សហភាព​អឺរ៉ុប​ព​ន្លឿ​ន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​ការប្រែប្រួល ក្នុង​ឆ្នាំ ២០១៨ ដែលជា​ឆ្នាំ​ដ៏​សំខាន់​សម្រាប់​ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​

3351
ចែករម្លែក

ភ្នំពេញ​៖ ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ បង្ក​ការគំរាមកំហែង​យ៉ាង​ធំធេង ចំពោះ​ភពផែនដី​របស់​យើង និង​មនុស្ស​រស់នៅ​លើ​ភពផែនដី​។ កាលពីពេល​ថ្មីៗ​នេះ លោក អាន​តូ​នី​ញូ ហ្គូ​តឺ​រ៉េ​ស​(Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​រៀបរាប់ថា ការប្រែប្រួល​អាកាសធាតុ គឺជា «​បញ្ហា​ដ៏​សំខាន់​ក្នុង​សម័យកាល​របស់​យើង ដែល​បង្ក​ការគំរាមកំហែង​ដោយផ្ទាល់​និង​គ្រប់ផ្នែក​ទាំងអស់​»​។ ការប្រែប្រួល​អាកាសធាតុ នឹង​បង្ក​ផលប៉ះពាល់​ដ៏​ធំធេង​លើ​វិស័យ​កសិកម្ម សុខភាព ហេដ្ឋារចនាសម្ព័ន្ធ និង​បរិស្ថាន ធម្មជាតិ​។ ការប្រែប្រួល​អាកាសធាតុ នឹង​ធ្វើឱ្យ​អន្តរាយ​ដល់​ការ​សមិទ្ធផល​នៃ​ការអភិវឌ្ឍ ដែល​សម្រេចបាន​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ ក៏ដូចជា ធ្វើឱ្យ​អន្តរាយ​ដល់​សក្តានុពល ក្នុងការ​ឈានទៅ​សម្រេច​របៀបវារៈ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ឆ្នាំ ២០៣០​។
​ ​
​ដូចគ្នា​នឹង​ប្រទេសមួយ​ចំនួន​នៅ​អឺរ៉ុប​ដែរ ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដែល​ងាយ​រងគ្រោះ​ដោយ សារ​ការប្រែប្រួល​អាកាសធាតុ​។ ការប្រែប្រួល​អាកាសធាតុ ដោយ​ពុំមាន​ការទប់ស្កាត់​នឹងធ្វើ​ឱ្យ ប្រទេស​នេះ កាន់តែ​ទទួលរង​ទឹកភ្លៀង និង​ទឹកជំនន់​ក្នុង​បរិមាណ​ច្រើនជាង​មុន​ដោយ​ពុំ​អាច​ព្យាករ ដឹង​ជាមុន​បាន ក៏ដូចជា​ជួប​គ្រោះរាំងស្ងួត​អូសបន្លាយ​ពេល​យូរ ខ្យល់ព្យុះ​ត្រូពិច និង​ការកើនឡើង នូវ​កម្ពស់​ទឹកសមុទ្រ​។ ដោយហេតុថា​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ពេញកម្លាំង​ប្រមាណ​ពាក់កណ្តាល កំពុងធ្វើការ​ងារ​ក្នុង​វិស័យ កសិកម្ម ការប្រែប្រួល​អាកាសធាតុ​អាច​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ប្រជាជន​ទាំងនេះ បង្ក​ការគំរាមកំហែង​ដល់​ប្រាក់ចំណូល ដល់​សន្តិសុខ​ស្បៀង និង​ហេដ្ឋារចនាសម្ព័ន្ធ​។​
​ ​
​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ឆ្នាំ ២០១៥ ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដាក់ចេញ​នូវ​ទិសដៅ សម្រាប់ ការធ្វើ​អន្តរកាល​ក្នុង​សកលលោក​ទាំងមូល ដើម្បី​ឈានទៅ​បង្កើត​នូវ​សេដ្ឋកិច្ច និង​សង្គម​ដែល​បំ​ភាយ​ឧស្ម័ន ក្នុង​កម្រិត​ទាប និង​ធន់​ទៅនឹង​អាកាសធាតុ​។ ទោះជា​យ៉ាងណាក៏ដោយ យើង​បានដឹង​រួចមកហើយ​ថាទិសដៅ​នៃ​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ដែល​ត្រូវបាន​ដាក់ចេញ​នៅ​ទីក្រុង​ប៉ារីស គឺ​មិន​គ្រប់គ្រាន់ ដើម្បី​សម្រេច​គោលដៅ​រួម​របស់​យើង​ក្នុងការ​កាត់បន្ថយ​ការឡើង​កម្តៅ​ផែនដី ឱ្យនៅ​ក្រោម ១,៥°C ឬ ២°C ធៀប​នឹង​កម្រិត​មុន​ឧស្សាហកម្ម​នោះឡើយ​។ របាយការណ៍ ពិសេស​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ (IPCC) ដែល​នឹងត្រូវ ចេញផ្សាយ​នាពេល​ឆាប់ៗ​នេះ បង្ហាញថា រយៈពេល​ដើម្បី​បន្ត​ស្ថិតនៅក្នុង​កម្រិត ទាំងនេះ នឹង​ចប់​ក្នុង​រយៈពេល​មួយ​ដ៏​លឿន​។ ដូច្នេះ យើង​ត្រូវ​ព​ន្លឿ​ន​ការអនុវត្ត​កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស ទន្ទឹមគ្នា​ជាមួយនឹង​ការបង្កើន​មហិច្ឆតា​របស់​យើង​ដើម្បី​ឈានទៅ​សម្រេច​តាម​ទិសដៅ​កាត់បន្ថយ ការ​បំ​ភាយ​ឧស្ម័ន ។
​ ​
​នៅ​ឆ្នាំនេះ រដ្ឋាភិបាល និង​ភ្នាក់ងារ​ពាក់ព័ន្ធ​មកពី​ជុំវិញ​ពិភពលោក មក​ប្រមូល​ផ្តុំគ្នា​ដើម្បី​ពិនិត្យ​លើ លទ្ធភាព​បង្កើន​សកម្មភាព​ក្រោម «​កិច្ច​ពិគ្រោះ​យោបល់ Talanoa»​។ ដំណើរការ​ពិគ្រោះ យោបល់​នេះ គឺជា​ឱកាស​ទីមួយ ចាប់តាំងពី​កិច្ចប្រជុំ​ទីក្រុង​ប៉ារីស​មក​ដើម្បី​ពិនិត្យមើល​កិច្ចខិតខំ ប្រឹងប្រែង​រួមគ្នា​របស់​យើង​កន្លងមក ក៏ដូចជា​ឱកាស សម្រាប់​បង្កើន​មហិច្ឆតា​ជាស​កល​។ សហភាព​អឺរ៉ុប​ចាត់ទុក​កិច្ច​ពិគ្រោះ​យោបល់ Talanoa ថា​ជា​ឱកាស​ដ៏​សំខាន់ ដើម្បី​ពិភាក្សា រក​ដំណោះស្រាយ​។ លទ្ធផល​នៃ​កិច្ចពិភាក្សា​ទាំងនេះ​គួរតែ​ជាការ​ប្តេជ្ញាចិត្ត​រួមមួយ​នៃ​រដ្ឋាភិបាល ទាំងអស់​ក្នុងការ​ពិនិត្យមើល​ឡើងវិញ ពី​កម្រិត​មហិច្ឆតា​របស់​ពួកគេ ធៀប​នឹង​ចំណុច​ដៅ ១,៥ °C ក៏ដូចជា​ព​ន្លឿ​ន​ល្បឿន​ការអនុវត្ត​សកម្មភាព​រួមគ្នា​។
​ ​
​លទ្ធផល​ដ៏​សំខាន់​មួយទៀត សម្រាប់​សហគមន៍​អន្តរជាតិ​នៅ​ឆ្នាំនេះ គឺ​ការអនុម័ត​លើ​កម្មវិធី ការងារ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស (​សៀវភៅ​វិធាន​-Rulebook) ដែល​រៀបរាប់​លម្អិត​ពី​វិធាន សម្រាប់​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​។ ការអនុម័ត​វិធាន​ថ្មីៗ​ទាំងនេះ​ក្នុង​សន្និសីទ​អាកាសធាតុ​របស់ អង្គការសហប្រជាជាតិ (COP24) ដែល​នឹង​ត្រូវធ្វើ​នៅ​ខែធ្នូ ក្នុង​ទីក្រុង Katowice ប្រទេស​ប៉ូឡូញ មាន​សារៈសំខាន់​យ៉ាងខ្លាំង ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​យើងទាំងអស់គ្នា​អាចធ្វើ​ការ តាមដាន និង​បង្ហាញ​ពី​វឌ្ឍនភាព​ដែល​សម្រេចបាន​នៅ​ជុំវិញ​ពិភពលោក និង​ផ្តល់ឱ្យ​គ្រប់ ភាគី​ទាំងអស់ ទាំង​ប្រទេស​អភិវឌ្ឍ និង​ប្រទេស​កំពុង​អភិវឌ្ឍ​នូវ​ក្របខ័ណ្ឌ​ដើម្បី​សម្រេច​ចក្ខុវិស័យ រួមគ្នា​រៀប​យើង​។
​ ​
​នៅ​អឺរ៉ុប​សហភាព​អឺរ៉ុប​មាន​ភាពជឿនលឿន​ក្នុងការ​ដាក់ឱ្យអនុវត្ត​នូវ​ក្របខ័ណ្ឌគតិយុត្តិ​ក្នុង ប្រទេស ដើម្បី​សម្រេច​ចំណុច​ដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុងប្រទេស​យ៉ាងហោច ណាស់ ៤០% ត្រឹម​ឆ្នាំ ២០៣០ ធៀប​នឹង​កម្រិត​កាលពី​ឆ្នាំ ១៩៩០​។ សកម្មភាព​ទាំងនេះ មានដូចជា ការកែសម្រួល​ប្រព័ន្ធ​ពាណិជ្ជកម្ម​ការ​បំ​ភាយ​ឧស្ម័ន​របស់​សហភាព​អឺរ៉ុប សម្រាប់​ក្រោយ​ឆ្នាំ ២០២០ និង​ការបញ្ចូល​ការប្រើប្រាស់​ដីធ្លី​ទៅក្នុង​ច្បាប់​ស្តីពី​អាកាសធាតុ របស់​យើង​។ ការ​គណនា​បឋម បង្ហាញថា ជាមួយនឹង​ការអនុវត្ត​យ៉ាង​ពេញលេញ​នូវ​ច្បាប់ ដែល​បាន​ព្រមព្រៀងគ្នា​ទាំងនេះ ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​នឹងមាន​កម្រិត​ខ្ពស់ជាង ៤០% បន្តិច​។ ស្របពេល​ពេល​ជាមួយគ្នានេះដែរ យើង​កំពុង​សម្លឹង​ទៅមុខ​ហួស​ពី​ឆ្នាំ ២០៣០​។ គណៈកម្មការ​អឺរ៉ុប​កំពុង​រៀបចំ​សំណើ​យុទ្ធសាស្ត្រ​មួយ​ស្តីពី​ការកាត់បន្ថយ​ការ​បំ​ភាយ ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​វែង​។ គណៈកម្មការ​នេះ​នឹង​រៀបចំ​សំណើ​នេះ ឱ្យបាន​រួចរាល់​នៅមុន​កិច្ចប្រជុំ COP24​ដើម្បី​ផ្តល់​មូលដ្ឋាន​រឹងមាំ​សម្រាប់​ការជជែក​វែក​ញ៉ែ​ក​ក្នុង សហភាព​អឺរ៉ុប​ទាំងមូល​។
​ ​
​ក្នុងពេល​ជាមួយគ្នានេះដែរ យើង​កំពុង​ព​ន្លឿ​ន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ផ្តល់​ការគាំទ្រ ដល់​ដៃគូ​នានា​នៅ​ខាងក្រៅ​សហភាព​អឺរ៉ុប តាមរយៈ​កិច្ច​ពិគ្រោះ​យោបល់​កម្រិត​នយោបាយ គម្រោង​កសាង​សមត្ថភាព និង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​។ កាលពី​ឆ្នាំ ២០១៦​សហភាព​អឺរ៉ុប រដ្ឋ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប និង​ធនាគារ​វិនិយោគ​អឺរ៉ុប រួមចំណែក​ថវិកា ២០,២​ពាន់​លាន​អឺរ៉ូ សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​អាកាសធាតុ សាធារណៈ​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​។ តួលេខ​នេះ ស្មើនឹង​ការកើនឡើង ១៥% ធៀប​នឹង​ឆ្នាំមុន និង​ស្មើ​ប្រមាណ​ពាក់កណ្តាល​នៃ​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អាកាសធាតុ​សាធារណៈ​សកល​។ សហភាព​អឺរ៉ុប នៅ​បន្ត​ប្តេជ្ញា​សម្រេច​គោលដៅ​រួម ដើម្បី​គៀងគរ​ថវិកា​ឱ្យបាន ១០០ ពាន់​លាន ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​អាកាសធាតុ នានា​ត្រឹម​ឆ្នាំ ២០២០ តាមរយៈ​ការប្រមូល​វិភាគទាន​ពី​ប្រភព​ផ្សេងៗ​ដើម្បី​គាំទ្រ​ដល់​សកម្មភាព ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​នានា​។
​ ​
​នៅ​ប្រទេស​កម្ពុជា សហភាព​អឺរ៉ុប​កំពុង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​ឆ្លើយតប​ចំពោះ​ការ​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការផ្តល់​ថវិកា​ដល់​សម្ព័ន្ធ​ប្រែប្រួល អាកាសធាតុ​កម្ពុជា​។ សម្ព័ន្ធ​នេះ​ជួយ​ដល់​ក្រសួង​នានា​ក្នុងការ​កែសម្រួល​សកម្ម​ភាព និង​រៀបចំ​ផែនការ​ឆ្លើយតប​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​។ សម្ព័ន្ធ​នេះ​ជួយ​ឱ្យ​ការវិនិយោគ​រដ្ឋ និង​ឯកជន ដើរ​ឆ្ពោះទៅរក​ទិសដៅ​ដែល ផ្តល់​ផល​ល្អ​ចំពោះ​បរិស្ថាន និង​គាំទ្រ​ដល់​សហគមន៍ មូលដ្ឋាន​ក្នុងការ​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាស ធាតុ​។ សហភាព​អឺរ៉ុប​ក៏​គាំទ្រ​ដល់​ការអភិរក្ស និង​ការប្រើប្រាស់​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព ដែលមាន តួនាទី​ដ៏​សំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការ​ស្រូបយក​ឧស្ម័ន​កាបូ​និ​ច​ដ៏​មាន​គ្រោះថ្នាក់ ពី​បរិយាកាស និង​គ្រប់គ្រង​ស្ថានភាព​បរិស្ថាន​នៅតាម​មូលដ្ឋាន​។

​ការផលិត​ថាមពល​ចេញពី​ប្រភព​ថាមពល​កកើត​ឡើងវិញ ដែល​មិន​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន ដូចជា ថាមពល​ពន្លឺព្រះអាទិត្យ​ជាដើម​គឺជា​គន្លឹះ​ដើម្បី​ធានាថា​កំណើន សេដ្ឋកិច្ច​នឹងមិន​បង្ក​ផល ប៉ះពាល់​ដល់​ស្ថិរភាព​បរិស្ថាន​ឡើយ​។ ក្នុងពេល​ជាមួយគ្នា​ថ្លៃដើម​សម្រាប់​ផលិត​ថាមពល​ពន្លឺ ព្រះអាទិត្យ​ថយចុះ​យ៉ាងច្រើន ដូច្នេះ​គេ​ចាំបាច់​ត្រូវ​ទាញ​ប្រយោជន៍​ឱ្យបាន​ពេញលេញ​ពី​សក្តានុពល ដ៏​ធំធេង​របស់​ថាមពល​ពន្លឺព្រះអាទិត្យ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង ប្រទេស​កម្ពុជា​។ សហភាព​អឺរ៉ុប​គាំទ្រ​ដល់ ការប្រើប្រាស់​និង​ការ​ចែកចាយ​បច្ចេកវិទ្យា​ថាមពល ពន្លឺព្រះអាទិត្យ នៅ​កម្ពុជា​។ ថាមពល​ពន្លឺព្រះអាទិត្យ​គឺជា​ជម្រើស​ដ៏​មាន​ប្រសិទ្ធភាព​ជំនួស​ឱ្យ បច្ចេកវិទ្យា​ដែល​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន ដូចជា​ថាមពល​ដែល​ផលិត​ចេញពី​ទំនប់ វា​រី​អគ្គិសនី និង​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ខ្នាត​ធំ​ជាដើម​។

​ខណៈពេលដែល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដាក់ចេញ​ទិសដៅ​សម្រាប់​ការធ្វើដំណើរ​របស់​យើង យើង​ទើបតែ​ចាប់ផ្តើម​ចេញដំណើរ​ប៉ុណ្ណោះ​។ នៅក្នុង​ខែ និង​ឆ្នាំ​ខាងមុខនេះ​ប្រទេស​ទាំងអស់ ចាំបាច់​ត្រូវបង្កើត​នូ​វរិ​យា​កាស​អំណោយផល ដើម្បីឱ្យ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នេះ​បន្ត​មាន​ទៀត​។ កំណើន​ដែល​បំ​ភាយ​ឧស្ម័ន​ទាប និង​ធន់​ចំពោះ​អាកាសធាតុ គឺជា​កំណើន​ដែល​អាច​សម្រេចបាន សម្រាប់​ប្រទេស​ទាំងអស់ មិន​ថា​នៅ​កម្រិត​ចំណូល​ណា​នោះឡើយ និង​អាច​ផ្តល់នូវ​អត្ថប្រយោជន៍ ជាក់ស្តែង​ជាច្រើន​ដល់​ប្រជាពលរដ្ឋ សេដ្ឋកិច្ច និង​បរិស្ថាន​របស់​ប្រទេស​ទាំងនោះ​។ សហភាព អឺរ៉ុប​ប្តេជ្ញា​ធ្វើ​ការងារ​ជាមួយ​កម្ពុជា ក៏ដូចជា​ដៃគូ​នានា ដើម្បី​បន្តដំណើរ​ផ្លូវ​នេះ​ជាមួយគ្នា​៕ ដោយ​: លោក ច​ច អេ​ដ​ហ្គា​រ ឯកអគ្គរាជទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​

​រូបថត​: លោក ច​ច អេ​ដ​ហ្គា​រ​( George EDGAR) ឯកអគ្គរាជទូត​សហភាព​អឺរ៉ុប​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា​

ទីតាំងផ្សាយពាណិជ្ជកម្ម