​ក្តីសង្ឃឹម​បានបញ្ចប់​បន្ទាប់ពី​យោធា​ខ្មែរក្រហម​ជម្លៀស​ខ្ញុំ​ចេញពីផ្ទះ​

1878
ចែករម្លែក

​ដោយ​: ធី ស្រី​ភ័ស និស្សិត​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​
​ភ្នំពេញៈ​ម៉ោង អាន់ មាន​អាយុ​៥៨​ឆ្នាំ កើត​នៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ​។ អាន់ មាន​បងប្អូន​បង្កើត​ទាំងអស់​ចំនួន​៤​នាក់ (​ស្លាប់​ម្នាក់​)​។ អាន់ គឺជា​កូន​ទីមួយ​នៅក្នុង​គ្រួសារ​។ នៅ​មុនពេល​ខ្មែរក្រហម​ឡើងកាន់​អំណាច អាន់ ត្រូវបានចាត់តាំង​ឲ្យ​ធ្វើ​ការងារ​ផ្សេងៗ ដូចជា លើកភ្លឺស្រែ ការជីក​ប្រឡាយ និង​បង្កបង្កើនផល​នៅក្នុង​ភូមិ​។ នៅពេលនោះ អាន់ មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ និង​ពុំមាន​ការបង្ខិតបង្ខំ​ឲ្យ​ធ្វើការ និង​ការគាបសង្កត់​ពី​សំណាក់​ក្រុមខ្មែរក្រហម​ឡើយ​។

​ដោយ​: ធី ស្រី​ភ័ស និស្សិត​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​

​នៅពេល​យោធា​ខ្មែរក្រហម​បានទទួល​ជ័យជម្នះ​ពី​កងទ័ព​សេនាប្រមុខ លន់ នល់ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ប្រជាជន​ក្នុងភូមិ​របស់ អាន់ សប្បាយរីករាយ​យ៉ាងខ្លាំង និង​សង្ឃឹម​យ៉ាងខ្លាំង​ថា សង្គ្រាម​បានបញ្ចប់​ហើយ ដូច្នេះ​ប្រទេសជាតិ​នឹង​ទទួលបាន​សុខសន្ដិភាព និង​ការរីកចម្រើន​មិន​ខាន​។ ផ្ទុយទៅវិញ ក្ដីសង្ឃឹម​របស់​ប្រជាជន​ទាំងនោះ​ត្រូវ​រលាយ​សាបសូន្យ​ទាំងស្រុង​។ រយៈពេល​បី​ម៉ោង​បន្ទាប់ពី​រំដោះ​បាន​ទីក្រុង​ភ្នំពេញ យោធា​ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន ចេញពី​ទីក្រុង និង​ទីប្រជុំជន​នានា​ឲ្យ​ទៅ​រស់នៅ​តំបន់​ដាច់ស្រយាល់ ដោយ​យក​លេស​ថា ខ្លាច​អាមេរិក​មក​ទម្លាក់​គ្រាប់បែក​។ ប្រជាជន​ដែល​រស់នៅក្នុង​ទីក្រុង​បាន​បង្ខំ​ចិ​ត្ដ​ចាក​ចេញពីផ្ទះ​សម្បែង​រប​ស់​ខ្លួន​ទាំង​សោកស្តាយ ដោយ​យកតែ​របស់របរ និង​គ្រឿង​ហូបចុក​បន្តិចបន្តួច​ប៉ុណ្ណោះ​ទៅតាម​ខ្លួន​។ អាន់ ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញពី​ភូមិ​រំចេក ឲ្យ​ទៅ​រស់នៅ​ភូមិ​សម្បូរ ឃុំ​សំពៅ​លូន ស្រុក​ក្រឡាញ់ ខេត្ដ​សៀមរាប​។ នៅពេលនោះ ខ្មែរក្រហម​បាន​ប្រមូល​សម្ភារ របស់របរ​ប្រើប្រាស់​និង​ទ្រព្យ​ស​ម្ប​តិ្ដ​របស់​ប្រជាជន​ទៅ​ដាក់​ជាស​ម្ប​តិ្ដ​រួម ឬ​ហៅថា “​សហករណ៍​”​។ សម្រាប់​ក្រុមគ្រួសារ​របស់ អាន់ ត្រូវ​ខ្មែរក្រហម​ប្រមូលយក​ទាំង​គោ ក្របី និង​សម្ភារ​មានតម្លៃ​មួយចំនួនទៀត​។​

​នៅតាម​ភូមិ ខ្មែរក្រហម​បាន​បង្កើតជា​សហករណ៍ និង​បាន​ចាត់តាំង​ប្រជាជន​ឲ្យ​លើក​ទំនប់ ជីក​ប្រឡាយ ទៅតាម​ផែនការ​ដែល​ថ្នាក់លើ​បាន​បែងចែក​។ អាន់ ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​ធ្វើការ​នៅក្នុង​កងចល័ត បន្ទាប់ពី​គាត់​ទៅដល់​ភូមិ​សម្បូរ​។ អង្គការ​បាន​ប្រើ អាន់ ឲ្យ​ធ្វើការ​ដោយ​គ្មាន​ពេល​សម្រាក​ឡើយ​។ អាន់ ត្រូវ​ក្រោក​ធ្វើការ​ចាប់ពី​ម៉ោង​៤​ភ្លឺ រហូតដល់​ម៉ោង ១២​ថ្ងៃត្រង់ ទើបបាន​ឈប់សម្រាក​ដើម្បី​ហូប​បបរ​។ នៅពេល​រសៀល អាន់ ចាប់ផ្តើម​ចូលធ្វើការ​ពី​ម៉ោង​២​រសៀល រហូតដល់​ម៉ោង​៥​ល្ងាច និង​ចាប់ផ្តើម​ធ្វើការ​ងារ​បន្ត​ពី​ម៉ោង​៦​ល្ងាច រហូតដល់​ម៉ោង ១១​យប់​ទើប​ឈប់សម្រាក​។ រៀងរាល់ថ្ងៃ អាន់ បាន​ខិតខំ​ធ្វើ​ការងារ​យ៉ាងខ្លាំង ប៉ុន្ដែ​គាត់​ពុំបាន​អាហារ​ហូបចុក​ឲ្យ​សម​ទៅនឹង​កម្លាំង​ពលកម្ម​ដែល​គាត់​បាន​បញ្ចេញ​ឡើយ​។ អាហារ​ដែល អាន់ បរិភោគ​រាល់ថ្ងៃ គឺមាន​តែ​បបរ​រាវៗ លាយ​ជាមួយ​គល់​ល្ហុង គល់​ចេក ត្រកួន និង​ព្រលិត​ប៉ុណ្ណោះ​។ នៅពេលនោះ​បបរ​សម្រាប់​មនុស្ស​៧០​នាក់ ខាង​ចុងភៅ​លាយ​អង្ករ​តែមួយ​កំប៉ុង​ឲ្យ​ហូប​ប៉ុណ្ណោះ​។ ផ្ទុយទៅវិញ​សម្រាប់​ទិន្នផល​ស្រូវ​ដែល​ប្រជាជន​ប្រមូលបាន ខ្មែរក្រហម​មិនបាន​យកមក​ផ្គត់ផ្គង់​តម្រូវការ​ហូបចុក​ប្រចាំថ្ងៃ​របស់​ប្រជាជន​ឡើយ​។ ដោយសារតែ​គ្មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ ទើប​ធ្វើ​ឲ្យ​កម្លាំង​របស់​ប្រជាជន​ចុះខ្សោយ រហូតដល់​ប្រជាជន​មួយចំនួន​បាន​ធ្លាក់ខ្លួន​ឈឺ និង​ពុំមាន​ថ្នាំពេទ្យ​សម្រាប់​ព្យាបាល​ឡើយ​។ ផ្ទុយទៅវិញ ខ្មែរក្រហម​បាន​យក​ថ្នាំ​អាចម៍​ទន្សា​យមក​ឲ្យ​អ្នកជំងឺ​លេប​ជំនួស​។ ទោះបីជា​ប្រជាជន​រស់នៅ​លំបាក និង​ឈឺ​ថ្កាត់​យ៉ាងណាក៏ដោយ ក៏​ខ្មែរក្រហម​នៅតែ​បង្ខិតបង្ខំ​ឲ្យ​អ្នក​ទាំងនោះ​ធ្វើ​ការងារ​ដដែល ដោយបាន​លើកយក​ពាក្យស្លោក ៖ “​គ្រុនញាក់ គ្រុន​ញ័រ គ្រុន​អាត្រា​ក់ទ័រ គ្រុន​ឡាន គ្រុន​បាយ​បាន គ្រុន​សតិអារម្មណ៍​” មក​គំរាម​ប្រជាជន​ទៀតផង​។ ជីវិត​របស់ អាន់ នៅពេលនោះ​ជួប​ការលំបាក​យ៉ាងខ្លាំង ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិ​ត្ដ​។
​ខ្មែរក្រហម​បានដាក់​ទណ្ឌកម្ម​យ៉ាង​ព្រៃផ្សៃ​ទៅលើ​ប្រជាជន​ដែល​ប្រ​ព្រឹ​ត្ដ​ល្មើស​នឹង​បញ្ជា​របស់​អង្គការ ព្រមទាំង​សម្លាប់​រង្គាល​ចំពោះ​ប្រជាជន​ណា​ដែល​ខ្លួន​សង្ស័យថា​ក្បត់​។ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ អាន់ បានទទួល​ការរៀនសូត្រ​បន្ដិចបន្ដួច​ប៉ុណ្ណោះ​។ ខ្មែរក្រហម​ឲ្យ​កុមារ​រៀន​ពី​ម៉ោង​៧​ព្រឹក រហូតដល់​ម៉ោង ១១​ថ្ងៃត្រង់ និង​រាល់ថ្ងៃ​ត្រូវ​រៀន​នៅក្រោម​ដើមឈើ​។​
បន្ទាប់ពី​ក្មេងៗ​ចេញពី​រៀន ខ្មែរក្រហម​បាន​ប្រើ​ក្មេងៗ​ទាំងនោះ​ឲ្យ​ទៅ​កាប់​ដើម​ទន្ទ្រានខែត្រ និង​ដើរ​រើស​អាចម៍គោ​យកមក​ធ្វើ​ជី​។ ចំណែក​ការរៀប​ការ នៅតាម​ភូមិ ឬ​តាម​សហករណ៍ ខ្មែរក្រហម​ជា​អ្នក​ផ្សំផ្គុំ​ឲ្យ​អ្នក​ទាំងនោះ​។ មានកូន​ក​ម្លោះ និង​កូនក្រមុំ​ខ្លះ​មិន​ពេញចិត្ដ​ដៃគូ​របស់ខ្លួន​ឡើយ ប៉ុន្តែ​ប្រើ​សិន​បើ​នរណាម្នាក់​ហ៊ាន​ប្រឆាំង​ទៅនឹង​ការសម្រេច​របស់​អង្គការ គឺ​ត្រូវ​ទទួលរង​ទារុណកម្ម ការឃុំ​ឃាំង និង​ការសម្លាប់​មិន​ខាន​។ ចំណែក​អតីត​កងទ័ព ឬ អ្នក​ដែល​ធ្លាប់​បម្រើ​ឲ្យ​របប លន់ នល់ គឺ​ខ្មែរក្រហម​សម្លាប់ចោល​ទាំងអស់ ដោយ​ខ្មែរក្រហម​បាន​ប្រើ​វិធីសាស្ដ្រ​បោក​បញ្ឆោត​ថា អង្គ​ការហៅ​ទៅ​រៀនសូត្រ​បន្ថែម និង​តែងតាំង​ឲ្យ​ធ្វើការ​ក្នុង​តំណែង​ដដែល​។​

​នៅក្នុង​ឆ្នាំ​១៩៧៩ កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​គាំទ្រ​ដោយ​វៀតណាម បាន​វាយ​ផ្តួលរំលំ​របប​ខ្មែរក្រហម និង​បានទទួល​ជ័យជម្នះ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ ដោយឡែក​តំបន់​ដែល អាន់ រស់នៅ មិនទាន់បាន​រំដោះ​ទេ​។ រហូតដល់​ឆ្នាំ​១៩៨៣ កង​យោធា​ខ្មែរក្រហម​បាន​វាយ​ចូលមក​តំបន់​អន្លង់វែង ដូច្នេះ​កងទ័ព​រណសិរ្ស និង​កងទ័ព​វៀតណាម​ក៏​ជម្លៀស​ប្រជាជន​ទៅ​នៅ​ស្រែ​ណូយ ក្នុង​ខេត្ដ​សៀមរាប​។ នៅពេលនោះ អាន់ បាន​ចូលធ្វើការ​ក្នុង​កង​ដឹកជញ្ជូន​ស្បៀង​យកទៅដាក់​នៅ​កុង​ប៊ិ​ញ (​បន្ទាយ​ទាហាន​) ឲ្យ​កងទ័ព​វៀតណាម​។​

​នៅ​ឆ្នាំ​១៩៨៤ អាន់ បាន​ចូលទៅ​ធ្វើជា​ទាហាន​ប៉ា​រ៉ា របស់​សម្ដេច សីហនុ នៅ​ជំរំ ក្នុង​ទឹកដី​ថៃ អស់​រយៈពេល​៧​ឆ្នាំ​។ នៅក្នុង​ឆ្នាំ​១៩៩១ អាន់ បាន​វិល​ត្រឡប់មក​រស់នៅក្នុង​ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប​វិញ​។ មកដល់​ឆ្នាំ​១៩៩៨ ទើប អាន់ បាន​វិល​ត្រឡប់មក​ស្រុកកំណើត​នៅ​ស្រុក​អន្លង់វែង រហូតមក​សព្វថ្ងៃ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម