រឿង​ឡាន​បី​គ្រឿង​ដឹកឈើ​ម៉ៃសាក់​មិនទាន់​ចប់​ទេ ដល់​វគ្គ​ថ្លឹង​លើស​ទម្ងន់​ម្តង​

1690
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: រថយន្ត​ខ្នាត​ធំ​ដឹកឈើ​ម៉ៃសាក់ ត្រូវបាន​ឃាត់​សារជាថ្មី​ម្តងទៀត​ដោយ​សង្ស័យថា​លើស​ទម្ងន់​។​ការឃាត់​នោះបាន​ធ្វើឡើង នៅ​គល់ស្ពាន​សេកុង ក្រុង​ស្ទឹងត្រែង​កាលពី​រសៀល​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​កាលពី​ថ្ងៃទី​២៥​ខែកញ្ញា​រថយន្ត​វេ​អង​ខ្នាត​ធំៗ ដឹកឈើ​ម៉ៃសាក់​ចេញពី​ក្រុមហ៊ុន​កែវ វុទ្ធី​ចំនួន​៣​គ្រឿង ត្រូវ​កម្លាំង​នគរបាល​និង​ព្រះរាជអាជ្ញា​ចុះ​ឃាត់​ត្រួតពិនិត្យ​រក​ច្បាប់​អនុញ្ញាត ដឹកជញ្ជូន​និង​សង្ស័យ​បង្កប់​ឈើ​ខុសច្បាប់ ពីក្រោម​។ ពេល​ឃាត់​នោះ សមត្ថកិច្ច​រកឃើញថា​រថយន្ត​ទាំងបី​គ្រឿង ពុំទាន់​មានច្បាប់​ដឹកជញ្ជូន​ចេញពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឡើយ​។ ក្រោយពី​បញ្ជូន​រថយន្ត ទាំងបី​គ្រឿង មកដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ទើប​ភាគី​ដឹកជញ្ជូន​ឈើ​ម៉ៃសាក់​យក​ច្បាប់​អនុញ្ញាត ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ មកឱ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​។​

​នៅវេលា​រសៀល​ថ្ងៃទី​២៧​ខែកញ្ញា​តុលាការ និង​នគរបាល​បានឱ្យ​រថយន្ត​ដឹក​ដើម​ម៉ៃសាក់​ចេញទៅ​គោលដៅ​របស់ខ្លួន​។ គ្រាន់តែ​រថយន្ត​វិល​កង់​មិនទាន់​ផុត​ក្រុង​ស្ទឹងត្រែង​ផង ក៏​ស្រាប់តែ​ក្រុម​ជញ្ជីង​ឃាត់​ម្តង ដើម្បី​ត្រួតពិនិត្យ​ទម្ងន់​ដែលនាំឱ្យ​ខូច​ផ្លូវថ្នល់​។ តាម​ការពិនិត្យ​ជាក់ស្តែង​ឃើញថា​រថយន្ត​បី​គ្រឿង ពិតជា​ដឹក​លើស​ទម្ងន់​មែន ហើយ​ត្រូវឱ្យ​ម្ចាស់​គោរព​ទៅតាម​គោលការណ៍​ច្បាប់ និង​បង់​ផាកពិន័យ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម