អ & អេ​ហ្វ អភិវឌ្ឍ​គម្រោង​ថ្មី អគារ​ស្នាក់នៅ​សម្រាប់​អភិជន​ជាន់ខ្ពស់ កម្ពស់ ១៧៤ ម៉ែត្រ ៥៧​ជាន់​

946
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: នៅ​ឆ្នាំ​២០១៨ អ & អេ​ហ្វ បាន​អភិវឌ្ឍ​គម្រោង​ថ្មី​មួយទៀត គឺ​គម្រោង អ & អេ​ហ្វ ហ័​រ​ហ្វ៊ូ ជា​គម្រោង​អគារ​ខ្ពស់ និង​ទាន់សម័យ​ជាងគេ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។​គម្រោង​ថ្មី​នេះ​គឺ អគារ​ស្នាក់នៅ​សម្រាប់​អភិជន​ជាន់ខ្ពស់ កម្ពស់ ១៧៤ ម៉ែត្រ និង​៥៧​ជាន់​។​

​កំពូល​តារាចម្រៀង​និង​ល្បីល្បាញ​បំផុត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កញ្ញា ឱក សុគន្ធ​កញ្ញា បាន​ក្លាយជា​អ្នកនាំពាក្យ​របស់​គម្រោង​ថ្មី​នេះ ហើយ​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ណាហ្គា​វើ​ល​១​។​

អ & អេ​ហ្វ អភិវឌ្ឍ​គម្រោង​ថ្មី អគារ​ស្នាក់នៅ​សម្រាប់​អភិជន​ជាន់ខ្ពស់ កម្ពស់ ១៧៤​ម៉ែត្រ ៥៧​ជាន់ និង​ចុះហត្ថលេខា​ជាមួយ​កញ្ញា​ឱក សុគន្ធ​កញ្ញា (​រូប សុផល​)

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ​លោក​ស៊ូ វិ​ន​ស៊ួ​យ​( XU WENSHUI )​អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន អ & អេ​ហ្វ ប្រ​ផឹ​ធី ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​៖​នៅ​ឆ្នាំ ២០១៨​បន្ទាប់ពី​ធ្វើការ​អភិវឌ្ឍន៍​គម្រោង​បុរី អ &​អេ​ហ្វ​ភ្នំពេញ ក្រុមហ៊ុន​ក៏បាន​បន្ត​អភិវឌ្ឍ​គម្រោង​អគារ​ស្នាក់នៅ​លំដាប់​កំពូល​មួយទៀត​គឺ​គម្រោង អ & អេ​ហ្វ ហ័​រ​ហ្វ៊ូ ដែលជា​គម្រោង​អភិវឌ្ឍ​ទីក្រុង​បែប​ថ្មី​មួយ ដែលមាន​កម្ពស់ ខ្ពស់​ជាងគេ​នៅ​ចំ​កណ្តាល​ទីក្រុង ជាមួយនឹង​របៀប​រស់​នៅ​ថ្មីស្រឡាង និង​បទពិសោធន៍​នៃ​ការ​ស្នាក់​នៅក្នុង​អគារ ដ៏​ទំនើប និង​ប្រណីត​លំដាប់ថ្នាក់​កំពូល ។​

​លោក បន្តថា​ចាប់តាំងពី​ឆ្នាំ ១៩៩៤​ដែល​ក្រុមហ៊ុន អ & អេ​ហ្វ ប្រ​ផឹ​ធី បាន​បង្កើតឡើង​នៅក្នុង​ទីក្រុង​គ័​រង​ចូ​វ ប្រទេស​ចិន​មក ក្រុមហ៊ុន​បាន​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ទីក្រុង និង​តំបន់​ចំនួន​៦៩ ទាំង​ក្នុងប្រទេស​ចិន និង​នៅក្រៅ​ប្រទេស តាមរយៈ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​បី​ធំៗ​គឺ​ចាក់ឫស​នៅក្នុង​ទីក្រុង​ស្នូល​របស់​ប្រទេស​ចិន​ចូលទៅក្នុង​ទីផ្សារ​ដែលមាន​សក្តានុពល​អភិវឌ្ឍ​របស់​ប្រទេស​ចិន និង​ជ្រើសរើស​គម្រោង​ល្អៗ​នៅក្រៅ​ប្រទេស​។​ចាប់តាំងពី​ឆ្នាំ ២០១៣​មក អ​&​អេ​ហ្វ ប្រ​ផឹ​ធី បាន​ចូលទៅក្នុង​ទីផ្សារ​ក្រៅប្រទេស​ជាច្រើន​ដូចជា ម៉ាឡេស៊ី អូស្ត្រាលី អង់គ្លេស និង​ប្រទេស​កម្ពុជា​។ សរុបមក ក្រុមហ៊ុន​បាន​អភិវឌ្ឍ​គម្រោង​ជាង​២២០ គម្រោង ទ្រព្យ​សរុប​របស់​ក្រុមហ៊ុន​មាន​ប្រហែល ២៩០ ពាន់​លាន​យ័ន​ចំណូល​លក់​ប្រចាំឆ្នាំ​លើសពី ៨០​ពាន់​លាន​យ័ន បាន​ផ្តល់នូវ​អគារ​ស្នាក់នៅ និង​សេវាកម្ម​ដ៏​ប្រណីត​ទៅឱ្យ​ប្រជាជន​ជាង ១០០ ម៉ឺន​នាក់ ទទួលបាន​កិត្តិនាម​ជា “​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ធំជាងគេ​ទាំង ១០ របស់​ប្រទេស​ចិន​” ក្នុង​រយៈពេល​៨ ឆ្នាំ​ជាប់ៗ​គ្នា​។​នៅក្នុង​លទ្ធផល​ដ៏​ជោគជ័យ​របស់​ក្រុមហ៊ុន អ & អេ​ហ្វ ប្រ​ផឹ​ធី បាន​បង្កប់​នូវ​សមត្ថភាព​ដ៏​ខ្លាំង​រឹងមាំ​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល​២៤ ឆ្នាំ​កន្លងមកនេះ​។ នៅ​ឆ្នាំ​២០១៧ អ & អេ​ហ្វ ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​អន្តរជាតិ​តាម​គោលនយោបាយ “​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​” និង​តាមរយៈ​សក្តានុពលភាព​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ បានជ្រើសរើស​យក​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ចំណុច​ស្នូល​ក្នុងការ​អភិវឌ្ឍន៍​តំបន់​អាស៊ីអាគ្នេយ៍ និង​ជា​ខ្លា​ថ្មី​ប្រចាំ​ទ្វីបអាស៊ី​។

​កញ្ញា ឱក សុគន្ធ​កញ្ញា អ្នកនាំពាក្យ​របស់​គម្រោង​នេះ បានឱ្យដឹងថា «​បានជា​សម្រេច​ក្លាយជា​តំណាង​របស់​ក្រុមហ៊ុន​អ & អេ​ហ្វ គឺ​ដោយសារ​ជា​ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​មួយ នៅក្នុង​សង្គម និង​យកចិត្តទុកដាក់​ចំពោះ​មនុស្សជាតិ ជា​ក្រុមហ៊ុន​អចលនទ្រព្យ​គំរូ​មួយ​ដែល​សាងសង់​យ៉ាង​ផ្ចិតផ្ចង់​និង​សុវត្ថិភាព​ជូន​អតិថិជន​»៕

ទីតាំងផ្សាយពាណិជ្ជកម្ម