រ៉ឺម៉ក​កែច្នៃ​ត្រូវបាន​ហាម​ធ្វើចរាចរ​លក់ទំនិញ​លើផ្លូវ​ក្នុង​ក្រុង​

1294
ចែករម្លែក

ដោយៈ​ប​.​ខុន/​​ភ្នំពេញៈ​ការដាក់ចេញ​នូវ​បទបញ្ជា​ទប់ស្កាត់​រ៉ឺម៉ក​ធ្យូង មិន​ឲ្យ​ធ្វើចរាចរ​ចែកចាយ​ធ្យូង នៅ លើផ្លូវ​ក្នុង​ទីក្រុង​របស់​អភិបាល​រាជធានី​ភ្នំពេញ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ និង សោភ័ណភាព​ទីក្រុង​ភ្នំពេញ ត្រូវបាន​មហាជន​ជាច្រើន​គាំទ្រ​តែ​ក៏មាន​មជ្ឈដ្ឋាន​មួយ ចំនួន ធ្វើការ​រិះគន់​ផងដែរ​។​

​រ៉ឺម៉ក​កែច្នៃ​ដឹក​ធ្យូង​លក់​ត្រូវបាន​ហាម​មិន​ឲ្យ​ធ្វើចរាចរ​នៅលើ​ផ្លូវ​ក្នុង​ក្រុងភ្នំពេញ​(​រូបថត ហ្គូ​ហ្គ​ល​)

​ ​នៅក្នុង​ពិធី​ជួប​សំណេះ​សំ​ណាយ​ជាមួយនឹង​មន្ត្រី​ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​២៦​ខែកញ្ញា លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ដល់​មន្ត្រី​នៅ​មូលដ្ឋាន​ឲ្យ​ចូលរួម​តាមដាន​ក្នុងការ​ហាមឃាត់​រ៉ឺម៉ក​ធ្យូង​ដែល​បាន​ចូលក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​សោភ័ណ​ស្អាត​។​​ ​ការលើកឡើង​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ​នេះ មាន​មហាជន​ជាច្រើន​បាន​គាំទ្រ​ដោយសារ​រ៉ឺម៉ក​ធ្យូង ដែល​ចូលដល់​កណ្តាល​ក្រុង​កន្លងមក​និង​ក៏ដូចជា​នៅពេលនេះ​ជា​រ៉ឺម៉ក​កែច្នៃ​មាន​ទំហំ​ធំៗ​និង​វែង ដឹក​ធ្យូង​សំពីងសំពោង​ដូច​រទេះ​ទើប​ចុះ​ពី​ភ្នំ ។

​ ​ទោះជា​យ៉ាងណា​បទបញ្ជា​ខាងលើនេះ ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​ធ្វើការ​រិះគន់ថា អាជ្ញាធរ​ធ្វើបែបនេះ គឺ​ធ្វើបាប​អ្នកក្រីក្រ​ដែលមាន​មុខរបរ​តូចតាច​។​
​ ​មន្ត្រីនគរបាល​ចរាច​រណ៍​មួយរូប​បានចេញ​ខ្លួន​មក​អះអាងថា​ការអនុវត្ត​ច្បាប់ គឺ​មិន​និយាយ​រឿង​អ្នកមាន​អ្នកក្រ​ទេ ។​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​មិនអាច​ធ្វើចរាចរ​នៅលើ​ផ្លូវ​សាធារណៈ​បានទេ និង រិត​តែ​មិនបាន​ទៅទៀត នៅលើ​ផ្លូវ​ក្នុង​ទីក្រុង ដែល​កំពុងមាន​ចរាចរ​មមាញឹក​ស្រាប់​ដូច​សព្វថ្ងៃនេះ​។​
​ ​លោក​សែម គុ​ន្ធា ប្រធាន​កា​រិ​យា​ល​យ័​នគរបាល​ចរាចរណ៍​ជើងគោក ស្នងការ​នគរបាល​រាជ​ធ​នី​ភ្នំពេញ​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៨​ខែកញ្ញា​ថា មកដល់ពេលនេះ​មិនទាន់មាន​រ៉ឹ​ម៉ក​ធ្យូង​ណាមួយ​ត្រូវបាន​ឃាត់ទុក​នៅឡើយ​ទេ នៅ​កា​រិ​យា​ល​យ័​ចរាចរណ៍ តែ​អាច​មានការ​នៅតាម​បណ្តា​ខណ្ឌ​ជាយក្រុង​។​រ៉ឺម៉ក​ធ្យូង​ដែល​ចូល​មកដល់​ក្នុង​ក្រុង​ជា​រ៉ឺម៉ក​កែច្នៃ​ដូចជា​រ៉ឹ​ម៉ក​ដឹក​អ្នកដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥​ដែរ ភាគច្រើន​ធ្វើចរាចរ​ដើម្បី​លក់​ធ្យូង​តាម​ផ្ទះ​លើផ្លូវ​តូចៗ​។​

​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចេ​វ ហាក់ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២៨​ខែកញ្ញា​ថា រ៉ឺម៉ក​ធ្យូង រ៉ឺម៉ក​លក់​ក្អមឆ្នាំង ដែលជា​រ៉ឺម៉ក​កែច្នៃ​ធំ​និង​វែង ធ្វើចរាចរ​គ្មាន​ទិសដៅ​នៅលើ​ផ្លូវ​ក្នុង​ទីក្រុង​បាន​បង្ក​ឲ្យ​មានការ​ទើស​ទែង​និង​ស្ទះ​ចរាចរ ដោយសារ​ការធ្វើ​ចរាច​រ​បណ្តើរ​លក់ដូរ​បណ្តើ​រ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​របស់​ទីក្រុង​ទៀតផង​។​

​ ​លោក​ឧ​ត្ត​មេស​នី​យ៍​ត្រី​បាន​បញ្ជាក់ថា កន្លងទៅនេះ​យើង​មិនបាន​ចាប់​រ៉ឺម៉ក​ទាំងនោះ​ទុក​ទេ តែ​បាន​ឃាត់​ធ្វើ​កិច្ច សន្យា​និង​អប់រំ​កុំ​ឲ្យ​ធ្វើចរាចរ​នៅលើ​ផ្លូវ​ហាមឃាត់​បន្តទៀត ដោយសារ​រ៉ឺម៉ក​កែច្នៃ​ទាំងនោះ​ធំ​ជ្រុល​វែង​ហួស​បង្ក​ការ​ប៉ះពារ​ជាមួយនឹង​យាន​ផ្សេងៗ ជាពិសេស​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​និង​សោភ័ណភាព​នៅក្នុង​ទីក្រុង​។​

​រ៉ឺម៉ក​កែច្នៃ​ដឹក​ធ្យូង​លក់​ត្រូវបាន​ហាម​មិន​ឲ្យ​ធ្វើចរាចរ​នៅលើ​ផ្លូវ​ក្នុង​ក្រុងភ្នំពេញ​(​រូបថត ហ្គូ​ហ្គ​ល​)

​ ​លោក​អេ​ម សម្បត្តិ ប្រធាន​កា​រិ​យា​ល័ន​គ​របាល​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​រ៉ឹ​ម៉ក​ដឹក​ធ្យូង​និង​ក្អមឆ្នាំង​ធ្វើចរាចរ​នៅលើ​ផ្លូវ​ក្នុង​ទីក្រុង​សព្វថ្ងៃ​មិនមែន​សំដៅទៅ​ដេប៉ូ​ទេ គឺ​ធ្វើចរាចរ​បណ្តើរ​លក់​ប​ណ្តើ​រ​នៅ​គ្រប់​ផ្លូវ​ដែល​គេ​ចង់ទៅ មិន​គិតថា​ផ្លូវ​តូច​ឬ​ផ្លូវធំ​ទេ ។ រ៉ឺម៉ក​ប្រភេទ​នេះ​ត្រូវបាន​ហាមឃាត់​តាំង​ពីស​សម​យ័ លោក​កែប ជុតិមា តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​នៅ​ធ្វើជា​អភិបាលក្រុង​ម្ល៉េះ​៕SRN

ទីតាំងផ្សាយពាណិជ្ជកម្ម