កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត លូកដៃ​ឃាត់ខ្លួន​ក្នុង​រឿង​លក់​ដី​ពី​ម្ចាស់​មួយ​ទៅ​ម្ចាស់​មួយ

1509
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​លូកដៃ​ឃាត់ខ្លួន​ក្នុង​រឿង​លក់​ដី​ពី​ម្ចាស់​មួយ​ទៅ​ម្ចាស់​មួយ ដោយយោង​ត្រឹម​ពាក្យបណ្តឹង​របស់​ឈ្មោះ ណុប ណាវី ភេទ​ស្រី អាយុ ៤៩​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ក៏​ឈានទៅ​ចាប់ខ្លួន​ភាគី​ម្ខាង​ទៀត​។​

​ការចាប់ខ្លួន​ធ្វើឡើង​កាលពី ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សូរិយា សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត ហើយ​ថ្ងៃទី​២៨​ខែកញ្ញា ប្រុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ជនសង្ស័យ​មានឈ្មោះ គង់ អ៊ី ហៅ អ៊ឹម​សែង​M5 ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ មុខរបរ​ឈ្មួញ​រកស៊ី​ទិញ​-​លក់​ដី រស់នៅ​ភូមិ​សូរិយា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​។ ហើយ​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​បន្ត​។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួល​ការងារ​យុត្តិធម៌​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ គង់ អ៊ី បាន​នាំ​ឈ្មួញ​ទិញ​-​លក់​ដី ទៅពិនិត្យ​ទីតាំង​ដី​២​កន្លែង ស្ថិតនៅ​ភូមិ​សូរិយា សង្កាត់​និមិត្ត និង​ភូមិ​អូរ​ឬ​ស្សី សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ចំនួន​៤៥​ហិកតា​។ ឈ្មួញ​ទិញ​-​លក់​ដី បានទាមទារ​ពិនិត្យមើល​ឯកសារ​ពាក់ព័ន្ធ​ដី​ខាងលើ ដើម្បី​ប្រគល់​ប្រាក់​កក់​ចំនួន​៥​ម៉ឺន​ដុល្លារ ឲ្យ​។ ម្ចាស់​ដី​កម្ម​សិ​ទិ្ធ​គឺ​ជនរងគ្រោះ បានដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​។​

​មេបញ្ជាការរង​អហ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់ថា ការដែល​សមត្ថកិច្ច​អហ​លូកដៃ​ក្នុង​រឿង​ទិញ លក់​ដី​ព្រោះ​ស្ថានភាព​ទិញ លក់​ដី ការឡើង​ថ្លៃ​ដី និង​ជម្លោះដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត បាន​កញ្ជ្រោល​ខ្លាំង​។​

​ក្នុងនោះ ជនសង្ស័យ កន្លង​មកជា​មុខសញ្ញា​ធ្លាប់បាន​លួច​លក់​ដី​អ្នកដទៃ ឬ​ស៊ីដាច់​ដី​គេ​។ មាន​យក​ដី​គេ​ទៅ​ឲ្យ​ឈ្មួញ​រកស៊ី​ទិញ​-​លក់​ដី ជាច្រើនលើក​មកហើយ​។​

​ម្យ៉ាង ជនរងគ្រោះ​បាន​ប្តឹងផ្តល់​ទៅ​មន្ត្រីនគរបាល​យុត្តិធម៌ ទៅ​អាជ្ញាធរ​ដែនដី​និង​ទៅ​ជំនាញ​សុរិយោដី ឲ្យ​ជួយ​បង្ក្រាប​ជនសង្ស័យ​។ ប៉ុន្តែ មន្ត្រី​ក៏​មិនដែល​ផ្តល់​ដំណោះស្រាយ​ឡើយ ។​ចឹ​ង​ហើយ លើក​នេះ​ជនរងគ្រោះ​ក៏​បង្ខំចិត្ត​មកប្តឹង​កម្លាំង​អហ​ដូច្នេះ​ដើម្បី​អន្តរាគមន៍ បង្ក្រាប​ជនសង្ស័យ ។​

​ជនសង្ស័យ​បាន​សារភាព​ដូចដែល​ចោទប្រកាន់ ។ ហេតុនេះ ជនសង្ស័យ​អាច​ត្រូវ​ចោទ​ពីបទ​ប៉ុនប៉ង​លក់​អចលនទ្រព្យ​អ្នកដទៃ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម