សម្តេច​តេ​ជោៈ​ប្រសិនបើ​អាម៉េរិក បើក​ទិដ្ឋាការ​ជូន​ដល់​មន្ត្រី​កម្ពុជា​ដូចដើម​ឡើងវិញ​នោះ​ការបន្ត​រុករក​អដ្ឋិធាតុ​ទាហាន​បាត់​ខ្លួន​អាម៉េរិក​នឹង​បន្ត​ឡើងវិញ

1241
ចែករម្លែក
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ចា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក អា​ឡេ​កសាន់​ឌ័​រ ហ្វេ​ល​មែន ប្រធាន និង​ជានា​យក​ប្រតិបត្តិ ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​(​រូបថត​ផេ​ក​សម្តេច​តេ​ជោ​)

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់ថា ប្រសិនបើ​សហរដ្ឋ​អាម៉េរិក បើក​ទិដ្ឋាការ​ជូន​ដល់​មន្ត្រី​កម្ពុជា​ដូចដើម​ឡើងវិញ​នោះ​ការបន្ត​រុករក​អដ្ឋិធាតុ​ទាហាន​បាត់​ខ្លួន​អាមេរិក​នឹង​បន្ត​ឡើងវិញ​ដូច​អ្វីដែល​យើង​ធ្លាប់បាន​អនុវត្ត​រួមគ្នា​កាលពី​ពេលមុន​។ នៅ ពេល​ខាងមុខ អ្វីដែល​សម្តេច​ចង់ឃើញ​នោះ​គឺ​ការទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​មាន​ភាព​កាន់តែ​ល្អប្រសើរ​ឡើង ពិសេស​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ដូច​អ្វីដែល​ផ្នែក​ធុ​កិច្ច​សហរដ្ឋ​អាម៉េរិក​ចង់បាន​ដែរនោះ​។​នេះ​បើ​យោង តាម​ប្រភព​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​ ​ប្រភព​ដដែល​សរសេរ​ថា​កាលពី​ព្រឹក​ថ្ងៃទី​២៨ កញ្ញា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ចា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក អា​ឡេ​កសាន់​ឌ័​រ ហ្វេ​ល​មែន (Alexander Feldman) ប្រធាន និង​ជានា​យក​ប្រតិបត្តិ ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ចា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក អា​ឡេ​កសាន់​ឌ័​រ ហ្វេ​ល​មែន ប្រធាន និង​ជានា​យក​ប្រតិបត្តិ ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​(​រូបថត​ផេ​ក​សម្តេច​តេ​ជោ​)

​ ​ប្រភព​បន្ថែមថា​តាមរយៈ​នៃ​ជំនួប​ពិភាក្សាគ្នា​នោះ​គឺ​លោក​អា​ឡេ​កសាន់​ឌ័​រ ហ្វេ​ល​មែន ចង់ឃើញ​សហរដ្ឋ​អាម៉េរិក និង​កម្ពុ​ជាមាន​ទំនាក់ទំនង​ក្នុង​ភាពល្អប្រសើរ​ឡើងវិញ ពិសេស​នៅពេលដែល​អាម៉េរិក​តែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា​នៅពេល​ខាងមុខ ដែលជា​ឧបការី​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​ដែលជា​អ្នកការទូត​មួយរូប​ដែល​យល់ច្បាស់​ពី​អាស៊ី​បូព៌ា​។​

​ផេ​ក​ដដែល​បន្តថា​រី​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​តប​វិញ​ថា​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​សហរដ្ឋ​អាម៉េរិក គឺ​រូប​សម្តេច​ផ្ទាល់​ជា​អ្នក​ខិតខំ​ជំរុញ​ការកសាង​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋ​អាម៉េរិក​។ គឺ​កម្ពុជា​ចង់​ធ្វើ​មិត្ត​ដ៏​ល្អ​ជាមួយ​សហរដ្ឋ​អាម៉េរិក​។ សម្តេច​បន្តថា នៅពេល​ខាងមុខ អ្វីដែល​សម្តេច​ចង់ឃើញ​នោះ​គឺ​ការទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​មាន​ភាព​កាន់តែ​ល្អប្រសើរ​ឡើង ពិសេស​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ដូច​អ្វីដែល​ផ្នែក​ធុ​កិច្ច​សហរដ្ឋ​អាម៉េរិក​ចង់បាន​ដែរនោះ​។​សម្តេច​តេ​ជោ​បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​សហរដ្ឋ​អាម៉េរិក​បើក​ទិដ្ឋាការ​ជូន​ដល់​មន្ត្រី​កម្ពុជា​ដូចដើម​ឡើងវិញ​នោះ ការបន្ត​រុករក​អដ្ឋិធាតុ​ទាហាន​បាត់​ខ្លួន​អាម៉េរិក​នឹង​បន្ត​ឡើងវិញ​ដូច​អ្វីដែល​ធ្លាប់បាន​អនុវត្ត​រួមគ្នា​កាលពី​ពេលមុន​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា សម្តេច​នឹង​បន្ត​ជួប​ជាមួយ​ប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាម៉េរិក​-​អាស៊ាន នៅពេលដែល​គណៈប្រតិភូ​អញ្ជើញ​ទៅកាន់​ប្រទេស​កម្ពុជា​។​

​ប្រភព​ដដែល​បន្តថា​ក្នុងឱកាស​នោះ​លោក Alexander Feldman បាន​សម្តែង​នូវ​ក្តីសប្បាយ​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅពេលនេះ​។ លោក​ស្នើសុំ​ឲ្យ​កម្ពុជា​បន្ត​នូវ​គោលនយោបាយ​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។ ដោយសារ​កម្ពុជា គឺជា​សមាជិក​របស់​អា​ស៊ាន គឺ​លោក​ចង់​ឲ្យ​កម្ពុជា​បន្ត​ការគាំទ្រ​នឹង​ជួយ​ជំរុញ​ការកសាង​សមត្ថភាព ពិសេស​ការបង្កើន​គុណភាព​នៃ​ការអប់រំ​ក្នុង​ក្របខណ្ឌ​អាស៊ាន​។ លោក​បាន​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​តែងតែ​គាំទ្រ​ដល់​បណ្តា​ក្រុមហ៊ុន​សហរដ្ឋ​អាម៉េរិក​ក្នុងការ​ទៅ​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​កន្លងមក​មានដូចជា​ក្រុមហ៊ុន​ហ្វ​ត​( Ford) និង​ក្រុមហ៊ុន កូ​កា កូ​ឡា​(Coca-Cola) ជាដើម​។ លោក​ប្រធាន​ក៏បាន​វាយតម្លៃ​ខ្ពស់ ផងដែរ​អំពី​កម្លាំង​និង​សមត្ថភាព​យុវជន​កម្ពុជា​នាពេល​បច្ចុប្បន្ន ដែល​កំពុងមាន​ការកើនឡើង​ស្របទៅនឹង​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​ឌីជីថល​។​លោក​រំពឹងថា សម្តេច​តេ​ជោ​នឹងមាន​ការចាប់អារម្មណ៍​ខ្ពស់​ទៅលើ​អនាគត​ដ៏​ល្អ​ជាមួយនឹង​ការប្រកួតប្រជែង​របស់​កម្ពុជា​។​

​ចំណែក​សម្តេច​តេ​ជោ បាន​ស្វាគមន៍​ព្រមទាំង​បានលើកឡើង​អំពី​កំណើន​សេដ្ឋកិច្ចកម្ពុជា​ដែល​នៅ​រក្សា​កំណើន សេដ្ឋកិច្ច​ក្នុង​អត្រា​ជាង​៧​ភាគរយ ដែល​កំណើនសេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១៨​នេះ​កម្ពុជា​នឹងមាន​កំណើន សេដ្ឋកិច្ច​ប្រមាណ​៧,២​ភាគរយ​។ សម្តេច​តេ​ជោ​ផ្ទាល់ គឺ​ចង់ឃើញ​គឺ​ការអនុវត្ត​រូបមន្ត​មួយ​បូក​មួយ​ពោលគឺ​បណ្តា​ក្រុមហ៊ុន​បរទេស​ដែល​កំពុង​វិនិយោគ​ក្នុងប្រទេស​អាស៊ាន ក្នុងនោះ​រួមទាំង​ក្រុមហ៊ុន​មកពី​សហរដ្ឋ​អាម៉េរិក​ផងដែរ​មាន លទ្ធភាព​អាច​ទៅ​បង្កើត​រោងចក្រ​នៅ​ប្រទេស​កម្ពុជា​។​ឧទាហរណ៍​ប្រទេស​ថៃ​បូក​មួយ​។​មានន័យថា​ក្រុមហ៊ុន​សហរដ្ឋ​អាម៉េរិក​ដែល​កំពុង​ប្រតិបត្តិការ​ក្នុងប្រទេស​ថៃ​ក៏​អាចមក​បើក​រោងចក្រ​ក្នុងប្រទេស​កម្ពុជា​បានដែរ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​២០១៥-២០២៥ របស់​ប្រទេស​កម្ពុជា គឺ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​បី​សំខាន់ៗ គឺ​ទី​១.​វិស័យ​កសិកម្ម​, ទី​២.​វិស័យ​ឧស្សាហកម្ម និង ទី​៣.​វិស័យ​សេវាកម្ម​។ សេដ្ឋកិច្ចកម្ពុជា​មានកា​រ​វិវត្តន៍​ដោយ​មិន​ពឹងផ្អែក​តែ​ទៅលើ​វិស័យ​ណាមួយ​នោះទេ​។ ពោលគឺ​ការរីកចម្រើន​លើ​ពហុ​វិស័យ​ក្នុង​ភាពរឹងមាំ ពិសេស​លើ​ផ្នែក​ឧស្សាហកម្ម​ដែលមាន​លក្ខណៈ​ទ្រង់ទ្រាយ​ជាស​កល ។​ពោលគឺ​ការផលិត​ក្នុងប្រទេស​កម្ពុជា រួច​ធ្វើការ​ចែកចាយ​ជាស​កល តាម​តម្រូវការ​នៃ​សេដ្ឋកិច្ចពិភព លោក​៕SRN