លោក​មេធាវី​ ពិន វណ្ណៈ បញ្ជាក់​អំពី​តួនាទី​របស់​ក្រុមប្រឹក្សា​គណៈមេធាវី​

2473
ចែករម្លែក
  • 1.2K
    Shares

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ បច្ចុប្បន្ន​គេ​សង្កេតឃើញ​មេធាវី​ដែលជា​បេក្ខជន​ក្រុមប្រឹក្សា​គណៈមេធាវី​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ឬ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​និង​ទាញ​ចំណាប់អារម្មណ៍​ពី​សមាជិក​គណៈ​មេធាវី​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ខ្លួន​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៩ និង​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធាន​គណៈមេធាវី​ក្នុង អាណត្តិ​ទី​១២​។​

លោក​មេធាវី​ ពិន វណ្ណៈ បញ្ជាក់​អំពី​តួនាទី​របស់​ក្រុមប្រឹក្សា​គណៈមេធាវី​

នៅក្នុង​បញ្ជី​ឈ្មោះ​នៃ​ការចូលរួម​ប្រកួតប្រជែង​មាន​ចំនួន​១៥៨​នាក់​ដែលជា​បេក្ខជន និង​បេ​ក្ខ​នារី​សម្រាប់​ឲ្យ​សមាជិក​-​សមាជិការ​គណៈមេធាវី​ជ្រើសរើស​បេក្ខជន​ចំនួន​៣៣​រូប​សម្រាប់​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​។​ដោយឡែក​ចំពោះ​ដំណែង​ប្រធាន​គណៈមេធាវី​វិញ​គឺមាន​បេក្ខជន​តែ​ពីរ​នាក់​គត់​ដែល​ឈរឈ្មោះ​សម្រាប់​ប្រធាន​អាណត្តិ​ទី​១២​នេះ​។

ដើម្បី​ឲ្យ​កាន់តែ​យល់ច្បាស់​អំពី​តួនាទី​របស់​ក្រុមប្រឹក្សា​គណៈមេធាវី​ថ្ងៃនេះ​(២៨​កញ្ញា​)​លោក​មេធាវី ពិន វណ្ណៈ បាន​ផ្តល់នូវ​បទសម្ភាសន៍​ជាមួយ​កាសែត​រស្មី​កម្ពុជា​អំពី​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈមេធាវី​និង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​នា​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​ខាងមុខនេះ​។ សំណួរចម្លើយ​មាន​ដូចតទៅ​៖

​សំណួរ​៖ ដូច​អ្វីដែល​ខ្ញុំ​បាន​រៀបរាប់​នៅ​ក្នង​សេចក្តី​ផ្តើម​ខាងលើនេះ គឺ​គេ​ស​ង្គេ​ត​ឃើញ​មានការ​ផុស ផុល​ពី​បេក្ខជន បេ​ក្ខ​នារី​ដែល​ឈរឈ្មោះ​សម្រាប់​សមាជិក​ក្រុម​ម​ប្រឹក្សា​គណៈមេធាវី និង​សម្រាប់​ប្រធាន​ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ពី​ខ្លួនឯង ដើម្បី​ឲ្យ​សហ​ភាតា​អាច​ជ្រួតជ្រាប​អំពី​គោលនយោបាយ​នៃ​ការដឹកនាំ​អង្គភាព​គណៈមេធាវី​នេះ​។ ខ្ញុំ​បានទទួល​ដំណឹង​ថា លោក​មេធាវី ពិន វណ្ណៈ​ក៏​ជា​បេក្ខជន​មួយរូប​សម្រាប់​ឈរឈ្មោះ​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​នេះដែរ​។ តើ​លោក​មេធាវី​អាចជួយ​ប្រាប់​បានទេ ថា​លោក​មេធាវី​នឹង​ឈរឈ្មោះ​ធ្វើជា​សមា​ជិ​ក្រុមប្រឹក្សា​មាន​លេខ​រៀង​លំដាប់​ទី​ប៉ុន្មាន​ដែរ​?

​ចម្លើយ​៖ បាទ អរគុណ​ចំពោះ​កាសែត​រស្មី​កម្ពុជា​ដែល​បានមក​ធ្វើការ​សម្ភាសន៍​ជាមួយ​ខ្ញុំ​។ ខ្ញុំ​មិនមាន​អ្វី​លាក់បាំង​ទេ គឺ​ខ្ញុំ​បាន​ឈរឈ្មោះ​សម្រាប់​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​ក្នុង​អាណត្តិ​ទី​៩​នេះ មែន​។ ខ្ញុំ​មេធាវី ពិន វណ្ណៈ អត្តលេខ ៦៤៨ ចំពោះ​លេខ​រៀង​នៅក្នុង​សន្លឹកឆ្នោត​គឺ លេខ​៧៥​។​

​សំណួរ​៖ លោក​មេធាវី​អាចជួយ​ប្រាប់​អំពី​បទពិសោធន៍​ក្នុង​ការប្រកប​វិជ្ជាជីវៈ​ច្បាប់​បានទេ​?
​ចម្លើយ​៖ បាទ​! ខ្ញុំ​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ច្បាប់​តាំងពី​ឆ្នាំ​១៩៩៨ នៃ​មហាវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ។​

ខ្ញុំ​មានបទពិសោធន៍​ក្នុង​វិជ្ជាជីវៈ​ច្បាប់​ជាង​១៥​ឆ្នាំ​ហើយ​។ កាលពី​ឆ្នាំ​១៩៩៩ បាន​ប្រឡង​ចូល​បំរើការ​ជា​មន្ត្រី​រាជការ​​នៅ​រដ្ឋលេខាធិកា​ដ្ឋា​ន​មុខងារសាធារណៈ នៅ​ឆ្នាំ​២០០០ ផ្លាស់​ទៅជា​មន្ត្រី​បំរើការ​ងារ​នៅ​ក្រុមប្រឹក្សា​ក​ណែ​ទំរង់រដ្ឋបាល​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ឆ្នាំ​២០០១ ផ្លាស់ប្តូរ​ការងារ​មក​ក្រសួង​យុ​ត្តិ​ធ៌​ម រហូតដល់​ឆ្នាំ​២០០៣ ក្រសួង​តែងតាំង តួនាទី​ជា​ប្រធានការិយាល័យ​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​ច្បាប់ នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ រហូតដល់​ឆ្នាំ ២០០៤ ប្តូរ​មកជា​មន្ត្រី​បំរើការ​ងារ​នៅ​សាលាដំបូង​ក្រុងភ្នំពេញ និង​ត្រូវបាន​តែង​តាំ​ជា​ក្រឡាបញ្ជី​នៅ​ឆ្នាំ​២០០៥ រហូតដល់​ឆ្នាំ​២០០៨ ទើប​ប្តូរ​អាជីព​ជា​មេធាវី​រហូតមកដល់​ប​ច្ចុ​ប្បន្ន ។ក្នុង​វិស័យ​​វិជ្ជា​ជីវៈ​មេធាវី ខ្ញុំ​បាន​ក្លាយជា​មេធាវី​តាំងពី​ឆ្នាំ​២០០៩​មកម្ល៉េះ​។​

​សំណួរ​៖ តើ​ហេតុអ្វី​បានជា​លោក​មេធាវី សម្រេចចិត្ត​ក្នុងការ​ឈរឈ្មោះ​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា គណៈមេធាវី​នៅក្នុង​អាណត្តិ​ទី​៩​នេះ​?
​ចម្លើយ​៖ កត្តា​ជំរុញ​ឲ្យ​ខ្ញុំ​ឈរឈ្មោះ​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​គឺ ដើម្បី​ជួយ​ពង្រឹង​ការងារ​ជួយ​មេធាវី​ប្រកប​វិជ្ជាជីវៈ ដោយ​ប្រសិទ្ធភាព​បន្ថែមទៀត ជាពិសេស​ការទទួលបាន​នូវ​ការការពារ ការប្រកប​វិជ្ជាជីវៈ​មេធាវី​ប្រកបដោយ​ក្រមសីលធម៌ មានការ​ទទួលស្គាល់ និង​ទំនុកចិត្ត​ពី​សំណាក់​សាធារណជន​ទាំង​នៅក្នុង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​។ ក្រុមប្រឹក្សា​គណៈមេធាវី​មាន​នាទី​យ៉ាងសំខាន់​សម្រាប់​កិច្ច​គាំពារ​ដល់​សហ​ភាតា​សម្រាប់​ការប្រកប​វិជ្ជាជីវៈ​ដោយ​សេរី និង​តាម​ឆន្ទៈ​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ និង​សីលធម៌​។

​សំណួរ​៖ ក្រៅពី​អ្វីដែល​លោក​មេធាវី​បានលើកឡើង តើ​ក្រុមប្រឹក្សា​គណៈមេធាវី​មាន​តួនាទី​អ្វី​សំខាន់​ទៀត​ទេ​?
​ចម្លើយ​៖ យោងតាម​មាត្រា​១៩ នៃ​ច្បាប់​លក្ខន្តិកៈ​គណៈមេធាវី​គឺ​
​ក្រុមប្រឹក្សា​គណៈមេធាវី​មាន​ភារកិច្ច​ជាអាទិ៍​ដូចតទៅ ៖
-​ធ្វើ​បទបញ្ជាផ្ទៃក្នុង និង​ក្រមសីលធម៌​
-​សម្រេច​ឱ្យ​ចុះឈ្មោះ​ធ្វើ​កម្មសិក្សា និង​ចុះឈ្មោះ​ក្នុង​បញ្ជី​គណៈមេធាវី
-​សម្រេច​លើ​ការស្នើសុំ​អនុញ្ញាត​ទាំងឡាយ​ដែល​ធ្វើឡើង​ដោយ​មេធាវី​
-​ពិនិត្យ​កិច្ចព្រមព្រៀង និង​ឯកសារ​ទាំងឡាយ​ដែល​មេធាវី​មាន​កាតព្វកិច្ច​ត្រូវដាក់​ឱ្យ​ពិនិត្យ ហើយ​បញ្ចេញមតិ​ណែនាំ​លើ​កិច្ចព្រមព្រៀង និង​ឯកសារ​ទាំងនោះ
-​ត្រួតពិនិត្យ​ការកាន់កាប់​ទៀងទាត់​នៃ​បញ្ជី​គណនេយ្យ​របស់​មេធាវី​
-​ធានា​ការគោរពវិន័យ និង​ការដាក់វិន័យ​
-​ធានារ៉ាប់រង​ការរៀបចំ និង​ការគ្រប់គ្រង​សេវា​ទូទៅ​របស់​គណៈមេធាវី
-​គ្រប់គ្រង​ទ្រព្យសម្បត្ដិ និង​ថវិកា​របស់​គណៈមេធាវី កំណត់​ចំនួន​ទឹក ប្រាក់​ភាគទាន​របស់​មេធាវី​ម្នាក់ៗ និង​បង់ប្រាក់​ធានា​រួម​សម្រាប់​វិជ្ជាជីវៈ មេធាវី​
-​គ្រប់គ្រង​បេឡា​នៃ​មូលនិធិ​របស់​គណៈមេធាវី​
-​បញ្ចេញមតិ​លើ​បញ្ហា​ទាំងឡាយ​ដែល​ទាក់ទង​វិស័យ​យុត្ដិធម៌ និង​សិទ្ធិ របស់​មេធាវី ក្នុង​វិស័យ​ការពារ ជាអាទិ៍​នៅពេលដែល​មានការ​អញ្ជើញ​ពី អាជ្ញាធរ​សាធារណៈ​។

លោក​មេធាវី​ ពិន វណ្ណៈ បញ្ជាក់​អំពី​តួនាទី​របស់​ក្រុមប្រឹក្សា​គណៈមេធាវី​

​សំណួរ​៖ តើ​លោក​មេធាវី​មាន​គោលនយោបាយ​បែបណាខ្លះ​បន្ថែមទៀត ប្រសិនបើ​លោក​មេធាវី​ត្រូវបាន​សហ​ភាតា​ជ្រើសរើស​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៩​ខាងមុខនេះ​?
​ចម្លើយ​៖ បាទ អរគុណ​ចំពោះ​សំណួរ​ដ៏​ល្អ​នេះ​។ ខ្ញុំ​មាន​គោលនយោបាយ​ច្បាស់លាស់​សម្រាប់ធ្វើ​ជាស​មា​ជិ​ក​ក្រុមប្រឹក្សា​គណៈមេធាវី គឺ​ធ្វើយ៉ាងណា​បម្រើ​ឲ្យ​សហ​ភាតា​ប្រកបដោយ​ប្រសិទ្ធិភាព និង​ប្រសិទ្ធ​ផល​ក្នុង​ភាពជា​អ្នកដឹកនាំ​អង្គភាព​គណៈមេធាវី​ទាំងមូល​។ គោលនយោបាយ​ចម្បង​សម្រាប់​អាណត្តិ​ទី​៩ នេះ​គឺ​
១) ពង្រឹងសមត្ថភាព​ដល់​សហ​ភាតា​
• ការពង្រឹង​សមត្ថភាព​សហ​ភាតា​ដើម្បី​ស្វែងយល់​នូវ​ការវិវត្ត​ច្បាប់​ថ្មីៗ​នៅក្នុង​ប្រទេស និង​អន្តរជាតិ​
• ធ្វើការ​សហការ​ជាមួយ​អង្គភាព​គណៈមេធាវី​ក្នុង​តំបន់ និង​អន្តរជាតិ​ដើម្បី​ផ្តល់នូវ​ការពង្រឹង​នូវ​សមត្ថភាព​បន្ថែមទៀត​ដល់​សហ​ភាតា​
• ធ្វើការ​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​ជាមួយ​គណៈមេធាវី​អន្តរជាតិ​ដើម្បី​រៀនសូត្រ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​
• បង្កើន​ប្រសិទ្ធិភាព​ការងារ​បន្ថែមទៀត​ដល់ គណៈកម្មការ​ទាំង​ប្រាំ​រូ​ម​មាន​៖ ១) គណៈកម្មការ​សិទ្ធិមនុស្ស និង​ច្បាប់​អន្តរជាតិ ២) គណៈកម្មការ​កិច្ចការ​រដ្ឋប្បវេណី ៣) គណៈកម្មការ​កិច្ចការ​ព្រហ្មទណ្ឌ ៤) គណៈកម្មការ​កិច្ចការ​ពាណិជ្ជកម្ម និង​៥) គណៈកម្មការ​កិច្ចការ​ការងារ ដើម្បី​ដើរតួនាទី​សំខាន់​ក្នុងការ​ពង្រឹងសមត្ថភាព​ដល់​មេធាវី និង​សាធារណជន​តាមរយៈ​សិក្ខាសាលា វិទ្យុ និង​ទូរទស្សន៍​
• ពង្រីក​នូវ​សក្តានុពល​មេធាវី​នៅក្នុង​កិច្ចការ​ការពារ​កូនក្តី និង​អ​ថិ​តិ​ជន​របស់ខ្លួន​នៅក្នុង​សង្គម​ប្រកបដោយ​គុណធម៌ និង​សីលធម៌​ខ្ពស់​។​
២) ការដឹកនាំ​ប្រកបដោយ​តម្លាភាព​នៅក្នុង​អង្គភាព​គណៈមេធាវី​
• ការពង្រឹង​វិន័យ​បន្ថែមទៀត​សម្រាប់​មេធាវី​ដែល​មិន​គោរព​តាមច្បាប់​លក្ខន្តិកៈ​គណៈមេធាវី បទបញ្ជាផ្ទៃក្នុង និង​ក្រមសីលធម៌​របស់​មេធា​វី​
• បង្កើន​នូវ​តម្លាភាព​នៃ​ការបែងចែក​រឿងក្តី​ក្រីក្រ​នៅតាម​បណ្តា​ខេត្ត រាជធានី​ក្រុង
• ផ្តល់នូវ​សេវាកម្ម​ទាន់​ចិត្ត​ដល់​សហ​ភាតា​ដែល​ត្រូវការ​ជំនួយ​ពី​គណៈមេធាវី​តាមរយៈ​ការបង្កើត​នូវ​ប្រព័ន្ធ​ហ​ត​ឡាញ និង​ប្រព័ន្ធ​ព័ត៌មាន​សង្គម​សម្រាប់​ជួយ​គាំពារ​សហ​ភាតា​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។​
• ពង្រឹង​បន្ថែមទៀត​នូវ​យន្តការ​នៃ​គុណភាព​នៃ​បេក្ខជន​ដែល​ចូល​តាម​មាត្រា​៣២​នៃ​ច្បាប់ លក្ខន្តិកៈ​គណៈមេធាវី​ដើម្បី​មាន​ទំនុកចិត្ត និង​តម្លាភាព​ពី​សាធារណជន​។​
៣) គាំពារ​សហ​ភាតា​ពី​ការធ្វើ​ទុក​បុក​ម្នេញ​ពី​អ្នកដទៃ និង​គាំពារ​សហ​ភាតា​ដែល​អ​លទ្ធភាព​
• ការពារ​សហ​ភាតា​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​បុគ្គល​មានអំណាច​មួយចំនួន តាមរយៈ​ការចុះទៅ​ស៊ើប​អ​ង្គេ​ត​ផ្ទាល់​ដើម្បី​ស្វែងរក​បញ្ហា​ដែល​កើតមានឡើង និង​ធ្វើ​កិច្ច​អន្តរាគមន៍​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​ឲ្យ​មានការ​គោរព​នូវ​នីតិរដ្ឋ​
• ជួយ​ពង្រីក និង​ពង្រឹង​បន្ថែម​នូវ​គោលនយោបាយ​សុខមាលភាព​សហ​ភាតា​ក្នុងករណី​ជួប​គ្រោះថ្នាក់​ពេល​បំពេញ​ការពារ ឬ​ទប់​ពល​ភាព​ក្នុង​ការបំពេញ​វិជ្ជាជីវៈ​។​
៤) ពង្រីក​កិច្ចសហការ​គណៈមេធាវី​នៅក្នុង​ជាតិ និង​អន្តរជាតិ​
• ធ្វើការ​ទំនាក់ទំនងរ​ជាមួយ​ស្ថាប័ន​ជាតិ​សំខាន់ៗ​ដើម្បី​សម្រួល​ការងារ​សហ​ភាតា​ប្រកបដោយ​ប្រសិទ្ធិភាព និង​ប្រសិទ្ធ​ផល​
• ធ្វើការ​ទំនាក់​ទំនងជា​មួយ​ស្ថាប័ន​គណៈមេធាវី​ក្នុង​តំបន់​ក្នុង​ការធ្វើ​កិច្ចសហការ​ប្រកបដោយ​ទូលំទូលាយ​ក្នុង​វិស័យ​ច្បាប់​
• ទំនាក់ទំនង​ជាមួយ​គ​ណៈ​មេធាវី​អន្តរជាតិ​ដើម្បី​ពង្រីក​នូវ​កិត្យានុភាព​គណៈមេធាវី​កម្ពុជា​លើ​ឆាក​អន្តរជាតិ​
​សំណួរ​៖ តើ​ជា​ចុងក្រោយ​លោក​មេធាវី​ចង់​ផ្ញើ​សារ​អ្វីខ្លះ​ដល់​សហ​ភាតា​របស់លោក​ដើម្បី​គាំទ្រ​បេក្ខភាព​របស់លោក​សម្រាប់​ការបោះឆ្នោត​នា​ថ្ងៃទី​១៦ ខែតុលា ខាងមុខនេះ​?
​ចម្លើយ​៖ ជា​ចុងក្រោយ​ខ្ញុំ​សំណូមពរ​សូម​សហ​ភាតា​ទាំងអស់ សូម​បោះឆ្នោត​រើស​សមាជិក​-​សមាជិកា​ណា ដែលមាន​សមត្ថភាព ជំនាញ បទពិសោធន៍ និង​មាន​គោលនយោបាយ​ច្បាស់លាស់​សម្រាប់​ដឹកនាំ​អង្គភាព​គណៈមេធាវី​ប្រកបដោយ​ប្រសិទ្ធិភាព​។ ខ្ញុំ​សុំ​សំណូមពរ​ដល់​សហ​ភាតា​ទាំងអស់​ជួយ​គាំទ្រ​ខ្ញុំបាទ​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​ដើម្បី​បាន​បម្រើ​ផង​ប្អូន​សហ​ភាតា​តាម​គោលនយោបាយ​ដែល​ខ្ញុំ​បាន​រៀបរាប់​ខាងលើនេះ​ស្រាប់​។
​ដើម្បី​សុខុម​នីយកម្ម​នៃ​មហា​គ្រួសារ​នៃ​គណៈមេធាវី​ទាំងមូល​សូម​សហ​ភាតា​បោះឆ្នោត​ជូន​ខ្ញុំបាទ​ឈ្មោះ ពិន វណ្ណៈ ដែលមាន​លេង​រៀង​ទី​៧៥​នៃ​សន្លឹកឆ្នោត​។
​ជា​ចុងបញ្ចប់​​រស្មី​កម្ពុជា​សូម​អរគុណ​ចំពោះ​លោក​មេធាវី​ដែល​បាន​ចំណាយ​ពេលវេលា​ក្នុង​ការផ្តល់​បទសម្ភាសន៍​នេះ និង​សូម​គោរព​ជូនពរ​សហ​ភាតា​គណៈមេធាវី​ទាំង​ជួបប្រទះ​នូវ​ពុទ្ធពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម