មេធាវី​ការពារ​សិទ្ធិមនុស្ស​លោកស្រី អា​ម៉ា​ល់ គ្លូ​នី អំពាវនាវ​ឱ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី លើកលែងទោស​ដល់​អ្នក​កាសែត​រ៉​យ​ទ័​រទាំង​២​រូប​

1296
ចែករម្លែក

​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​កញ្ញា មេធាវី​ការពារ​សិទ្ធិមនុស្ស​លោកស្រី អា​ម៉ា​ល់ គ្លូ​នី (Amal Clooney) ដែល​តំណាងឱ្យ​អ្នកកាសែត​ទាំង​២​រូប​មកពី​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ ដែល​ត្រូវ​តុលាការ​កាត់ទោស​ឱ្យធ្វើ​ការងារ​ធ្ងន់ធ្ងរ​បន្ទាប់ពី​ពួកគេ​បាន​លាតត្រដាង​ការសម្លាប់​រង្គាល​របស់​ពួកយោធា​នោះ បាន​ជំរុញ​ឱ្យ​មេដឹកនាំ​មី​យ៉ាន់​ម៉ា​និង​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​លោកស្រី អ៊ុង​សាន ស៊ូ​ជី លើកលែងទោស​ដល់​អ្នក​យក​ព័ត៌មាន​ទាំង​២​ភ្លាម និង នាំមក​នូវ​យុត្តិធម៌​ដល់​ពួកគេ​វិញ​។​

​លោកស្រី​គ្លូ​នី ដែល​ឡើង​និយាយ​នៅក្នុង​ព្រឹត្តិការណ៍​សេរីភាព​សារព័ត៌មាន​នៅឯ​អង្គការសហប្រជាជាតិ បាន​ស្វះស្វែង​ផ្សាភ្ជាប់​អតីត​ឋានៈ​ជា​និមិត្តរូប​របស់លោក​ស្រី​ស៊ូ​ជី​ក្នុងនាម​ជា​អ្នកការពារ​សិ​ទិ្ធ​មនុស្ស​ទៅនឹង​ការស្នើសុំ​ឱ្យមាន​ការដោះលែង​លោក​ក្យ៉ា សូ​អ៊ូ អាយុ ២៨ ឆ្នាំ និង លោក វ៉ា ឡូ​ន អាយុ ៣២ ឆ្នាំ​។​

​លោកស្រី​គ្លូ​នី​បាន​និយាយថា​អ្នកយកព័ត៌មាន​ទាំង​២​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ការប៉ុនប៉ង​រប​ស់មី​យ៉ាន់​ម៉ា​ដើម្បី​រារាំង​រ៉​យ​ទ័​រ​កុំឱ្យ​ចេញផ្សាយ​រឿង​មួយ​ស្តីពី​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ពី​សំណាក់​យោធា​មី​យ៉ាន់​ម៉ា​ទៅលើ​បុរស​និង​ក្មេងប្រុស​រ៉ូ​ហ៊ីង​យ៉ា ១០ នាក់​។ លោកស្រី​បាន​កត់សម្គាល់ថា លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​ធ្លាប់ “​បានអនុញ្ញាត​ឱ្យ​យុវជន​មាន​ក្តីសង្ឃឹម​ដើម្បីឱ្យ​មី​យ៉ាន់​ម៉ា​មាន​សេរីភាព និង​គោរព​នីតិរដ្ឋ​”​។​

​លោកស្រី​គ្លូ​នី​និយាយ​សំដៅទៅ​លោកស្រី​ស៊ូ​ជី​ថា “​លោកស្រី​បានដឹងថា​ការសម្លាប់​រង្គាល​មិនមែនជា​ការសម្ងាត់​រប​ស់​រដ្ឋ​ទេ ហើយ​ការ​លាតត្រដាង​រឿងនេះ​ក៏​មិនអាច​ប្រែក្លាយ​អ្នកកាសែត​ទៅជា​ចារកម្ម​នោះដែរ​។ លោកស្រី​បាន​និយាយថា​អ្នកទោសនយោបាយ​ម្នាក់​គឺ​ហាក់ដូចជា​ច្រើនពេក​ណាស់ ហើយ​ដូច្នេះ​យើង​សង្ឃឹមថា​ដោយសារ​ទាំងនេះ​គឺជា​គោលការណ៍​ដែល​លោកស្រី​បាន​ប្រកាន់ខ្ជាប់​នោះ លោកស្រី​នឹង​អើពើ​និង​ព្យាយាម​កែតម្រូវ​ភាពអយុត្តិធម៌​ក្នុងករណីនេះ​”៕ ដោយ៖ កញ្ញាដាលីស

មេធាវី​ការពារ​សិទ្ធិមនុស្ស​លោកស្រី អា​ម៉ា​ល់ គ្លូ​នី (​អាវ​ក្រហម​) កំពុង​ឆ្លើយ​សំណួរ​នៅ​មហាសន្និបាត​អ​.​ស​.​ប​កាលពី​ថ្ងៃ​សុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម