ជិត​៥០​នាក់​រងរបួស​នៅពេល​ព្យុះ​វាយប្រហារ​ជប៉ុន​ខាងត្បូង​

947
ចែករម្លែក

​មនុស្ស​យ៉ាងតិច​៤៨​នាក់ រងរបួស​នៅ​តំបន់​អូ​គី​ណា​វ៉ា​និង​កា​ហ្គោ​ស៊ី​ម៉ា របស់​ជប៉ុន ខណៈ​ព្យុះ​ខ្លាំង​ឈ្មោះ ត្រា​មី បាន​វាយប្រហារ​ជប៉ុន​ខាងត្បូង នេះ​បើតាម​ការផ្សាយ​​របស់​សារព័ត៌មាន​ជប៉ុន​កាលពី​ថ្ងៃអាទិត្យ​។​

​មុននេះ របាយការណ៍​បាន​និយាយថា មនុស្ស​២២​នាក់​រងរបួស​ដោយសា​រ​ព្យុះ​។​

​មក​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ​ព្យុះ​ត្រា​មី បាន​ស្ថិតនៅ​ចម្ងាយ​៧០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ក្រុង​មី​យ៉ា​ហ្សា​គី នៅលើ​កោះ​គ្យូស៊ូ ជាមួយនឹង​ល្បឿន​ខ្យល់​ពី​៤៥​ទៅ​៦០​ម៉ែត្រ​ក្នុង​មួយ​​វិនាទី​។​

​យោងតាម​ការផ្សាយ​រប​ស់ទូរ​ទស្សន៍​NHK ក្រុមហ៊ុន​អាកាសចរណ៍​បាន​លុបចោល​ការហោះហើរ​ជាង​១.០០០​ជើង​នៅ​ថ្ងៃអាទិត្យ​ដោយសារ​ព្យុះ ដែល​បណ្តាលអោយ​ផ្ទះ​​ជាង​២​សែន​ដាច់​ចរន្តអគ្គិសនី​នៅ​អូ​គី​ណា​វ៉ា​និង មី​យ៉ា​ហ្សា​គី​។​

​ព្យុះ​នេះ​កំពុងធ្វើដំណើរ​ទៅ​ទិសឦសាន​ក្នុង​ល្បឿន​៤៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ត្រូវ​រំពឹងថា​នឹង​ឆ្លងកាត់​តំបន់​ខាងលិច កណ្តាល​និង​ខាងកើត​នៅ​ថ្ងៃអាទិត្យ​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម