ព្រួត​កាប់​ម្ចាស់​ដ​ទទឹង​កំពង់​ក្តារ​យក​ម៉ូតូ​អស់​មួយគ្រឿង​សង្ស័យ​រឿង​គំនុំ​

1229
ចែករម្លែក

(​កំពង់ឆ្នាំង​)៖​ម្ចាស់​ដ​ចម្លង​កំពង់​ក្តារ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​រងរបួស​ធ្ងន់​បន្ទា​ប់​ពី​ត្រូវបាន​ជនសង្ស័យ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង តាម​កាប់​ប្រហារ​ជនរងគ្រោះ​ក្នុងពេលដែល​ជនរងគ្រោះ​ត្រឡប់​ពី​កំពង់ចម្លង​ឡើងទៅ​ផ្ទះ​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ដក​សិទ្ធ ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​កាលពី​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧ ។​

​ជនរងគ្រោះ​ដែលជា​ម្ចាស់​ដរ មានឈ្មោះ សេក គង់ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រងរបួស​ត្រូវ​ដៃ​ទាំងសងខាង និង ក្បាល​។ ចំណែក​ម្នាក់ទៀត​ជា​ប្រពន្ធ ឈ្មោះ ញ៉ែម សា​វន អាយុ​៥៥​ឆ្នាំ​រងរបួស​ត្រូវចំ​ក្បាល​។​នៅក្នុង​មន្ទីរពេទ្យ​ជនរងគ្រោះ​បាន​ប្រាប់​អោយដឹងថា នៅ​មុនពេល​កើតហេតុ រូបគាត់​និង​ប្រពន្ធ បាន​ជិះ​ម៉ូតូ​សេ​១២៥ ឆ្នាំ​២០១៦ ឌុប​ប្រពន្ធ ពី​កំពង់ចម្លង​ដើម្បី​ទៅផ្ទះ​របស់ខ្លួន ។​

​នៅពេលដែល​ជិះ​ម៉ូតូឌុប​ប្រពន្ធ​បាន​ជាង​មួយ​គីឡូម៉ែត្រ ក៍​ស្រាប់​តែមាន​ម៉ូតូ​២​គ្រឿង មាន​គ្នា​ចំនួន​៤​នាក់ បាន​ជិះ​តាម​គាត់​ពីក្រោយ មក​អែប​ម៉ូតូ​របស់គាត់ រួច​ទាញ​ដាវ​កាប់​មកលើ​រូបគាត់​និង​ប្រពន្ធ​តែម្តង បណ្តាលអោយ​រូបគាត់​ទាំងពីរ​នាក់​ប្តីរ​ប្រពន្ធ​រងរបួស​ធ្ងន់​និង​ស្រាល​។​
​ពេលនោះ​រូបគាត់​ក៏​រត់​ចេញពី​ម៉ូតូ​បាន​ជាង​៥០​ម៉ែត្រ​ក៏​ដួលសន្លប់​ទៅ​។​ក្រោយពេល​កើតហេតុ ក្រុមគ្រួសារ​បាន​ដឹក​រូបគាត់​និង​ប្រពន្ធ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។​ចំណែក​ឯកជន​សង្ស័យ​បានគេច​ខ្លួន រីឯ​ម៉ូតូ​របស់គាត់​ក៍​ត្រូវ​បាត់​ផងដែរ ។
​ករណីនេះ​ត្រូវបាន​ជនរងគ្រោះ​បញ្ជាក់ថា ជា​ករណី​គំនុំ ព្រោះថា​កន្លងមក​ក្រុម​ជនសង្ស័យ​ក៏​ធ្លាប់​បាញ់​គំរាម​កូនប្រុស​របស់គាត់​ដែរ ហើយ​កន្លងទៅ​ថ្មីៗ​នេះ ក្រុម​ជនសង្ស័យ​បាន​ប៉ះ​សម្តី​គ្នា ក្នុងពេលដែល​សា​ឡង់​ប៉ះគ្នា ទើប​បង្ករ​អោយមាន​ហេតុការណ៍​នេះ​កើតឡើង​តែម្តង ។​
​ចំពោះ​ជនសង្ស័យ​ដែល​កាប់​គាត់​និង​ប្រពន្ធ​នោះ បាន​ស្គាល់​អត្តសញ្ញាណ​អស់ហើយ ។​នៅពេលនេះ​លោក​បានដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​និង​កំពុងធ្វើការ​ស្រាវជ្រាវ​តាមរក​ជនសង្ស័យ ៕

ព្រួត​កាប់​ម្ចាស់​ដ​ទទឹង​កំពង់​ក្តារ​យក​ម៉ូតូ​អស់​មួយគ្រឿង​សង្ស័យ​រឿង​គំនុំ​(​រូប​៖​សន​សក្តា​)​