ទូត​ចិន​ចប់​អាណត្តិៈ ជន​ជាតិចិន​មួយចំនួន​ប្រព្រឹត្ត​បទល្មើស​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​ប្រជាជន​កម្ពុជា​

769
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​សុង ប៉ ឯកអគ្គរដ្ឋទូត​ចិន​ចប់​អាណត្តិ​ប្រចាំ​នៅ​កម្ពុជា បាន​និយាយថា មាន​ជនជាតិ​ចិន​មួយចំនួន​បាន​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​បទល្មើស​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​អារម្មណ៍​និង​ទឹកចិត្ត​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ប្រជាជន​ចិន​។​លោក​ក៏​សូម​អរគុណ​ដល់​ក្រសួងមហាផ្ទៃ​កម្ពុជា​ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការជួយ​បង្ក្រាប​ជនល្មើស​ជា​ជនជាតិ​ចិន ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា​។​

លោក​សុង ប៉ ក្នុងឱកាស​ចូលជួប​ជម្រាបលា​សម្តេច​ក្រឡាហោម ស ខេង (​រូប​ថ​តៈ​មុនី​រ័ត្ន​)

​ការ​ថ្លែង​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​លោក​ទូត​បាន​បញ្ជាក់ថា ជាក់ស្តែង​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​បាន​ជួយ​លើ​ការងារ​សន្តិសុខ ដូចជា​ការ បង្ក្រាប​បទល្មើស​ផ្សេងៗ​បទល្មើស​ឆ្លងដែន​ការជួញដូរ​គ្រឿងញៀន​ការប្រព្រឹត្ត​អំពើ​ពេស្យាចារ​ផ្សេងៗ​នៅក្នុង​ទឹកដី​កម្ពុជា ដែល​សកម្មភាព​ទាំងនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ជាច្រើន​ដល់​ផលប្រយោជន៍​របស់​ប្រជាជន​ចិន នៅក្នុង​ទឹកដី​ចិន ក៏ដូចជា​ប៉ះពាល់​រូបភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។

​ឯកអគ្គរដ្ឋទូត​ចិន​ចប់​អាណត្តិ បញ្ជាក់ទៀតថា ទំនាក់ទំនង​ដ៏​ល្អប្រសើរ​រវាង​ប្រទេស​ទាំងពីរ គឺ​បាន​ប្រកាន់​ភ្ជាប់​នូវ​ការគោរព​អធិបតេយ្យ និង​ឯករាជ្យភាព​រវាង​គ្នា​ទៅវិញទៅមក ដើម្បី​ការពារ​ផលប្រយោជន៍​រួម​របស់​ជាតិ​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​លោក​អរគុណ​ចំពោះ​ការ​ផ្តល់នូវ​កិច្ចសហការ​ដ៏​ល្អ​រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ចិន ក្នុងការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​កាន់តែ​ល្អប្រសើរ​រវាង​ប្រទេស​ទាំងពីរ​។

​លោក​ទូត ក៏បាន​ថ្លែងអំណរគុណ​សម្តេច​ក្រឡា​ហោម ស ខេង ចំពោះ​ការគាំទ្រ​កន្លងមក​របស់​សម្តេច និង​ក្រសួងមហាផ្ទៃ ចំពោះ​អាណត្តិ​បំពេញបេសកកម្ម​ការទូត​របស់លោក​រយៈពេល​ពី​រ​ឆ្នាំ​នៅ​កម្ពុជា​។ លោក​បាន​លើកឡើងថា ការរីកចំរើន​របស់​ការងារ​ស្ថានទូត​ក៏​មិនអាច​កាត់ផ្តាច់​បាន​ពី​ការរួមចំណែក​ដ៏​ស​សំខាន់​របស់​សម្តេច​ក្រឡា​ហោម ស ខេង និង​ក្រសួងមហាផ្ទៃ​។​

លោក​សុង ប៉ ក្នុងឱកាស​ចូលជួប​ជម្រាបលា​សម្តេច​ក្រឡាហោម ស ខេង (​រូប​ថ​តៈ​មុនី​រ័ត្ន​)

​ចំណែក​សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ថ្លែងអំណរគុណ​លោក​សុង ប៉ ឯកអគ្គ​រដ្ឋ​ទួត​ចិន​ចប់​អាណត្តិ​ប្រចាំ​នៅ​កម្ពុជា ចំពោះ​ការបំពេញ​អាណត្តិ​ការទូត​ពីរ​ឆ្នាំ គឺ​រិត​តែ​ធ្វើការ​ចំណង​ទំនាក់ទំនង​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ និង​សម្រេចបាន​សម​ទ្ធិ​ផល​ច្រើន​ក្នុង​ទំនាក់ទំនង​ក្របខណ្ឌ​ទ្វេភាគី​។​

​សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា ក្រសួងមហាផ្ទៃ ក៏មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ និង​ក្រសួង​សន្តិសុខ​ជាតិ​របស់​ចិន​ផងដែរ ក្នុង​ការងារ​លើ​វិស័យ​សន្តិសុខ ដូចជា ការងារ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​។ ហើយ​ក្រសួងមហាផ្ទៃ​កម្ពុជា​ក៏បាន​ទទួល​នូវ​អំណោយ​សម្ភារៈ និង​ការជួយ​គាំទ្រ​ផ្សេងៗ ពី​ក្រសួង​ទាំងពីរ​របស់​ចិន ដើម្បី​អនុវត្ត​ការងារ​របស់ខ្លួន​។ ទន្ទឹម​នឹងនោះ​កម្ពុជា និង​ចិន ក៏មាន​ខេត្ត​ជាច្រើន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​គ្នា ដែល​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់​ទំនង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​រវាង​ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​។​

​នៅក្នុង​ឱកាស​នោះ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ស្នើ​ដល់​ភាគី​ចិន​បន្ត​ជួយ​លើ​ការងារ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ដល់​កងក​ម្លាំ​ង​នគរបាល​កម្ពុជា ពាក់ព័ន្ធ​និង​ការប្រយុទ្ធប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​តាម​អ៊ីនធឺណិត​។
​លោក​សុង ប៉ បាន​លើកឡើងថា លោក​ឯកភាព​ចំពោះ​ការវាយតម្លៃ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ នៃ​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា​នេះ​។ ហើយ​ចំពោះ​រូបលោក​ក៏មាន​ម​មោទនភាព​ដែរ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដែល​លោក​បំពេញការងារ​នេះ គឺមាន​ការផ្លាស់ប្តូ​រគ​ណៈ​ប្រតិភូ​ធំៗ ទាំង​កម្ពុជា​ទៅ​ប្រទេស​ចិន ទាំង​ចិន​មក​កម្ពុជា ដូចជា លោក​ស៊ី ជី​ង​ពីង​ប្រធានាធិបតី​ចិន នាយករដ្ឋមន្ត្រី​ចិន​។ ហើយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ប្រទេស​ចិន​ជាច្រើនលើក​ផងដែរ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម