​ជម្រុញ​ឱ្យ​ពេទ្យឆ្មប​បង្កើន​សមត្ថភាព​ខ្លួន​ថែមទៀត​និង​គោរព​នូវ​ក្រមសីលធម៌​គ្រូពេទ្យ​

1357
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​ថ្លែង​ទៅកាន់​គ្រូ​ពេទ្យឆ្មប​នៅក្នុង​ខេត្តកំពង់ឆ្នាំង លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​ជម្រុញ​ឱ្យ​គ្រូ​ពេទ្យឆ្មប​ទាំងអស់​ត្រូវតែ​អភិវឌ្ឍន៍​សមត្ថភាព​វិជ្ជាជីវៈ​របស់ខ្លួន​បន្ថែម​ទៀត​ដើម្បី​ធានា​ឱ្យបាន​នូវ​ការថែទាំ​មួយ​ប្រកបដោយ​គុណភាព​និង​សុវត្ថិភាព​ខ្ពស់បំផុត ។​

​ការលើកឡើង​របស់លោក​វេជ្ជបណ្ឌិត​ប្រាក់​វ៉ុ​ន​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ពេលនេះ​នៅក្នុង​ឱកាស​បើក​វគ្គ​បណ្តុះបណ្តាល​លើក​ទី​១​ដល់​គ្រូ​ពេទ្យឆ្មប​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ដែល​រៀបចំឡើង​ដោយ​សមាគមន៍​ពេទ្យឆ្មប​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ។

​លោក​វេជ្ជបណ្ឌិត​ប្រាក់​វ៉ុ​ន​បានបញ្ជាក់​ទៀតថា​មិន​អាចឱ្យ​សមត្ថភាព​គ្រូពេទ្យ​ឆ្មប​របស់​យើង​នៅ​ដដែលៗ​នោះទេ​ព្រោះថា​ការវិវឌ្ឍ​ន៍​នៃ​សង្គម​បានធ្វើឱ្យ​មានការ​ផ្លាស់ប្តូ​រ​ពី​ស្ថានភាព​មួយ​ទៅ​ស្ថានភាព​មួយ​។​ដូចនេះ​ការលើកកម្ពស់​ការងារ​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​បន្ថែម​របស់​ពេទ្យឆ្មប​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​នឹង​មើលឃើញ​កាន់តែច្បាស់​របស់​ពេទ្យឆ្មប​មាន​តួនាទី​និង​ភារកិច្ច​យ៉ាងសំខាន់​ក្នុងការ​ថែទាំ​ព្យាបាល​អ្នកជំងឺ​។​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព​និង​គុណភាព​សេវា​ថែទាំ​ព្យាបាល​ដល់​អ្នកជំងឺ​។​

​កាលដែល​ពេទ្យឆ្មប​របស់​យើង​មាន​សមត្ថភាព​ច្បាស់លាស់​និង​ចូលរួម​ក្នុង​សកម្មភាព​ការថែទាំ​សុខភាព​មាតា​និង​ទារក ទាំង​ក្នុងពេល​សម្រាល និង ក្រោយពេល​សម្រាល ។ លោក​វេជ្ជបណ្ឌិត​ប្រាក់ វ៉ុ​ន​បានបញ្ជាក់​ទៀតថា​ការលើកកម្ពស់​សេវា​សុខភាព​សាធារណៈ​និង​អាហារូបត្ថម្ភ​ជា​គោលដៅ​យុទ្ធសាស្ត្រ​មួយ​របស់​រាជរដ្ឋាភិបាល​គឺ​សំដៅ​លើកកម្ពស់​សុខភាព​ប្រជាជន​និង​អាហារូបត្ថម្ភ​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ធនធានមនុស្ស​កំណើនសេដ្ឋកិច្ច​និង​វឌ្ឍនភាព​សង្គម​ប្រកបដោយ​ចីរភាព​។​

​ជា​លទ្ធផល​ក្នុង​កិច្ចការ​នេះ​រាជរដ្ឋាភិបាល​បានសម្រេច​គោលដៅ​អភិវឌ្ឍន៍​សហវ​ត្ស​ក្នុងការ​កាត់បន្ថយ​អត្រា​មរណៈភាព​មាតា​ទារក​និង​កុមារ​ផងដែរ​។​ដូច្នេះ​ការពង្រឹង​សមត្ថភាព​គុណភាព​របស់​គ្រូពេទ្យ​ពិត​ជាមាន​សារៈសំខាន់​ក្នុង​ការផ្តល់សេវា​សុខាភិបាល​ប​ប្រកបដោយ​គុណភាព​ប្រកបដោយ​ការជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម