តារា​សិល្បៈ​ជាច្រើន​ដួង នឹងចូលរួម​ពិធី​រៀបចំ «​ភ្ជុំ​គ្រួសារ​សិល្បៈ​ខ្មែរ​» នៅ​ថ្ងៃ​៣​តុលា ខាងមុខ​

1778
ចែករម្លែក
  • 107
    Shares

​ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: រដូវ​ភ្ជុំ ខិតជិត​មកដល់ ការធ្វើ​ពិធី​បែប​ប្រពៃណី ទំនៀមទម្លាប់​នៅតាម​ទី​វត្ត​អា​រ៉ា​ម ប្រព្រឹត្តទៅ​យ៉ាង​រលូន​ជាមួយនឹង​ការធ្វើ​បាយ​ម្ហូប​ទៅ​វត្ត​ដើម្បី ឧទ្ទិស​កុសល​ជូន​ដល់​បុព្វ​ការ​រី​ជន ដែល​បាន​ចែក​ឋាន​ទៅ​។ ទន្ទឹមនឹង​ពិធី​បែបនេះ អ្នក​ដែល​បាន​ចូលទៅ​ទី​វត្ត​អា​រ៉ា​ម តែងតែ​ប្រកាន់ខ្ជាប់​នូវ​សំពត់​ហូល ផាមួង អាវប៉ាក់​ពណ៌​ស ដែលជា​សំលៀកបំពាក់​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​ប្រពៃណី​ខ្មែរ​។

​នៅ​ថ្ងៃទី ៣ តុលា ខាងមុខនេះ ក្រុម​អ្នករៀបចំ​ពិធី «​ភ្ជុំ​គ្រួសារ​សិល្បៈ​ខ្មែរ​» ដើម្បី​បង្ហាញ​មហាជន​គ្រប់រូប នា​សម័យនេះ អោយមាន​ការយល់ឃើញ​ថា មិនមែន​សំលៀកបំពាក់ បែបណា ក៏​អាច​ទៅ​វត្ត​បាន​ដែល ពោលគឺ​លោក ចង់​បង្ហាញថា យើង​ជា​ខ្មែរ​គួរតែ​ស្លៀកពាក់​បែប​ប្រពៃណី សំពត់​ហូល អាវប៉ាក់ ដើម្បី​រក្សា​ទំនៀមទម្លាប់​មួយ​នេះ អោយបាន​ស្ថិតស្ថេរ​គង់វង្ស​។ មិនតែប៉ុណ្ណោះ ក៏មាន​ការចូលរួម​នូវ​ពិធី​បង្ហាញ នូវ​វិធី​វេច​ខ្ចប់​នំ ក​ណ្តំ ដែលមាន​អ្នកខ្លះ ស្ទើរតែ​បំភ្លេច ឬ របៀប​ធ្វើ​នំ​បាត់ទៅហើយ អីចឹង ទើប​លោក​សម្រេច​នឹង​ចងក្រង និង​រៀបចំឡើង​។

​លោក ប៉ានី វិ​រៈ​រិ​ទ្ធ ស្ថាបនិក​កម្មវិធី «​ភ្ជុំ​មហា​គ្រួសារ​សិល្បៈ​ខ្មែរ​» បាន​ថ្លែង​ប្រាប់ថា នៅ​ថ្ងៃទី​៣ ខែតុលា​ខាងមុខនេះ លោក​នឹង​ធ្វើអោយ​កម្មវិធី​តែង​ប្រែ​ត​អបអរ​បុណ្យ​ភ្ជុំ ទទួលបាន​ការជោគជ័យ​ជាង​កាលពី​លើក​ទី​១ ដោយ​លោក​បញ្ជាក់ថា ប្រសិនបើ​កម្មវិធី​មួយ​នេះ មិនសូវ​ទាក់ទាញ​អ្នកចូលរួម​ឲ្យ​បាន​កុះករ​តាម​គ្រោងទុក ក៏​លោក​នឹងធ្វើ​ឲ្យ​ជោគជ័យ​ដែរ​។ ការសម្រេច​បង្កើតឡើង​នូវ​កម្មវិធី​នៅក្នុង​ឆ្នាំនេះ លោក​ថា មិនមែន​ដើម្បី​ទាក់ទាញ​អោយមាន​ភ្ញៀវកិត្តិយស​មក​ចូលរួម​ទស្សនា​អោយ​ច្រើន​កុះករ​នោះទេ ដោយសារតែ​កម្មវិធីរ​បស់​លោក​គឺ​ផ្ដោតជាសំខាន់ លើ​ការផ្សាយ​ផ្ទាល់ ហើយ​ផ្សាយ​ផ្ទាល់​អោយបាន​ល្អ​ទាំង​ប្រព័ន្ធ​សំឡេង រូបភាព និង​ឈុត​ឆាក​លើ​ឆាក​ទៅវិញ ដើម្បីអោយ​មានការ​ចាប់​អារម្មណ៍​នៅលើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក និង​អ្នកទស្សនា​តាម​ផេ​ក​។

​លោក​ថា ខ្លួន​បានរៀបចំ​រៀបរយ​អស់ហើយ នូវ​ប្រព័ន្ធ​ភ្លើង ប្រព័ន្ធ​ផ្សាយ​បន្ត​ផ្ទាល់​លើ​ផេ​ក និង​ការរៀបចំ​ឆាក​ជាដើម ដោយ​ឆាក​ទាំងមូល គឺ​លោក​សម្រេច​ដេ​គ័​រ​អោយមាន​ទម្រង់​បែប​ខ្មែរ មានការ​រំលេច​នូវ​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ​នៅលើ​វេទិកា និង​ស្នើអោយ​អ្នកចូលរួម​ស្លៀកពាក់​បែប​ខ្មែរ​ចូលរួម​។ លោ​កថា​កម្មវិធី​នេះ ត្រូវ​បានរៀបចំ​ប្រព័ន្ធ​ផ្សាយ​ផ្ទាល់​លើ​ផេ​ក​ធំៗ​របស់​ក្រុមហ៊ុន​ជា​ដៃគូ ដែល​បាន​សហការ​ចូលគ្នា​ច្រើន​ផេ​ក​ទាំង​ព្រម ដោយ​ក្រៅពី​មានការ​ច្រៀង​រាំ​ពាក់ព័ន្ធ​នឹង​បទ​បុណ្យ​ភ្ជុំ ក៏មាន​ការសម្ដែង​ល្ខោនខោល និង​ដើរ​ម៉ូដ​ដោយផ្ទាល់​ពី​ក្រុម​សិល្បករ​សិល្បការិនី​លើ​ឆាក ក៏មាន​ការចាក់​បង្ហាញ​វីដេអូ​ឃ្លី​ប​បង្ហាញ​ពី​ប្រវត្តិ​បុណ្យ​ភ្ជុំ ពិធី​ពូន​ភ្នំខ្សាច់ របៀប​ធ្វើ​នំ​ខ្មែរ​ជាដើម​។ ក្នុងនោះ​កម្មវិធី​សំខាន់​គឺ​ការ​រំលេច​នូវ​តួអង្គ​ខ្មោច​ល្បីៗ​នៅក្នុង​រឿងនិទាន​ខ្មែរ ដើម្បីអោយ​ពេល​បន្ត​ផ្ទាល់​លើ​ផេ​ក​ជាច្រើន​ព្រម​គ្នា ទទួលបាន​ការចាប់អារម្មណ៍​។​

​នៅក្នុង​វេទិកា​សន្ន​សីទ​កាសែត​នា​ថ្ងៃនោះ ដៃគូ​ដែល​បានបង្ហាញ​ខ្លួន សុទ្ធតែ​បានបង្ហាញ​ពី​ការតាំង​ចិត្ត ធ្វើអោយ​កម្មវិធី​ទាំងមូល ទទួលបាន​ជោគជ័យ​។ យោងតាម​ការរៀបចំ កម្មវិធី​ទាំងមូល​នឹង​តម្រូវអោយ​អ្នកចូលរួម​ទាំងអស់ ស្លៀកពាក់​ជា​ប្រពៃណី​ខែ​ភ្ជុំ ហើយ​នៅលើ​វេទិកា​មានការ​ដើរ​ម៉ូដ​បង្ហាញ​ពី​សំលៀកបំពាក់​ទៅ​វត្ត​តាម​សម័យកាល បង្ហាញ​ពី​តួអង្គ​ប្រែ​ត​ល្បីៗ​របស់​ខ្មែរ ក្រៅពី​ចាក់​ឃ្លី​ប​បង្ហាញ​ពី​ប្រវត្តិ​ក្នុង​ជំនឿ​ខ្មែរ​ផ្សេងៗ​។ កម្មវិធី​ត្រូវបាន​ប្រកាសថា នឹង​ចាប់ផ្ដើម​ពី​ម៉ោង​៣​រសៀល​រហូតដល់​ម៉ោង​៨​យប់ ដោយ​ការផ្សាយ​ផ្ទាល់ នឹងត្រូវ​ធ្វើឡើង​ដូចគ្នា​នឹង​ប្រព័ន្ធ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ ហើយ​ផ្សាយ​ផ្ទាល់​ចម្រុះ​គ្នា​លើ​ផេ​ក​ច្រើន​ក្នុងពេល​តែមួយ ដើម្បី​អោយមាន​ការដឹង​ឮ​សុះសាយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម