ដូចគ្នា ដូច្នេះ សូម​អំពាវ​នាដ​ល់បង​ប្អូន​អាជីវករ​លក់ដុំ និង​លក់រាយ​បារី​ទាំងអស់ មេត្តា​កុំ​ទទួល​ទិញ និង​បញ្ឈប់​រាល់​ការតាំង​លក់​បារី​ក្លែងក្លាយ​ទៀត ជៀសវាង​ជាប់ទោស​ទណ្ឌ ក៏ដូចជា​ការ​រឹបអូស​យក​ដូច​ករណី​ចុះ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​កាលពី​ប៉ុន្មាន​ខែ​កន្លងទៅ​”​។​

​ការតាំង​លក់​បារី​ក្លែងក្លាយ គឺជា​កាយវិការ​ចូលរួម​លើក​ត​ម្កើ​ន​ការ​ចរាចរ​ផលិតផល​ក្លែងក្លាយ ហើយ​ថែមទាំង​នាំមក​នូវ​ការខាតបង់ និង​ជាប់​ទោសទណ្ឌ​ដល់​ខ្លួន​ទៀតផង ហើយ​លក្ខណៈ​សម្គាល់​បឋម​របស់​បារី​ក្លែងក្លាយ​គឺ គ្មាន​បិត​តែមប្រិ៍​អាករ គ្មាន​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​ជា​អក្សរ​ខ្មែរ តែ​អាចមាន​សារ​ព្រមាន​ជា​ភាសា​បរទេស​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម