រញ្ជួយ​ដី​និង​ស៊ូ​ណា​មី សម្លាប់​មនុស្ស​៣០​នាក់​នៅ​កោះ​ស៊ូ​ឡា​វេ​ស៊ី​របស់​ឥណ្ឌូនេស៊ី​

3187
ចែករម្លែក

មនុស្សយ៉ាងតិច៣០នាក់ត្រូវបានសម្លាប់នៅពេលរញ្ជួយដីខ្លាំងមួយនិងរលកសមុទ្រស៊ូណាមីបានវាយប្រហារទីក្រុងប៉ាលូលើកោះស៊ូឡាវេស៊ីរបស់ឥណ្ឌូនេស៊ីកាលពីល្ងាចថ្ងៃសុក្រ នេះបើតាមការបញ្ជាក់ពីមន្ទីរពេទ្យនិងទូរទស្សន៍កាលពីថ្ងៃសៅរិ៍ទី២៩កញ្ញា។

រលកស៊ូណាមីមួយកំពស់២ម៉ែត្របានវាយប្រហារភូមិតាមឆ្នេរក្រុងប៉ាលូនៅពេលព្រលប់ថ្ងៃសុក្រក្រោយពីតំបន់នេះរងការរញ្ជួយដីកំលាំង៧,៥រិច្ឆទ័រ។រូបវីដេអូមួយ បង្ហាញជញ្ជាំងទឹកសមុទ្រសស្ងាចធ្វើដំណើរមកកាន់ច្រាំងនិងបានវាយប្រហារផ្ទះតាមឆ្នេរក្រុងប៉ាលូ និងជន់លិចព្រះវិហារមួយក្នុងក្រុង។

អ្នកនាំពាក្យទីភ្នាក់ងារបង្ការគ្រោះមហន្តរាយជាតិ បាននិយាយថា”សាកសពជនរងគ្រោះត្រូវបានប្រទះឃើញនៅជាច្រើនកន្លែង ដោយសារពួកគេត្រូវអាគារបាក់សង្កត់ឬត្រូវទឹកសមុទ្រវាយប្រហារ…តែយើងនៅប្រមូលព័ត៌មាននៅឡើយ”។

វេជ្ជបណ្ឌិតម្នាក់បានប្រាប់ទូរទស្សន៍Metro TVថា មនុស្ស៣០នាក់បានស្លាប់ និងសាកសពរបស់គេត្រូវបាននាំមកកាន់មន្ទីរពេទ្យ ហើយអ្នករបួស១២នាក់ត្រូវទទួលការវះកាត់។

មុននេះក្នុងថ្ងៃដដែល ក្រុងប៉ាលូ បានរងការរញ្ជួយដីស្រាលជាងមួយ ដោយបានបំផ្លាញផ្ទះជាច្រើននិងសម្លាប់មនុស្សម្នាក់ ហើយបណ្តាលអោយរបួសជាង១០នាក់។

រញ្ជួយដីក៏បាននាំអោយដាច់ចរន្តអគ្គិសនីនៅក្រុងប៉ាលូ។នៅថ្ងៃសៅរិ៍អាជ្ញាធរនៅពិបាកធ្វើការងារជួយសង្រ្គោះដោយសារដាច់ចរន្តអគ្គិសនីនិងការទាក់ទងនៅជុំវិញក្រុងខណៈតំបន់នេះជួបការរញ្ជួយតាមក្រោយតិចៗជាច្រើន៕ដោយ:វាសនា

ភូមិតាមឆ្នេរក្រុងប៉ាលូ ត្រូវបំផ្លាញរប៉ាត់រប៉ាយដោយរលកស៊ូណាមី

រថយន្តត្រូវទឹកសមុទ្រនាំចូលក្រោមអាគារបាក់ដោយរញ្ជួយដី

អ្នកជួយសង្រ្គោះសែងសាកសពមនុស្សចេញពីគំនរគាអារបាក់និងសពមនុស្សនៅលើផ្លូវនៃក្រុងប៉ាលូកាលពីព្រឹកថ្ងៃសៅរិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម