ចំនួន​មនុស្ស​ស្លាប់​ដោយ​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី​កើន​ដល់​៨៣២​នាក់​

3788
ចែករម្លែក

ចំនួនមនុស្សស្លាប់ពីរញ្ជួយដីដ៏ខ្លាំងនិងរលកស៊ូណាមីនៅលើកោះស៊ូឡាវេស៊ី របស់ឥណ្ឌូនេស៊ី ពេលនេះកើនដល់៨៣២នាក់ នេះបើតាមសារព័ត៌មានរដ្ឋបានប្រកាសកាលពីថ្ងៃអាទិត្យ ខណៈពួកអ្នកជួយសង្រ្គោះខិតខំចូលទៅដល់តំបន់រងគ្រោះខ្លាំងៗហើយចំនួនជនរងគ្រោះត្រូវរំពឹងថានឹងកើនឡើងថែមទៀត។

ទីភ្នាក់ងារសារព័ត៌មានAntaraបានស្រង់សម្តីប្រធានទីភ្នាក់ងារគ្រោះមហន្តរាយជាតិ ដោយផ្តល់តួលេខស្លាប់នេះនៅក្រុងជាប់ឆ្នេរប៉ាលូ ខណៈអាជ្ញាធរព្រមានថាចំនួនមនុស្សស្លាប់នឹងកើនថែមទៀតនៅពេលព័ត៌មានពីតំបន់ដាច់ស្រយាលទើបចូលមកដល់។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារនេះ បានអោយដឹងទៀតថា មនុស្សប្រមាណ៥៤០នាក់បានរងរបួសធ្ងន់ និងបណ្តាមន្ទីរពេទ្យជោរជន់ដោយអ្នករបួស និងមួយចំនួនធំដេកព្យាបាលនៅកណ្តាលវាល។

ប្រធានាធិបតីឥណ្ឌូនេស៊ីបានបញ្ជាទៅទាហានអោយជួយការងារសង្រ្គោះនិងស្វែងរកជនរងគ្រោះព្រមទាំងរកសាកសព។យន្តហោះរដ្ឋាភិបាលមួយចំនួនបានដឹកគ្រឿងផ្គត់ផ្គង់ទៅកាន់អាកាសយានដ្ឋានធំនៃក្រុងប៉ាលូ។

សូមបញ្ជាក់ថា រញ្ជួយដីកំលាំង៧,៥រិច្ឆទ័រកាលពីល្ងាចថ្ងៃសុក្រ បានបំផ្លាំអាគារនិងផ្ទះជាច្រើន ហើយវាបង្កជារលកស៊ូណាមី វាយប្រហារទីក្រុងប៉ាលូនិងសហគមន៍តាមឆ្នេរនៅពេលបន្តិចក្រោយមក៕ដោយ៖វាសនា

រូបថតដោយដ្រូនបង្ហាញការខូចខាតបង្កឡើងដោយស៊ូណាមីនៅឆ្នេរក្រុងប៉ាលូ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ